បារាំង នឹងវាយបកតាមដែនអាកាសប្រឆាំងពួកភេរវករ IS

ប៉ារីស៖ ប្រធានាធិបតីបារំាង លោកហ្វ្រង់ស័រ ហូឡង់ បានថ្លែងថា ប្រទេសរបស់លោក នឹងបើកការវាយប្រហារតាមដែនអាកាសប្រឆាំងនឹងពួក Islamic State (IS) នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ប៊ីប៊ីស៊ី (BBC) នៅថ្ងៃយប់ថ្ងៃចន្ទនេះ។

ថ្លែងនៅក្នុងទីក្រុងប៉ារីស បន្ទាប់ពីជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្រ្តីអង់គ្លេស ដេវីដ ខាំមើរូន លោក ហូឡង់ បានបញ្ជាក់ថា នាវាពិឃាតផ្ទុកយន្តហោះ Charles de Gaulle ក៏នឹងចូលរួមសកម្មភាពនេះផងដែរ។

មេដឹកនាំទាំងពីរ ក៏បានព្រមព្រៀងគ្នា បង្កើតកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិ រាប់បញ្ចូលទាំង ការចែករំលែកទិន្នន័យជើងហោះផងដែរ។

ចំណែក លោក ខាំមើរូន វិញក៏បានថ្លែងនៅក្នុងសន្និសីទកាសែតរួមនោះ ផងដែរថា “ខ្ញុំសូមសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពដែលត្រូវបានសម្រេចចិត្តដោយ លោកប្រធានាធិបតី ហូឡង់ ដើម្បីធ្វើការវាយប្រហារ តាមដែនអាកាស។ នេះគឺជាការជឿដ៏មុតមាំរបស់ខ្ញុំ ដែលយើងគួរតែធ្វើដូចគ្នាយ៉ាងដូច្នោះដែរ”៕