ISIS ត្រៀម​ភេរវកម្ម​ថ្មី ខ្លាំង​ជាង​ភេរវកម្ម​១១កញ្ញា៖ ប៉ារីស​នឹង​រលំ

វីដេអូចំនួនពីរ របស់ក្រុមរដ្ឋអ៊ីស្លាម ដែលទើបនឹងផ្សាយ នៅក្នុងថ្ងៃទី២៣ ខែវិច្ឆិកានេះ បានឲ្យដឹង ពី​គម្រោង​ធ្វើ​ភេរវកម្ម ដ៏​មាន​ទំហំ​ដ៏ធំ​មួយ នៅថ្ងៃខាងមុខ ប្រឆាំងប្រទេសបារាំង។ គម្រោងនោះ នឹងមានទំហំដ៏សម្បើម ខ្លាំងជាង​ភេរវកម្ម ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ ដែលធ្វើទៅលើអាគារភ្លោះ ក្នុងទីក្រុងញ៉ូយក សហរដ្ឋអាមេរិក​ទៅទៀត។
ISIS ត្រៀម​ភេរវកម្ម​ថ្មី ខ្លាំង​ជាង​ភេរវកម្ម​១១កញ្ញា៖ ប៉ារីស​នឹង​រលំ
រូបភាពកាត់ត ដោយក្រុមរដ្ឋអ៊ីស្លាម បង្ហាញពីការដួលរលំ នៃតួអេហ្វែលនិមិត្តរូបនៃរដ្ឋធានីប៉ារីស។ (រូបថតផ្តិតពីវីដេអូ)

«ប៉ារីស នឹងរលំ» នេះជាអ្វីដែលគេបានឃើញ នៅក្នុងវីដេអូចំនួនពីរ របស់ក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលទើបនឹងបញ្ចេញមកផ្សាយ  នៅក្នុងថ្ងៃ​សៅរ៍មុន និងមកដល់ដៃប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៣ ខែវិច្ឆិកានេះ បង្កការព្រួយបារម្ភជាថ្មីទៀត ដល់​បណ្ដា​ប្រទេសនៅលោកខាងលិច។ នៅក្នុងវីដេអូទាំងពីរនោះ យុជនពីរនាក់របស់ក្រុមរដ្ឋអ៊ីស្លាម បានអះអាងថា ក្រុម​ខ្លួននឹងត្រៀមការវាយប្រហារ ភេរវកម្មដ៏ខ្លាំងមួយ មានទំហំធំជាងភេរវកម្ម ទៅលើអាគារភ្លោះ ក្នុង​ក្រុង​ញ៉ូយក (សហរដ្ឋអាមេរិក) កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១នោះទៅទៀត។

យុទ្ធជនទាំងពីរនោះ បានពន្យល់ជាភាសាបារាំង ដង្ហោយទៅអ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ នៅក្នុង​ពិភពលោក ឲ្យងើបឡើងដឹកនាំប្រតិបត្តិការភេរវកម្ន ដែលមានលក្ខណៈប្រហាក់ប្រហែល ទៅនឹងភេរវកម្ម​ជា​ច្រើនកន្លែង កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ និងដែលបានធ្វើឲ្យ​ប្រទេស​ជាច្រើន នៅអ៊ឺរ៉ុបខាងលិច​«តក់ស្លុត»មិនតិចឡើយ។

យុទ្ធជនម្នាក់ បិទមុខ តែមានឯកសណ្ឋានជាទាហាន នៅក្នុងវីដេអូទីមួយ បានថ្លែងព្រមានឡើងថា៖ «មាន​ពាក្យ​មួយម៉ាត់ សម្រាប់អ្នកឯង, ហ្វ្រង់ស៊័រ ហូឡង់ (François Hollande - ប្រធានាធិបតីបារាំង)។ ទោះជា​ខ្លួន​អ្នក​ឯង​ផ្ទាល់ ក៏អ្នកឯងគ្មានសុវត្ថិភាព នៅក្នុងប្រទេសផ្ទាល់របស់អ្នកឯងដែរ។ យើងនឹងវាយប្រហារជាថ្មី ហើយ​មាន​រយៈពេលយូរ ដូចទង្វើរបស់ពួកអ្នកឯង ដែលបានវាយប្រហារយើង នៅក្នុងប្រទេសរបស់យើង។ យើង​នឹង​វាយ​ប្រហារ នៅក្នុងប្រទេសអ្នកឯង។ ហើយនេះ គ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ។ អ្វីដែលកើត​ឡើង នឹង​មានទំហំធំ ខ្លាំងជាង និងជូរចត់ជាងនេះ។»

ខណៈយុវជនម្នាក់ទៀត ដែលនិយាយដោយបើកមុខ បានថ្លែងក្នុងវីដេអូទីមួយដដែល ដោយលក្ខណៈ​ព្រមាន​ដូចគ្នាថា៖ «អ្នកឯងត្រូវដឹងថា អ្នកឯងនឹងឃើញនូវអ្វីមួយ ដែលកើតឡើងអាក្រក់ជាង ថ្ងៃ១១កញ្ញា (ឆ្នាំ​២០០១) ទៅទៀត»។ ចំណែកវីដេអូទីពីរ ដែលដាក់ចំណងជើងថា «រួមគ្នាបំផ្ទុះប្រទេសបារាំង» ក៏បានបង្ហាញ​នូវសារព្រមានជាច្រើន ប្រហាក់ប្រហែលគ្នានេះដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ នៅក្នុងវីដេអូទីមួយ គេ​បាន​ឃើញរូបភាពកាត់ត ពីការដួលរលំរបស់តួអេហ្វែល (Tour Eiffel) ដែលទំនងជាដកស្រង់ ពីភាពយន្ដ​ណា​មួយ៕


» វីដេអូទីមួយ ដែលព្រមានពីការធ្វើភេរវកម្ របស់ក្រុមរដ្ឋអ៊ីស្លាម៖