ខ្លី​ៗ​ ពី​ជើងឯកមីយ៉ាន់ន៉ា Yangon United និង​បឹង​កេត​អង្គរ ​មុន​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

ខ្លី​ៗ​ ពី​ជើងឯកមីយ៉ាន់ន៉ា Yangon United និង​បឹង​កេត​អង្គរ ​មុន​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

ក្រុម​បឹង​កេត​អង្គរ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​របស់​មីយ៉ាន់ម៉ា Yangon FC ​នៅ​ថ្ងៃ​ទី​២៩​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដើម្បី​យក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ទាប់​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup Championship 2015 ​។ ដូច្នេះ​ដើម្បី​ដឹង​ប្រវត្តិ​ខ្លះ​ៗ​របស់​ក្រុម​ទាំង​ពីរ​ sabay ​សូម​លើក​បង្ហាញ​៣​ចំណុច​ដូច​ខាង​ក្រោម៖

 

១. គ្រូ​បង្វឹក

 

ខ្លី​ៗ​ ពី​ជើងឯកមីយ៉ាន់ន៉ា Yangon United និង​បឹង​កេត​អង្គរ ​មុន​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

 

លោក ប្រាក់ សុវណ្ណរ៉ា ​ជា​គ្រូ​បង្វឹក​បឹង​កេត​​មាន​បទ​ពិសោធន៍​ច្រើន​លើ​ឆាក​អន្តរជាតិ ព្រោះ​លោក​ធ្លាប់​​ជា​អតីត​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏​ដូចជា​ដឹក​នាំ​ក្រុម​ចេញ​ទៅ​ប្រកួត​ក្រៅ​ស្រុក។ អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ គ្រូ​បង្វឹក​រូប​នេះ​ក៏​ទើប​តែ​ទៅ​បញ្ចប់​​​ការ​សិក្សា​វគ្គ​គ្រូ​បង្វឹក​អាជីព​កម្រិត​ខ្ពស់​ Pro License ទៅ​ទី​ក្រុង​ Zurich ប្រទេស​ស្វីស​កាល​ពី​ពេល​កន្លង​ទៅ​ ដែល​រៀប​ចំ​ឡើង​ដោយ AFC ។ ដូច្នេះ​មាន​ន័យ​ថា ​ក្រុម​បឹងកេត​អាច​យល់​ដឹង​ច្រើន​ពី​ការ​លេង​របស់​ក្រុម​នៅ​ក្រៅ​ស្រុក​បាន តាម​រយៈ​លោក ប្រាក់ សុវណ្ណរ៉ា នេះ។

 

ងាក​ទៅ​ខាង​ក្រុម Yangon United ​របស់​មីយ៉ាន់ម៉ា​វិញ ទើប​តែ​ផ្លាស់​ប្ដូរ​គ្រូ​បង្វឹក​ចេញ​ទេ ពោល​គឺ​លោក Eric Williams ​បាន​ចាកចេញ ដោយ​ជំនួស​វិញ​ដោយ​លោក U Tin Maung Tun ​ដែល​ជា​គ្រូ​បង្វឹក​ក្នុង​ស្រុក។ ចំពោះ​គ្រូ​បង្វឹក​ថ្មី​នេះ​ដែរ បាន​ជួយ​ក្លិប Yangon United ​ឈ្នះ​ក្រុម​ជើង​ឯក​លីក​កំពូល​ឡាវ​ដោយ​លទ្ធផល ៥-២។

 

២. កីឡាករ​លេច​ធ្លោ​ក្នុង​ក្រុម​ទាំង​ពីរ

 

ខ្លី​ៗ​ ពី​ជើងឯកមីយ៉ាន់ន៉ា Yangon United និង​បឹង​កេត​អង្គរ ​មុន​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះ

 

បឹង​កេត​មាន​កីឡាករ​ម្នាក់​ដែល​លេច​ធ្លោ​ជាង​គេ​គឺ ចាន់​ វឌ្ឍនាកា ​ដែល​ជា Top Scorer នៅ​លីក​កំពូល​កម្ពុជា (រក​បាន​៣៧​​គ្រាប់​គិត​ត្រឹម​បច្ចុប្បន្ន) ​ខណៈ​ដែល​កីឡាករ​បរទេស​ដទៃ​ទៀត​មាន​ដូចជា Esoh Paul Omogba , Oyewole Yemi Joseph ​ជា​ដើម​នោះ សុទ្ធ​តែ​មាន​ល្បឿន​ និង​បច្ចេកទេស​មិន​អន់​នោះ​ទេ ស្របពេល​ខាង​បឹង​កេត​ក៏​បាន​ខ្ចី​ជើង​កីឡាករ Dzarma Bata ​ពី​ស្វាយ​រៀង​មក​ពង្រឹង​តំបន់​ប្រយុទ្ធ​ផង​ដែរ។

