ក្រុម​កម្ពុជា ប្រជែង​ជាមួយ​​ក្រុម​ចិន ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​រក​ឱកាស​ទៅ​វគ្គ​បន្ត

ក្រុម​បាល់​ទាត់​​ជម្រើសជាតិ​​កម្ពុជា នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​របស់​ចិន Yunnan នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្វែង​រក​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​​​ព្រឹត្តិការណ៍ 2015 Yunnan-ASEAN International Football Open Tournament។

mm2

ដោយ​ឈរ​នៅ​ពូល ​A ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បើក​ឆាក​ជាមួយ​នឹង​ការ​ប្រកួត​ដ៏​ល្អ​បំផុត តាម​រយៈ​ការ​​យក​ឈ្នះ​លើ​ក្រុម Baotau Nanjiao របស់​ចិន ៣-១ ខណៈ​ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម រក​បាន​ទាំង​ ៣ ​គ្រាប់​​តែ​ម្តង។

បន្ទាប់​មក​កម្ពុជា ​បាន​បន្តទៅ​​​បំបាក់​ក្រុម​ឡាវ Lao Champa រហូតដល់​ទៅ ២១-០ ដោយ​ ប្រាក់ មុន្នីឧត្តម​ រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​ដដែល​គឺ​៨​គ្រាប់​តែ​ម្នាក់​ឯង។

ប៉ុន្តែ​​ សម្រាប់​ការ​ប្រកួត​​លើក​ទី​ ៣ នៅ​​កីឡដ្ឋាន Mangshi Stadium ក្រុង Mangshi ខេត្ត​យូ​ណាន ប្រទេស​ចិន កាល​ពី​រសៀលថ្ងៃ​ចន្ទ កម្ពុជា បាន​ចាញ់​​ក្រុម​ខ្លាំង Hanoi T&T របស់​វៀតណាម​ ក្នុង​លទ្ធ​ផល ៣-១ ហើយ​ ១ ​គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ប្រាក់ មុន្នីឧត្តម ដដែល។

យោង​តាម​លទ្ធ​ផល​នៃ​ការ​ប្រកួត​នេះ Hanoi T&T មាន​ ​៩ ពិន្ទុ​ពេញ ដោយ​ឈ្នះ​ទាំង​៣​ប្រកួត ខណៈ​កម្ពុជា កម្ពុជា​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ មាន ​៦ ពិន្ទុ ឯ​ក្រុម Yunnan និង​ Baotau Nanjiao មាន ៤ ពិន្ទុ​ស្មើ​គ្នា ប៉ុន្តែ​ក្រុម Baotau Nanjiao បាន​បញ្ចប់​ការ​ប្រកួត​របស់​ខ្លួន​ហើយ ហេតុ​នេះ​ពួក​គេ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​នេះ​ដូច​ក្រុម Lao Champa ដែល​បាន​ចាញ់​ទាំង​ ៣ ​ប្រកួត​ជាប់ៗ​គ្នា​ដែរ។

ចំណែក​នៅ​ថ្ងៃព្រឹកថ្ងៃ​អង្គារនេះ ក្រុម​កម្ពុជា និង​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម Yunnan ខណៈ​ក្រុម Hanoi T&T ត្រូវ​​ប្រកួត​បង្រ្គប់​កិច្ច​ជាមួយ​ក្រុម​ Lao Champa នៅ​ម៉ោង ​៩ ​ដូច​គ្នា។

នៅ​ក្នុង​ការ​ប្រកួត​នេះ កម្ពុជា​ ហាក់​មិន​ប្រៀប​ជាង​ក្រុម​ម្ចាស់​ផ្ទះ Yunnan ព្រោះ​កម្ពុជា ត្រូវ​ការត្រឹម​ស្មើ ក៏​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ដែរ ប៉ុន្តែ Yunnan ត្រូវ​ការ​ឈ្នះ​លើ​កម្ពុជា ជា​ដាច់​ខាត ទើប​ទទួល​​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ជាមួយ​ក្រុម​ Hanoi T&T៕