លោក មាស រិទ្ធី៖ មកដល់​ពេល​នេះ ម៉ៅ ហាជី នៅ​មិន​ទាន់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ជា​មួយ​ហង្សមាស (កិច្ច​សន្យា​នៅ​ខាង​ក្នុង​)

ភ្នំពេញ៖ លោក មាស រិទ្ធី អគ្គនាយករងស្ថានីយទូរទស្សន៍ហង្សមាស និងជាអ្នកអត្ថាធិប្បាយព័ត៌មាន ពេលព្រឹកដ៏ល្បីមួយរូប បានថ្លែងប្រាប់ គេហទំព័រកម្សាន្ត LookingTODAY នៅមុននេះបន្តិច នារសៀលថ្ងៃទី២៣ ខែវិច្ឆិកានេះថា រហូតមកដល់ពេលនេះ លោក ម៉ៅ ហាជី តារាចម្រៀងក្នុងកម្មវិធី «Cambodain Idol» ជំនាន់ទី១ នៅមិនទាន់ចូលខ្លួន មកដោះស្រាយ ជាមួយស្ថានីយទូរទស្សន៍ហង្សមាស នៅឡើយទេ និងមិនអាចទាក់ទងទៅលោក ម៉ៅ ហាជី បាននោះទេ ដោយទូរស័ព្ទ បិទមិនអាចទំនាក់ទំនងបាន។ លោក ម៉ៅ ហាជី បានទៅចុះកិច្ចសន្យាច្រៀងឲ្យផលិតកម្ម ថោន ទាំងខ្លួនកំពុងតែជាប់កិច្ចសន្យា ជាមួយទូរទស្សន៍ហង្សមាស រយៈពេលជាង១ឆ្នាំ។

លោក មាស រិទ្ធី បានពន្យល់ពីហេតុផល ដែលតារាចម្រៀង ម៉ៅ ហាជី មានកិច្ចសន្យាជាមួយនឹង ស្ថានីយទូរទស្សន៍ ឲ្យដឹងទៀតថា ជាទូទៅ បេក្ខជនជាប់ក្នុង Cambodian Idol ក្នុងវគ្គ Live Show ចំណោមទាំង១២ នាក់ចុងក្រោយ គឺជាប់កុងត្រាដោយស្វ័យប្រវត្តិ ជាមួយក្រុមហ៊ុន ហង្សមាស រយៈពេលជាង១ឆ្នាំ ពោលគឺចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ រហូតដល់ចុងខែធ្នូ ឆ្នាំ២០១៦ ទើបផុតកិច្ចសន្យា ។ ពេលពួកគេចប់កិច្ចសន្យា ទើបមានសិទ្ធិចាកចេញ ឬមិនចាកចេញ អាស្រ័យលើការសម្រេចចិត្ត របស់ពួកគេម្នាក់ៗ បន្ទាប់ពីមានការសួរនាំជាថ្មី ពីទូរទស្សន៍ហង្សមាស និងពីកម្មវិធី Cambodian Idol ផ្ទាល់តែម្ដង។

ជាមួយគ្នានេះ ក្នុងដំណាក់កាល នៃការជាប់កិច្ចសន្យា ប្រសិនបើមានតារាចម្រៀងរូបណា ចង់ចាកចេញទៅច្រៀង នៅកន្លែងផ្សេងត្រូវតែមានលិខិត ស្នើសុំជាផ្លូវការ ហើយបើស្ថានីទូរទស្សន៍ មិនអនុញ្ញាតក៏មិនអាចចេញទៅច្រៀង ក្នុងផលិតកម្មផ្សេងបានដែរ។ លោក រិទ្ធី បានបន្តថា ជាក់ស្ដែង ករណីតារាចម្រៀង ម៉ៅ ហាជី គឺលោក បានជាប់កិច្ចសន្យាជាមួយទូរទស្សន៍ ហង្សមាស ដោយមានចុះហត្ថលេខា តាំងពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥ និងបញ្ចប់ទៅវិញនៅក្នុងខែធ្នូ ឆ្នាំ២០១៦។ ប៉ុន្តែនៅពេលនេះគឺ ម៉ៅ ហាជី មិនទាន់ផុតកិច្ចសន្យានោះឡើយ ហើយបែរជាទៅលួច ចុះកិច្ចសន្យាជាមួយផលិតកម្មផ្សេង ដូច្នេះបានន័យថា លោករំលោភលើកិច្ចសន្យាទាំងស្រុង។

