ទាហាន​ដែលស្រវឹង​ស្រា​បាញ់​បោះ​នៅ​ហាង​ខារ៉ាអូខេ​ នឹង​ប្រឈម​មុខ​នៅ​តុលាការ​

នគរ​បាល​​​បាន​​​និយាយ​​​ថា មន្ត្រី​​​យោធា​​​ម្នាក់​​​ដែល​​​ស្រវឹង​​​ស្រា​ដក​​​កាំភ្លើង​​​ខ្លី​​​បាញ់​​​ត្រូវ​​​ពិដាន​​​ហាង​​​ខារ៉ាអូខេ​​​មួយនៅ​​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យនោះ​ នឹង​​​ប្រឈម​​​មុខ​​​​នៅ​​​តុលា​ការ​​​នៅថ្ងៃ​​​នេះ បើ​​​ទោះ​​​ជា​​​មាន​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ពី​​​សំណាក់​​​​​​មន្ត្រី​​​យោធា​​​ឲ្យ​​​ដាក់​​​ពិន័យ​​​ជន​​​នេះ​​​ផ្ទៃ​​​ក្នុង​​​ក៏​​​ដោយ។

យោង​​​តាម​​​លោក ចិត្រ វណ្ណី ស្នង​​​ការ​​​រង​នគ​​​របាល​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា​ លោក​ រ័ត្ន សិរីបញ្ញា​ ជាវរសេនីយ៍ត្រី​នៅ​​​កង​​​យោធពល​​​ខេមរភូមិន្ទ និង​​​ជា​​​អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ហិរញ្ញាវត្ថុ​​​នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ បាន​​​ដក​​​កាំភ្លើ​​​ង​​​ខ្លី​​​បាញ់​នៅ​​​ហាង​​​ខារ៉ាអូខេ​​​ព្រីន​សេសក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០និង​​​៣០​​​នាទីយប់​​​ បន្ទាប់​​​ពី​​​បាត់​​​ទូរស័ព្ទ​​​
iPhone ក្នុង​​​​​​ហាង​​​ខារ៉ាអូខេ​​​នោះ។

លោក វណ្ណី បាន​​​មាន​​​ប្រសាសន៍ ថា “ជន​​​ល្មើស​​​រូប​​​នេះ​​​បាន​​​ប្រាប់​​​មន្ត្រី​​​របស់​​​យើង​​​ថា គាត់​​​បាន​​​ដក​​​កាំភ្លើង​​​ខ្លី​បាញ់​​​មួយ​​​គ្រាប់​​​ទៅ​​​ពិដាន​​​ខារ៉ាអូខេ​​​នោះ​​​ ពីព្រោះ​​​គាត់​​​ខឹង​​​​គេ​​​លួច​​​ទូរស័ព្ទពី​ហោ​ប៉ៅរបស់​​​គាត់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​ សិរី​​​បញ្ញា បាន​​​ផឹក​​​សីុ​​ជា​​​មួយ​​​​មិត្ត​​​ភក្តិ​​​​​​​​ម្នាក់​​​មក​​​ពី​​​នាយក​​​ដ្ឋាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ជាមួយ​គ្នា​​​​​តាំង​​​ពី​​​ក្បាល​​​ព្រលប់​​​។

ខណៈ​​​ដែល​​​ទទួល​​​ស្គាល់​​​ថា ទង្វើ​​​របស់​​​លោក សិរី​​​បញ្ញា ល្មើស​​​ច្បាប់​​​នោះ​​​ លោក​​​ វណ្ណី បាន​​​ថ្លែង​​​ថា គាត់​​​​នឹង​​​មិនត្រូវ​បាន​​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​ខេត្ត​​​ទេ​​​។

លោក​​​បាន​​​ថ្លែង​​​ថា “យើង​​​នឹង​​​មិន​​​បញ្ជូន​​​គាត់​ទៅ​​​ត​​​ុលាការ​​​ទេ ពីព្រោះគាត់​​​មិន​​​បាន​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ធ្ងន់​​​ធ្ងរ​​​ទេ​​​។ យើង​​​នឹង​​​ប្រគល់​​​គាត់​​​ទៅ​​​ឲ្យ​​​នាយក​​​ដ្ឋាន​​​ហិរញ្ញវត្ថុ​​​នៃកង​​​យោធពល​​​ខេមរភូមិន្ទ​​​ ដើម្បី​​​ដាក់​​​វិន័យ​​​ទៅ​តាម​​​ច្បាប់​​​យោធា​​​”។

