មនុស្ស១០០​នាក់បានស្លាប់នៅ​ក្នុង​ការបាក់ដី​នៅកន្លែង​ជីក​រ៉ែ​គុជ​ប្រទេស​មីយ៉ាន់ម៉ា

មនុស្ស១០០​នាក់បានស្លាប់នៅ​ក្នុង​ការបាក់ដី​នៅកន្លែង​ជីក​រ៉ែ​គុជ​ប្រទេស​មីយ៉ាន់ម៉ា

ទាហានជាច្រើនសែងសាកសពអ្នកជីករ៉ែ​ដែលបានស្លាប់ដោយសារការបាក់ដីនៅតំបន់​ជីករ៉ែគុជ​មួយឯ Hpakhant​ រដ្ឋធានី Kachin របស់ប្រទេស មីយ៉ាន់ម៉ា ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ២០១៥

យ៉ាងហោច​ណាស់សាកសពចំនួន​១០០​ត្រូវ​បាន​គេ​រកឃើញ​ ហើយ​ក្រុម​ជួយ​សង្គ្រោះ​នៅ​ភាគខាងជើង​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​តែ​ស្វែងរក​មនុស្ស​បន្ថែមទៀតពីក្នុង​គំនរ​បាក់បែក​នៅ​ថ្ងៃ​ច័ន្ទនេះ ពីរ​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​បាក់ដី​យ៉ាងច្រើន​នៅ​ក្បែរ​កន្លែង​ជីករ៉ែគុជ​មួយ​។​

សារព័ត៌មាន​ Reuters បាន​រាយការណ៍​ថា ក្នុងខណៈពេលដែល​មិត្តភក្តិ​និង​ក្រុមគ្រួសារ​បាន​កំណត់​អត្តសញ្ញាណ​របស់​សាកសពមួយ​ចំនួន សាកសព​ដែល​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បានរុំ​នឹង​ក្រណាត់​តង់​ពណ៌​ខៀវ​នៅ​ឡើយ។

មន្រ្តី​រដ្ឋបាលក្នុងក្រុង​ លោក Nilar Myint បាន​មាន​ប្រសាសន៍​អំពី​សាកសព​ដែល​ត្រូវ​បាន​គេរកឃើញ​នោះ​ថា «នេះ​មិនមែន​ជាចំនួន​សាកសព​សរុប​ទាំង​អស់​នោះ​ទេ ក្រុម​ជួយសង្គ្រោះ​កំពុង​តែព្យាយាម​រុក​រក​បន្ថែម​ទៀត ហើយអ្នកស្រុក​នៅ​ក្នុងក្រុង​នេះ​មាន​ការខឹង​សម្បារ​យ៉ាងខ្លាំង​ដោយសារ​តែមាន​មនុស្ស​ស្លាប់ច្រើនពេក»។ ​

មន្រ្តី​នានា​បាន​ថ្លែង​ថា​ មានមនុស្ស​យ៉ាងហោចណាស់​១០០​ទៀត​កំពុង​តែ​បាត់ខ្លួន​បន្ទាប់​ពី​មាន​ការបាក់ដីនេះ។

ក្រុម​អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​មុន​នេះ​ថា ជនរងគ្រោះ​ដែល​បាន​ស្លាប់គឺ​ជា​អ្នក​ជីករ៉ែពី​កាក​សំណល់និងយក​បំណែកតូចៗ​របស់​គុជ​ទាំង​នោះ​ទៅ​លក់។ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​និយាយថា ការបាក់ដី​នេះកើតឡើង​នៅ​ពេល​ដែល​អ្នកជីករ៉ែ​ទាំង​នោះ​កំពុង​តែ​សម្រាន្ត​លក់។

​លោក Tin Swe Myint ដែល​ជាប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ក្រុង​ Hpakant បាន​មាន​ប្រសាសន៍​ថា «​យើងមិន​ទាន់អាច​កំណត់ចំនួន​មនុស្ស​សរុប​ពិតប្រាកដ​ដែល​បាន​កប់​នៅ​ក្នុង​ដី​នោះ​នៅឡើយទេ ដោយ​សារ​ពួកយើងមិនមាន​ទិន្នន័យ​អំពី​ចំនួន​មនុស្ស​ដែល​រស់​នៅ​ទីនោះ។ លោក Tin Swe Myint បាន​រៀបរាប់​តំបន់​ដែល​មាន​ការបាក់ដី​នោះ ថាគ្រាន់​តែ​ជា​តំបន់​អនាធិបតេយ្យ​មួយ​ដែល​កម្មករ​រស់នៅ​ក្នុង​ក្រណាត់​តង់​តែ​ប៉ុណ្ណោះ»៕