 

ខ្លី​ៗ​ ពី​ជើងឯកមីយ៉ាន់ន៉ា Yangon United និង​បឹង​កេត​អង្គរ ​មុន​ប៉ះ​គ្នា​នៅ​ថ្ងៃ​អាទិត្យ​នេះCésar Augusto

 

ចំណែក​ឯ​ខាង​ Yangon FC ​វិញ មាន​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​មុត​ស្រួច​បំផុត​គឺ César Augusto ​សញ្ជាតិ​ប្រេស៊ីល។ កីឡាករ​រូប​នេះ ជា​ Top Scorer ​នៅ​លីក​មីយ៉ាន់ម៉ា​នា​ពេល​បច្ចុប្បន្ន ហើយ​រូបគេ​ផ្ទាល់​ក៏​ជា​អ្នក​ធ្វើ​បាន Top Scorer ​៣​សម័យ​ជាប់​គ្នា​ [២០១៣ (២០​គ្រាប់) , ២០១៤(២៦) , ២០១៥(២៨)] ដែរ។ ​ចំពោះ​កីឡាករ​ក្នុង​ក្រុម Yangon ​វិញ ​នៅ​ឆ្នាំ​២០១៥​នេះ ពួកគេ​បាន​ទិញ​កីឡាករ​បរទេស​២​រូប​បន្ថែម​ទៀត​គឺ​ខ្សែ​ការពារ​សញ្ជាតិ​ជប៉ុន Kaneko ​និង​អ្នក​ចាំ​ទី​សញ្ជាតិ​ប្រេស៊ីល Luiz Fernando ។ Yangon United ​ជា​ក្រុម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​លីក​កំពូល​មីយ៉ាន់ម៉ា ​ដែល​អាច​ឈ្នះ​ជាប់​គ្នា​រហូត​ដល់​១១​ប្រកួត​។

 

៣. ឈ្នះ​ជើង​ឯក​ និង​ប្រកួត​អន្តរជាតិ

បឹង​កេត​ទើប​តែ​ឡើង​មក​លេង​នៅ​លីក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​២០១២ ​ហើយ​ក៏​បាន​ឈ្នះ​ជើង​ឯក​ក្នុង​ឆ្នាំ​នោះ​តែ​ម្ដង។ រយៈ​ពេល​៣​រដូវ​កាល​មក​នេះ ពួកគេ​មិន​ទាន់​អាច​លើក​ពាន​ជា​ថ្មី​ម្ដង​ទៀត​បាន​ទេ ពោល​គឺ​បាន​ត្រឹម​ជើង​ឯក​រង​២​សម័យ​ (២០១៣ , ២០១៤) ​និង​ក្នុង​ឆ្នាំ​២០១៥​នេះ កំពុង​តែ​ប្រកួត​ដណ្ដើម​យក​លេខ​៣។ ចំពោះ​ប្រកួត​អន្តរជាតិ​វិញ បឹង​កេត​ធ្លាប់​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់ AFC President’s Cup ​បាន​ម្ដង​នៅ​ឆ្នាំ​២០១៣ ប៉ុន្តែ​ធ្លាក់​នៅ​វគ្គ​ចែក​ពូល។

 

Yangon United ​វិញ ជា​ក្រុម​ដែល​ឈ្នះ​ជើង​ឯក​លីក​កំពូល​របស់​មីយ៉ាន់ម៉ា ​បាន​ច្រើន​ជាង​គេ​ ៤​ដង (២០១១ , ២០១២ , ២០១៣ ​និង ២០១៥) ។ ចំពោះ​ពាន​រង្វាន់​អន្តរជាតិ​វិញ Yangon ​ធ្លាប់​បាន​ទៅ​លេង​ពាន​រង្វាន់ AFC Cup ​៣​ដង ដោយ​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​បាន​២​ដង។

 

ចំពោះ​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់ Toyota Mekong Cup 2015 ​នេះ​វិញ ក្រុម​បឹង​កេត​អង្គរ​បាន​យក​ឈ្នះ​ក្រុម​ឡាវ Lao Toyota FC ​ដោយ​លទ្ធផល ២-០ ​ខណៈ​ដែល​ក្រុម​ Yangon FC ​វិញ ​បានយក​ឈ្នះ​ក្រុម​ឡាវ​នេះ​ដែរ ដោយ​លទ្ធផល ៥-២ ។ ដូច្នេះ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ គឺ​ខាង​ក្រុម​បឹង​កេត​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត៕

 

​អត្ថបទ៖ មុន្នី រម្យ