ទោះ​​​ជាយ៉ាង​​​ណា នៅ​​​ល្ងាច​​​ថ្ងៃ​​​ដដែល​​​នោះ​​​ លោក ម៉េង លាង ប្រធាន​​​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​ល្មើស​​​រូប​​​េនះ​​​នឹង​​​ត្រូវ​​​បង្ខំ​ឲ្យ​​​ប្រឈម​​​មុខ​​​ច្បាប់​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ម្ចាស់​​​ហាង​​​ខារ៉ាអូខេ ដែល​​​ជា​​​ជន​​​រង​​​គ្រោះ​​​ដោយ​​​ទង្វើ​​​ឆេវ​​​ឆាវ​​​របស់​​​ទាហាន​​​រូប​​​នេះ​​ម្តង​កាល​​​ពី​​​មុន​​​​​។

លោក​​​ ម៉េង លាង បាន​​​និយាយ​​​ទៀត​​​ថា “មន្ត្រីយោធា​​​រូប​​​នេះ​​​បាន​​​ធ្វើ​​​ទង្វើ​​​បែប​​​នេះ​​​ម្តង​​​រួច​​​​​​ហើយ​​​កាល​​​ពី​​​ពីរ​​​បី​​​ខែ​​​មុន​​​ គាត់​​​ស្រវឹង​​​ស្រា​​​នៅ​​​ហាង​​​ខារ៉ាអូខេ​​​ដដែលនេះ​​​។ យើង​​​បាន​​​ចាប់​​​ខ្លួននិង​​​ឃុំ​​​ខ្លួន​​​គាត់​​​ ហើយ​​​ធ្វើ​​​ការ​​​អប់​​​រំ​​​ រួច​ឲ្យ​​​​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ថា គាត់​​​នឹង​​​​​​មិន​​​ធ្វើ​​​ទង្វើ​​​បែប​​​នេះ​​​ទៀត​​​ឡើយ​​​”។

លោក​​​ ម៉េង លាង​​​ បាន​​​និយាយ​​​ថា កាលពី​ម្សិលមិញ មេរបស់​​​ជន​​​​​​នេះ​​​បាន​​​មក​​​កាន់​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​ ទី​​​ដែល​​​ លោក សិរីបញ្ញា កំពុង​​​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​ ហើយ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​យក​​​គាត់​​​ទៅ​​​ដាក់​​​ទោស​​​​​​ ប៉ុន្តែ ត្រូវ​​​បាន​​​បដិសេធ​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​បដិសេធ​​​ ពីព្រោះ​​​ម្ចាស់​​​ហាង​​​ខារ៉ាអូខេ​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​អាជ្ញាធរ​​​យក​​​ជន​​​ល្មើស​​​រូប​​​នេះ​​​ទៅ​​​ដាក់​​ពន្ធនាគារ​ ពីព្រោះ​​​ជន​​​នេះ​​​បាន​​​បាញ់​​​បោះ​​​ និង​​​បំផ្លាញ​​​ហាង​​​ខារ៉ាអូខេ ហើយធ្វើ​ឲ្យ​​​​​​ភ្ញៀវ​​​រត់​​​ចេញ​​​អស់​​​ដោយ​​​មិន​​​បាន​​​ទូទាត់​​​​ប្រាក់​​​ ដោយ​​​សារ​​​តែ​​​ការ​​​បាញ់​​​បោះ​​​នេះ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​កសាង​​​សំណុំ​​​រឿង​​​ បញ្ជូន​​ជន​​​ល្មើស​​​រូប​​​នេះ​​​ទៅ​​​តុលាការ ​​[​នៅ​​​ថ្ងៃ​​​នេះ]​​​”៕សារុន

 

The post ទាហាន​ដែលស្រវឹង​ស្រា​បាញ់​បោះ​នៅ​ហាង​ខារ៉ាអូខេ​ នឹង​ប្រឈម​មុខ​នៅ​តុលាការ​ appeared first on ខេមបូឌា ដេលី.