បាន គី-មូន ស្នើ​អាមេរិក និង​រ៉ូស្ស៊ី ឲ្យ​សហការ​គ្នា​ប្រឆាំង​ ISIS

អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានអំពាវនាទៅកាន់មហាអំណាចពីរក្នុងលោក គឺសហរដ្ឋអាមេរិក និង​សហព័ន្ធ​រ៉ូស្ស៊ី ឲ្យ​ធ្វើការ​រួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ជាពិសេសប្រឆាំងក្រុមរដ្ឋអ៊ីស្លាម។ លោក បាន គី-មូន នឹង​បញ្ចេញ​ឲ្យ​ដឹង នូវ​គម្រោងមេដ៏សំខាន់មួយ ទាក់ទងនឹងករណីនេះ នៅដើមឆ្នាំ២០១៦ ខាងមុខ។
បាន គី-មូន ស្នើ​អាមេរិក និង​រ៉ូស្ស៊ី ឲ្យ​សហការ​គ្នា​ប្រឆាំង​ ISIS
យុទ្ធជនរបស់ក្រុមរដ្ឋអ៊ីស្លាម លើកទង់ជ័យរបស់ខ្លួន។ (រូបថត ឯកសារ)

ក្រៅពីប្រធានបទ ដែលទាក់ទងនឹងសេដ្ឋកិច្ច ជំនួបកំពូល របស់សមាគមប្រជាជាតិអាស៊ី នៅប៉ែកអាគ្នេយ៍ (ASEAN) ក្នុងរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី នៅបានបង្ហាញ ពីជំហរច្បាស់លាស់ ទាក់ទងនឹង​ការ​ប្រឆាំង ក្រុមជ្រុលនិយម និងភេរជន ជាពិសេសក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS)។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គី-មូន ដែលមាន​វត្តមាន ក្នុងឱកាសនេះដែរ បានធ្វើការអំពាវនាវបន្ថែម ស្នើឲ្យសហរដ្ឋអាមេរិក និងសហព័ន្ធរ៉ូស្ស៊ី សហការគ្នា ក្នុងយុទ្ធនាការប្រឆាំង ភេរវកម្ម។

នៅក្នុងជំនួបកំពូល នារដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី លោកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានថ្លែងឡើងថា៖ «កំទេចអង្គការរដ្ឋអ៊ីស្លាម មិនមែនគ្រាន់ជាកម្មវុត្ថុមួយ ដែលមានពិត​ប្រាកដ​នោះទេ តែវាកម្មវត្ថុមួយ ដែលត្រូវធ្វើឲ្យបាន។ ប្រសិនបើរ៉ូស្ស៊ី សម្រួចទិសដៅប្រឹងប្រែងរបស់ខ្លួន នៅ​លើ​អង្គការភេរវកម្មមួយនេះ វានឹងកាន់តែជួយយើងទ្វេឡើង។ ហើយខ្ញុំគិតថា ជាមួយនឹងការទទួលស្គាល់​របស់​ក្រុម​រដ្ឋអ៊ីស្លាម ក្នុងទង្វើបំផ្ទុះយន្ដហោះ នៅចុងខែតុលាកន្លងទៅ វាច្បាស់ជាមានកាយវិការ​ដ៏សមស្រប​មួយ ពី​សំណាក់ប្រធានាធិបតីរ៉ូស្ស៊ី លោក ពូទីន។»

អាជ្ញាធររ៉ូស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងមកនេះ ថាយុទ្ធជនស្ម័គ្រប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ ដែល​ជាសមាជិករបស់ក្រុមរដ្ឋអ៊ីស្លាម ចំនួន១០នាក់ ត្រូវបានសម្លាប់កាលពីពេលថ្មីៗនេះ នៅក្នុងប្រតិបត្តិការ របស់​កងកម្លាំងរ៉ូស្ស៊ី នាសាធារណៈរដ្ឋកូកាស (ភាគខាងត្បូង នៃប្រទេសរ៉ូស្ស៊ី)។

កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ កាំជ្រួច​រយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវបានបាញ់ផ្លោងចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន នៅ​កណ្ដាល​​មហាសមុទ្រ កាស្ពែន  សំដៅទៅកំទេចសម្បុក ចំនួន១១កន្លែង របស់​ក្រុម​​រដ្ឋអ៊ីស្លាម នៅក្នុង​ប្រទេស​ស៊ីរី។ ចំពោះការវាយប្រហារតាមផ្លូវអាកាសវិញ កងកម្លាំងផ្លូវអាកាសរបស់រ៉ូស្ស៊ី ទំនងជា​បានបញ្ចេញ​យន្ដហោះ​ប្រដេញ និងយន្ដហោះទម្លាក់គ្រាប់បែករបស់ខ្លួន ច្រើនជាង២ដង នៅក្នុងរយៈ​ពេល​​ចុងក្រោយ​នេះ៕