ក្រុមជន​ជាតិ​ដើម​ភាគ​តិច​ដាក់ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​

គណបក្ស​​ជន​ជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា (CIPDP) បាន​ដាក់ពាក្យ​សុំបឋម​​របស់ខ្លួន​ជាមួុយ​ក្រសួង​មហា​ផ្ទៃ​​កាលពី​ម្សិលមិញ ជា​ជំហាន​សំខាន់​ដំបូង​ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​។

ក្រសួង​មាន​រយៈពេល​១៥ថ្ងៃ​ក្នុងការ​ទទួលយក​ពាក្យ​សុំនេះ បន្ទាប់មក​ គណបក្ស​ត្រូវ​បំពេញ​​ដំណើរការ​ចុះ​បញ្ជី​​ដោយ​ការ​ដាក់ជូន​កម្មវិធី​នយោបាយ​ លក្ខន្តិកៈ ហិរញ្ញវត្ថុ និង​ភ័ស្តុតាង​នៃការ​គាំទ្រ​ជា​សាធារណៈដោយ​មាន​ហត្ថលេខា​ពីរ​បីរយ។ គណបក្ស​មាន​រូប​សញ្ញារ​ួច​ហើយ​គឺ​ស្រមោល​បុរសម្នាក់​​ជិះ​ដំរី។

លោក​ ស្រូយ ខេត អនុប្រធានដែល​ស្នើឡើង​របស់​​គណបក្សនេះ​​បានមាន​ប្រសាសន៍ថា “​ខ្ញុំបាន​ដាក់ពាក្យ​សុំ​​ដើម្បី​ចុះ​បញ្ជី​​គណបក្ស​ទៅ​ក្រសួង​មហា​ផ្ទៃ​កាលពី​ព្រឹក​ថ្ងៃច័ន្ទ ហើយ​ក្រសួង​មហាផ្ទៃ​​បាន​ចុះ​ហត្ថ​លេខា និង​ទទួល​យក​ការ​ដាក់ពាក្យសុំនោះហើយ​”។

លោក ស្រូយ ខេត បានមាន​ប្រសាសន៍ថា ជន​ជាតិ​ព្នង​ និង​ជន​ជាតិ​ភាគ​តិច​​មកពី​​ប្រទេស​កម្ពុជា​ភាគ​ឦសាន នឹង​ជា​​សមាជិក​ស្ថាបនិក​៨០រូប​របស់​គណបក្ស​នេះ​។ ក្នុង​នាមលោក​ជា​ជន​ជាតិ​ព្នង​ លោក​បាន​និយាយ​ថា អ្នកក្រៅពីនោះ​ភាគ​ច្រើន​ជា​ជន​ជាតិ​កួយ ព័រ និង​ព្រៅ ហើយ​ថា អ្នក​ទាំង​៨០នាក់​មក​ពី​ខេត្ត​ចំនួន​ប្រាំមួយ​គឺ ខេត្ត​បាត់​ដំបង កំពង់​ធំ ក្រចេះ មណ្ឌលគិរី ឧត្តរ​មាន​ជ័យ​ និង​ស្ទឹង​ត្រែង​។

លោក​បាន​មាន​ប្រសាសន៍ថា “​យើង​ធ្វើ​នេះ​ផ្អែក​លើ​​ឆន្ទៈរបស់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ចង់​ការ​ពារ​ទំនៀម​ទម្លាប់​ ប្រពៃណី ​វប្បធម៌ និង​ធាន​ធាន​ធម្មជាតិ។ ពួកគាត់​ចង់​ឲ្យ​អ្នក​[កាន់​អំណាច] ​​ដែលស្គាល់អត្តសញ្ញាណរបស់ខ្លួន​ និង​ដែល​យក​ចិត្ត​ទុកដាក់​ចំពោះ​​ជនជាតិ​ដើម​ភាគ​តិច”។

លោក ស្រូយ ខេត ​បាន​ប៉ាន់​ប្រមាណថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល​​៥០០.០០០នាក់ជា​សមាជិក​ជន​ជាតិ​ដើម​ភាគ​តិច​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រហែល​១៥លាន​នាក់​រស់នៅ​ក្នុង​ប្រទេស​។

អង្គការ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ជន​ជាតិ​ភាគតិច​ទាំងនោះ​រង​ផល​ប៉ះពាល់ដោយ​ចម្ការ​កសិឧស្សាហកម្ម​ក្នុង​ប្រទេស​ដែល​​បាន​ចាប់​យក​ដី​ពី​សហគមន៍​មូលដ្ឋាន​ និង​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​ទូ​ទាំង​ប្រទេស​ ដោយ​ផ្តល់​សំណង​តិចតួច​ ឬ​មិនផ្តល់​សំណង​អ្វី​សោះ​ជា​ថ្នូរ។

ប្រសិន​បើ​ត្រូវ​បាន​យល់ព្រម ​គណបក្ស​​ CIPDP នឹង​ជា​គណបក្ស​ទី​៥ហើយ​ដែល​ចូល​ប្រឡូក​ក្នុ​ងនយោបាយ​​នៅ​ឆ្នាំនេះ។ គណបក្ស​សម្បុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​អំណាចខ្មែរ និង​គណបក្ស​ខ្មែរ​សាមគ្គី ត្រូវ​បាន​ចុះ​បញ្ជី​ក្នុង​រយៈពេល​ប៉ុន្មាន​ខ្មែរ​ថ្មីៗនេះ៕សារុន​

 

The post ក្រុមជន​ជាតិ​ដើម​ភាគ​តិច​ដាក់ពាក្យ​សុំ​បង្កើត​គណបក្ស​នយោបាយ​ appeared first on ខេមបូឌា ដេលី.