ជំនួប​កំពូល​អាស៊ាន៖ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជា​បញ្ហា

បើទោះជាមានកិច្ចព្រមព្រៀងមួយ ត្រូវបានចុះហត្ថលេខាឡើងក៏ដោយ ប៉ុន្តែជំនួបកំពូលប្រចាំឆ្នាំ របស់​អាស៊ាន នៅ​ក្នុង​រដ្ឋធានី​កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ត្រូវបានកត់សម្គាល់ ដោយភាពតឹងតែងដោះស្រាយ​មិន​ចេញ ជុំវិញ​ជម្លោះ​ដែន​ទឹក នៅក្នុងសមុទ្រចិនខាងត្បូង។
ជំនួប​កំពូល​អាស៊ាន៖ ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ជា​បញ្ហា
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថ្លែងក្នុងជំនួបកំពូលអាស៊ាន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។ (រូបថតហ្វេសប៊ុក)

ជម្លោះដែនទឹក នៅក្នុងសមុទ្រចិនខាងត្បូង ដែលសម្បូរដោយប្រេងឆៅ បានកើតមានឡើង តាំងពីច្រើន​ឆ្នាំ​មក​ហើយ រវាងបណ្ដាប្រទេស ជាសមាជិករបស់អាស៊ាន (រួមមាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ) និងមហាយក្សចិន។ តែការប្រើយន្ដការអាស៊ាន មកដោះស្រាយបញ្ហានេះ មិនដែលទទួល​លទ្ធផល​អ្វី ជាដុំកំភួននោះឡើយ។ បញ្ហាសំខាន់នៅត្រង់ថា ប្រទេសដែលមិនមានជម្លោះ ដូចយ៉ាង កម្ពុជា ថៃ ឡាវ ភូមា និងសិង្ហបូរីជាដើម ត្រូវគិតពីផលប្រយោជន៍ របស់ផងខ្លួន ដែលខ្លួនមាន ជាមួយនឹងមហាយក្សចិន ហើយ​មិន​ចង់​ឲ្យអាស៊ាន យកប្រទេសខ្លួន ធ្វើជាចំណាប់ខ្មាំង ក្នុងការដោះស្រាយបញ្ហា។

ជម្លោះនេះ បានជំរុញឲ្យប្រទេស ជាសមាជិកអាស៊ាន ដែលជាប់ពាក់ព័ន្ធទាំងនោះ ព្យាយាមឲ្យសហរដ្ឋ​អាមេរិក​លូកដៃចូល។ ហើយអាមេរិកខ្លួនឯង ក៏ចង់លូកដៃចូលដែរ ដោយសារអាមេរិក មិនចង់ឲ្យមហាក្សចិន ចេះតែ​ពង្រីកឥទ្ធិពលរបស់ខ្លួន ជ្រុលហួសហេតុ នៅក្នុងតំបន់ និងបានមើលឃើញថា នៅក្នុងដែន​សមុទ្រ​ជម្លោះ​នោះ ជាផ្លូវនាវាចរណ៍យុទ្ធសាស្ត្រ ដ៏សំខាន់ និងមានភាពមហាញឹកជាងគេ នៅក្នុងពិភពលោក សម្រាប់​បម្រើឲ្យវិស័យពាណិជ្ជកម្ម។

ដូចនៅក្នុងជំនួបកំពូល ក្នុងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ នារដ្ឋធានីកូឡាឡំពួរ (ប្រទេសម៉ាឡេស៊ី) នេះជាដើម ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានយកបញ្ហានេះ មកថ្លែង ហើយបាន​អំពាវនាវ ឲ្យប្រទេសពាក់ព័ន្ធទាំងអស់ គោរពដល់សិទ្ធិសេរីភាព ក្នុងការធ្វើនាវាចរណ៍ សម្រាប់តំបន់​ទាំង​មូល។

ក្រមប្រតិបត្តិ...

ការលើកឡើង របស់ប្រធានាធិបតីអាមេរិកនេះ ត្រូវបានគេមើលឃើញថា ពិតជាចង់សំដៅ ទៅរករដ្ឋាភិបាល​ក្រុងប៉េកាំង ដែលម្ដងហើយម្ដងទៀត បានដាក់ពង្រាយកម្លាំងរបស់ខ្លួន នៅក្នុងតំបន់ដែនទឹកដែលប្រទាញ​ប្រទង់​នោះ។ លោក អូបាម៉ា បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំអបអរសាទរ ការផ្ដួចផ្ដើមគំនិតឡើងរបស់អាស៊ាន ដែលចង់បង្កើតឲ្យមាន​ក្រមប្រតិបត្តិដ៏ល្អមួយ នៅក្នុងសមុទ្រចិនខាងត្បូង។ ដើម្បីរក្សាឲ្យបាន នូវស្ថិរភាពក្នុង​តំបន់ ភាគីជម្លោះដែនសមុទ្រនីមួយៗ ត្រូវបញ្ចប់ការទាមទារ យកដែនទឹកទាំងនេះ មកកាន់កាប់ និងការដាក់​ពង្រាយ​យោធា នៅលើតំបន់ដែលកំពុងមានជម្លោះ។»

គួរបញ្ជាក់ដែរថា នៅក្នុងជំនួបកំពូលឆ្នាំនេះ កិច្ចព្រមព្រៀងដ៏សំខាន់មួយ (TPP)  ត្រូវបានចុះហត្ថលេខា រវាង​ក្រុម​មេដឹកនាំ។ នោះគឺជាសេចក្តីប្រកាស ក្នុងរដ្ឋធានីគូឡាឡាំពួ បង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ានមួយ ដែល​អនុញ្ញាត ឲ្យមានចលនាពាណិជ្ជកម្ម និងមូលធនដោយសេរីជាងមុន នៅក្នុងតំបន់មួយ ដែលមាន​ប្រជាជន ៦២៥លាននាក់ ហើយមានទិន្នផលសេដ្ឋកិច្ចសរុប ចំនួន២,៦លានលានដុល្លារ។ កិច្ចព្រមព្រៀងនេះ នឹង​ធ្វើ​ឲ្យ​មាន​ការខិតជិតរកគ្នា កាន់តែខ្លាំងឡើង រវាងប្រទេសទាំង១២ នៅក្នុងតំបន់អាស៊ី​ប៉ាស៊ីភិក និង​សហរដ្ឋ​អាមេរិក។

អធិបតេយ្យភាព

ប៉ុន្តែកិច្ចព្រមព្រៀងនេះ មិនទទួលបានការពេញចិត្តទាំងស្រុង នោះឡើយ។ ក្រុមអ្នកឃ្លាំមើលឯករាជ្យ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ជាច្រើន បានបរិហារពីកិច្ចព្រមព្រៀងនេះ ថានឹងអាចប៉ះពាល់ ដល់អធិបតេយ្យភាព នៃ​បណ្ដា​រដ្ឋហត្ថលេខី។ បាតុកម្មប្រឆាំង ទាក់ទងនឹងករណីនេះ ក៏ត្រូវបានរៀបចំធ្វើឡើងដែរ កាលពីថ្ងៃសៅរ៍ កណ្ដាល​រដ្ឋធានីកូឡាឡំពួរ ដើម្បី​ជំទាស់នឹងកិច្ចព្រមព្រៀង និងចាត់ទុកការចុះហត្ថលេខា របស់ក្រុមមេដឹកនាំ ថាជា​ការឃុបឃិត​គ្នាមួយ៕