យ៉ាងណាក្ដី លោក មាស រិទ្ធី បានបង្ហើបថា ខាងស្ថានីទូរទស្សន៍ហង្សមាស នៅតែរង់ចាំ លោក ម៉ៅ ហាជី ដើម្បីចូលខ្លួន មកដោះស្រាយបញ្ហាខាង លើ និងសូមឲ្យ ម៉ៅ ហាជី បើកទូរស័ព្ទរបស់ខ្លួន ដើម្បីងាយស្រួលធ្វើការទំនាក់ទំនងគ្នា ព្រោះបើសិនជាលោកនៅតែគេចវេស មិនព្រមចូលខ្លួន មកដោះស្រាយ, ទូរទស្សន៍ហង្សមាស នឹងពិចារណាតាមផ្លូវច្បាប់ បើទោះបីជាករណីនេះ មិនបានគាបសង្កត់ ឬបង្ខិតបង្ខំក្ដី។

ដោយឡែកលោក លោក មាស សុខរតនៈ បានថ្លែងប្រាប់ Fresh News តាមទូរស័ព្ទឲ្យដឹងថា រឿងដែលខាង ហង្សមាស ចង់ដាក់ពាក្យប្តឹង តារាចម្រៀង លោក ម៉ៅ ហាជី គឺលោកទើបតែបានទទួលព័ត៌មាននេះដែរ ប៉ុន្តែទោះជាមានរឿងរ៉ាវដល់ថ្នាក់នេះក្ដី ក៏រហូតមកដល់ពេលនេះ លោកនៅមិនទាន់បានជួប ជាមួយម្ចាស់សាម៉ីខ្លួន លោក ម៉ៅ ហាជី នៅឡើយទេ ហើយខាងផលិតកម្ម ក៏កំពុងតែពិភាក្សាគ្នា ពាក់ព័ន្ធរឿងនេះដែរ។

អ្នកគ្រប់គ្រងនៅផលិតកម្មថោន លោក មាស សុខរតនៈបានប្រាប់ឲ្យដឹងថា «ខ្ញុំមិនសូវបានដឹងពីរឿងនេះទេ ព្រោះថាអ្វីៗទាក់ទងនឹងកិច្ចសន្យា គឺសាម៉ីខ្លួន ម៉ៅ ហាជី ហើយ បានធ្វើឡើងជាមួយម្ចាស់ក្រុមហ៊ុន ថោន (ចាងហ្វាងផលិតកម្ម) ហើយបើនិយាយពីបញ្ហា ដាក់ពាក្យប្តឹងរបស់ហង្សមាស និងការលុបចោល ឬបន្តកិច្ចសន្យាជាមួយ ម៉ៅ ហាជី នោះ ខ្ញុំក៏មិនទាន់ដឹងទេ ព្រោះថាស្ថិតនៅក្នុងការពិភាក្សាគ្នាបន្ថែមទៀត»

លោក មាស សុខរតនៈ បានប្រាប់បន្ថែមទៀតថា សម្រាប់រឿង (ប្តឹង) នេះ លោកមិនទាន់ហ៊ាននិយាយអ្វីឲ្យ ច្រើនជាងនេះដែរ ព្រោះរឿងគ្រប់យ៉ាង គឺត្រូវឆ្លងកាត់ការពិភាក្សាគ្នា។ តែសម្រាប់លោក គឺលោកមិននឹកស្មានថា មានរឿងបែបនេះកើតឡើងឡើយ ។

ទាក់ទងទៅនឹងការលើកឡើងនេះ អង្គភាពព័ត៌មាន Fresh News ក៏បានព្យាយាមទាក់ទងទៅ លោក ម៉ៅ ហាជី ដើម្បីសាកសួរទាក់ទង ទៅនឹងបញ្ហាខាងលើនេះដែរ ប៉ុន្តែលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ។ ចំណែកលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងតារាចម្រៀង នៅក្នុងផលិតកម្មហង្សមាស ក៏មិនអាចទាក់ទងបានដូចគ្នា៕

លោក មាស រិទ្ធី៖ មកដល់​ពេល​នេះ ម៉ៅ ហាជី នៅ​មិន​ទាន់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ជា​មួយ​ហង្សមាស (កិច្ច​សន្យា​នៅ​ខាង​ក្នុង​)

លោក មាស រិទ្ធី៖ មកដល់​ពេល​នេះ ម៉ៅ ហាជី នៅ​មិន​ទាន់​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ជា​មួយ​ហង្សមាស (កិច្ច​សន្យា​នៅ​ខាង​ក្នុង​)