ទោះ​លោក សម រង្ស៊ី ប្រឈម​ជាប់ពន្ធនាគារ តែ​គម្រោង​ទូរទស្សន៍​គ្មាន​ឧបសគ្គ​ឡើយ

​គិត​ត្រឹម​ថ្ងៃទី​២៣ វិច្ឆិកា​នេះ គណបក្ស​សង្គ្រោះ​ជាតិ ទទួលបាន​វិភាគទាន និង​ទុនវិនិយោគ​ពី​សប្បុរសជន​ជាង ៨០ ម៉ឺន​ដុល្លារ​អាមេរិក​ហើយ សម្រាប់​គម្រោង​ទូរទស្សន៍​ព្រះអាទិត្យ ក្រោយពី​គណបក្ស​ចាប់ផ្ដើម​ប្រមូល តាំងពី​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៥​មក​។ អនាគត​នៃ​ទូរទស្សន៍​នេះ ហាក់​នៅ​មិនទាន់​ច្បាស់ បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​។ តែ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ដំណើរការ​នៃ​ការបង្កើត​ទូរទស្សន៍​នេះ នៅតែ​បន្ត​ធម្មតា​។

​បើទោះបី​ពេលនេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី កំពុង​ប្រឈមមុខ​នឹង​ការចាប់ខ្លួន​ក៏ដោយ ក៏​គណបក្ស​នេះ នៅតែ​បន្តធ្វើ​សកម្មភាព ដើម្បី​បង្កើត​ទូរទស្សន៍​ព្រះអាទិត្យ​ថ្មី​របស់ខ្លួន​ដែរ​។​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​អះអាងថា ចំនួន​ទឹកប្រាក់​ជាង​៨០ ម៉ឺន​ដុល្លារ​ដែល​គណបក្ស​ប្រមូលបាន​នេះ គឺ​គណបក្ស​អាច​យកទៅ​ទិញ​ដី និង​អង់​តែ​ន​សម្រាប់​ទូរទស្សន៍​ថ្មី​នេះ​បាន​។ ប៉ុន្ដែ​លោក​ថា ពេលនេះ គណបក្ស​កំពុង​រង់ចាំ​ក្រសួង​ដែនដី នគរូបនីយកម្ម អនុញ្ញាត​ឲ្យ​អាជ្ញាប័ណ្ណ ដើម្បី​ទិញ​ដី និង​ដំឡើង​អង់​តែ​ន​ជាមុនសិន​។ «​យើង​ឃើញ​ទីតាំង​ចំនួន​៣​ដែល​ត្រូវ​រៀបចំ​ស្ថានីយ៍ទូរទស្សន៍ ហើយ​កំពុង​សម្រេច​ថា​តើ​ត្រូវ​ជ្រើសរើស​ទីតាំង​ណា ក្នុងនោះ​មាន តាខ្មៅ វាល​ស្បូវ និង​ព្រែក​ហូរ​។​ហើយ​យើង​នៅ​រង់ចាំតែ​ក្រ​សូង​ដែនដី​សម្រេច​ឲ្យ​សាងសង់​អង់​តែ​ន​តែប៉ុណ្ណោះ ដើម្បី​រៀបចំ​ស្ថា​នី​យ៏​ទូរទស្សន៍​»​។​នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ែម បុញ្ញឫទ្ធិ​។
ទោះ​លោក សម រង្ស៊ី ប្រឈម​ជាប់ពន្ធនាគារ តែ​គម្រោង​ទូរទស្សន៍​គ្មាន​ឧបសគ្គ​ឡើយ
​តែ​ចំពោះ​ពេលវេលា​ដែល​កំណត់ថា ទូរទស្សន៍​ព្រះអាទិត្យ​នឹង​ចេញ​ជា​រូបរាង​នៅ​ចុងឆ្នាំ​២០១៥​នោះ លោក យ៉ែម បុញ្ញឫទ្ធិ មិន​ហ៊ាន​សន្យា​នោះឡើយ​។​

​កន្លងមក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ទៀត​លោក យឹម សុវណ្ណ ធ្លាប់​បញ្ជាក់ថា ទូរទស្សន៍​គណបក្ស​ស​ង្គ្រោះ​ជាតិ ត្រូវការ​ថវិកា​ពីមួយ​លាន​កន្លះ ទៅ​៣ លាន​ដុល្លារ ដោយ​អាស្រ័យ​លើ​កំលាំង​នៃ​ការផ្សាយ ដូចជា​ផ្សាយ​នៅ​ភ្នំពេញ​ឬ​តាម​ខេត្ត និង​ការទិញ​ដី​ផង ដោយ​មិនចាំបាច់​កំណត់ថា​ទាល់តែ​៣​លាន​ដុល្លារ​នោះទេ​។

​តែ​ជុំវិញ​បញ្ហា​នេះដែរ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ពី​ភាពមិនប្រក្រតី​នៃ​មូលនិធិ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​បង្កើត​ទូរទស្សន៍​ថា មួល​និ​ធិ​នេះ យកទៅ​ទ្រទ្រង់​ចម្ការ​ម្រេច ពោលគឺ​លោក​ទំនង​ចង់​សំដៅលើ​លោក កឹម សុខា ដែលមាន​ចំការ​ម្រេច​នៅ​ខេត្តកំពង់ចាម​។​តែ​លោក យឹម សុវណ្ណ បដិសេធថា មិនមាន​ការចាយ​លុយ​នោះ​ដូច​ការចោទប្រកាន់​ទេ​។​

​អ្នកវិភាគ​នយោបាយ​លោក សូ ចន្ថា យល់ថា គម្រោង​បង្កើត​ទួ​រ​ទស្សន៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​ធនធាន​ថវិកា​អាច​បើក​ដំណើរការបាន​ឆាប់ ដោយ​គ្រាន់តែ​គ្រប់គ្រង​ថវិកា​ដែល​ទទួលបាន​ពី​អ្នកគាំទ្រ ឲ្យ​មាន​តម្លាភាព ដើម្បី​បង្កើត​ទំនុកចិត្ត​ដល់​អ្នកផ្តល់ជំនួយ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​