ជនជាតិ​អាមេរិកាំង​និយាយ​ភាសា​អារ៉ាប់​ពីរ​នាក់​ត្រូវ​ហាមឃាត់​ឡើង​ជិះ​យន្តហោះ​

​ពលរដ្ឋ​អាមេរិកាំង​ពីររូប​ដែលមាន​ដើមកំណើត​ជា​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ហាមឃាត់​ឡើង​ជិះ​យន្តហោះ ពី​ទីក្រុង Chicago ទៅកាន់​ទីក្រុង Philadelphie សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ បន្ទាប់ពី​មាន​អ្នកដំណើរ​ម្នាក់​បាន​ស្តាប់ឮ​ពួកគេ​ទាំងពីរ និយាយ​គ្នា​ជា​ភាសា​អារ៉ាប់​។ អ្នក​ទាំងពីរ​ត្រូវ​មន្ត្រីប៉ូលិស​សួរចម្លើយ មុននឹង​អនុញ្ញាត​ឲ្យ​ឡើងលើ​យន្តហោះ​។​

Maher Khalil និង Anas Ayyad ត្រូវ​បុគ្គលិក​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក Southwest Airlines សុំ​អភ័យទោស​ថា ពួកគេ​ទាំងពីរ​មិនអាច​ធ្វើដំណើរ​តាម​ជើងហោះហើរ​នេះ​បានទេ ព្រោះថា​អ្នកដំណើរ​ម្នាក់ទៀត​ភ័យខ្លាច​ចំពោះ​ការរួម​ដំណើរ​ជាមួយ​ពួកគេ ដែលមាន​ដើមកំណើត​មកពី​តំបន់​មជ្ឈិមបូព៌ា​។​

​រឿងហេតុ​ជាច្រើន​បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ចំពោះ​ការធ្វើដំណើរ​តាម​ជើងហោះហើរ​ក្នុងស្រុក​នៅ​សហរដ្ឋអាមេរិក​។ នៅ​ថ្ងៃ​ពុធ​ដដែល​នោះ អ្នកដំណើរ ៦ នាក់​ដែលមាន​ដើមកំណើត​មកពី​តំបន់​មជ្ឈិមបូព៌ា​នេះ បានទាមទារ​អង្គុយ​ជិតគ្នា ហើយ​បាន​សុំ​អ្នកដំណើរ​ជាច្រើន​ប្តូរ​កន្លែង​អង្គុយ​។ តែ​នៅ​ទីបំផុត ពួកគេ​ក៏ត្រូវ​ដាក់​ឲ្យ​ធ្វើដំណើរ​នៅ​ជើងហោះហើរ​បន្ទាប់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន Spirit Airlines ត្រូវ​បក​ក្រោយ​ពាក់កណ្តាល​ទី ដោយសារតែ​អ្នកដំណើរ​ម្នាក់​អះអាងថា បាន​ស្តាប់ឮ​ពាក្យ «​គ្រាប់បែក​» នៅក្នុង​ការសន្ទនា​រវាង​អ្នកដំណើរ​ពីរ​នាក់​ទៀត​ជា​ភាសា​អារ៉ាប់​។ នៅពេលដែល​យន្តហោះ​ចុះចត បុរស​ដើមកំណើត​អ៊ីស្រាអែល​ត្រូវ​ប៉ូលិស​ដាក់​ខ្នោះដៃ រួច​សួរចម្លើយ​រយៈពេល ៥ ម៉ោង​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​