លោកស្រី ផាក អំពាវនាវ ឲ្យប្រើកណ្តាប់ដៃដែក ទប់ទល់នឹងកូរ៉េ ខាងជើង

សេអ៊ូល ៖ លោកស្រីប្រធានាធិបតី កូរ៉េខាងត្បូង ផាក គុនហេ បានថ្លែង នៅថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា នេះ ដោយ អំពាវនាវ ឲ្យកងកម្លាំងយោធាទាំងអស់ បង្កើតនូវកណ្តាប់ដៃដែកការពារជាតិ ទប់ទល់នឹងប្រទេសកូរ៉េខាងជើង។

សារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយទៀតថា ការអះអាង របស់លោកស្រីផាកនេះ ធ្វើឡើងតាមរយៈវីដេអូ ដែលចេញផ្សាយជាសាធារណៈ ដើម្បីគម្រប់ខួបទី៥ឆ្នាំ ថ្ងៃដែលកូរ៉េខាងត្បូង ទទួលរងការវាយប្រហារ ដោយការ ផ្លោងគ្រាប់ របស់កូរ៉េខាងជើងលើកោះ យ៉ុនព្យុង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១០។

សាររបស់លោកស្រី ផាក មានដូច្នេះថា « កណ្តាប់ដៃដែក ការពារជាតិ គឺជាការបង្កើតឡើងថ្មី ក្នុងន័យការពារ សេរី ភាព និងសន្តិភាព និងជាការជំរុញឲ្យទំនាក់ទំនងដែលយើងចង់បាន ជាមួយកូរ៉េខាងជើង កើតឡើងផងដែរ»។ លោកស្រី ក៏បានអំពាវនាវផងដែរ ឲ្យយោធាត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការបង្កហេតុណាមួយ ពីសំណាក់ កូរ៉េខាងជើង ៕

លោកស្រី ផាក អំពាវនាវ ឲ្យប្រើកណ្តាប់ដៃដែក ទប់ទល់នឹងកូរ៉េ ខាងជើង