ខេត្តត្បូងឃ្មុំ បើកវេទិកា សាធារណៈ ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ផ្តោតលើផលប៉ះពាល់ នៃគ្រឿងស្រវឹង

ត្បូងឃ្មុំ៖ នៅវិទ្យាល័យ ហ៊ុន សែន មេមេត់ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រារព្ធបើកវេទិកាសាធារណៈ ផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ផ្តោតលើផលប៉ះពាល់ នៃគ្រឿងស្រវឹង ដែលរៀបចំឡើង ដោយកាកបាទក្រហមកម្ពុជា និងអង្គការ សម្ព័ន្ធអន្តរជាតិទប់ស្កាត់ ផលប៉ះពាល់នៃគ្រឿងស្រវឹង (IARD) ដើម្បីបង្កើនសុវត្ថិភាពចរាចរណ៍ និងវប្បធម៌មិនបើកបរក្រោមឥទ្ធិពលស្រវឹង។

លោក លី ឡេង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ប្រចាំខេត្តត្បូងឃ្មុំ មានប្រសាសន៍ បើកវេទិកាសាធារណៈនា ឱកាសនោះថា៖ វេទិកាសាធារណៈនេះ មានគោលបំណង ផ្តល់ឲ្យសិស្សានុសិស្ស ក្រុមយុវជនកាកបាទក្រហម សាស្រ្តាចារ្យ និងប្រជាពលរដ្ឋ ទទួលបាននូវចំណេះដឹងអំពីឥទ្ធិពល និងផលប៉ះពាល់ នៃគ្រឿងស្រវឹងចំពោះការបើកបរ បានដឹងអំពីការបញ្ចៀសខ្លួនពីការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង បានដឹងពីបញ្ញត្តិខ្លះៗនៃច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការចាប់ ផ្តើមអនុវត្តការពិន័យតាមអនុក្រឹត្យលេខ ៨៥ ស្តីពីការពិន័យ អន្តរការណ៍ ចំពោះអំពើល្មើស នឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

លោក មាស ចាន់ឌី តំណាងអង្គការសម្ព័ន្ធអន្តរជាតិ ទប់ស្កាត់ផលប៉ះពាល់នៃគ្រឿងស្រវឹង បានឲ្យដឹងថា គ្រោះថ្នាក់ បណ្ដាលមកពីការ បើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងត្រូវបានរកឃើញថា ជាមូលហេតុចម្បងទីពីរ ដែលបង្កឲ្យមានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចណ៍នៅប្រទេសកម្ពុជា បន្ទាប់អំពីការបើកបរ លើសល្បឿនកំណត់។

លោក មាស ចាន់ឌី បញ្ជាក់ទៀតថា ការកែប្រែ និងបំបាត់ឥរិយាបថខុសឆ្គង លើការបើកបរក្រោមឲ្យទ្ធិពល នៃគ្រឿងស្រវឹង តាមយន្តការអប់រំ និងផ្សព្វផ្សាយដ៏ទូលំទូលាយ ព្រមជាមួយនឹងការដាក់គោលដៅ រឹតបន្តឹងច្បាប់ចរាចរណ៍ ជាប់លាប់ គឺជាភាពចាំបាច់។

សូមបញ្ជាក់ថា តាមរបាយការណ៍បឋម នៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នាឆ្នាំ២០១៤កន្លងមកនេះ មានជនរងគ្រោះស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ សរុបចំនួន២.២២៦នាក់ និងរងរបួសធ្ងន់ធ្ងរចំនួន៦.០០៥នាក់។ គ្រោះថ្នាក់បណ្ដាលមកពី ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង គឺមានអត្រាប្រមាណ១៧% ធៀបនឹងអត្រាស្លាប់សរុប ហើយវាជាមូលហេតុនាំមុខទីពីរ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់ស្លាប់បន្ទាប់ពីល្បឿន៕

ខេត្តត្បូងឃ្មុំ បើកវេទិកា សាធារណៈ ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍  ផ្តោតលើផលប៉ះពាល់ នៃគ្រឿងស្រវឹង

ខេត្តត្បូងឃ្មុំ បើកវេទិកា សាធារណៈ ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍  ផ្តោតលើផលប៉ះពាល់ នៃគ្រឿងស្រវឹង

ខេត្តត្បូងឃ្មុំ បើកវេទិកា សាធារណៈ ផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍  ផ្តោតលើផលប៉ះពាល់ នៃគ្រឿងស្រវឹង