ពលរដ្ឋ​អាមេរិកាំង​កាន់​តែ​ច្រើន​សិក្សា​នៅ​​អាល្លឺម៉ង់​ដើម្បីជៀសពី​បំណុល​នៅ​សាកល​វិទ្យាល័យ​ស.រ.អា.

ពលរដ្ឋ​អាមេរិកាំង​កាន់​តែ​ច្រើន​សិក្សា​នៅ​​អាល្លឺម៉ង់​ដើម្បីជៀសពី​បំណុល​នៅ​សាកល​វិទ្យាល័យ​ស.រ.អា.

រូបឯកសារ៖ និស្សិត​កំពុង​ដើរ​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ Vermont ក្នុង​ទីក្រុង​ Burlington រដ្ឋ Vermont សហរដ្ឋអាមេរិក។ពល​រដ្ឋ​អាមេរិកាំង​វ័យ​ក្មេង​កាន់​តែ​ច្រើន​ កំពុង​ជ្រើសរើស​យក​វិធី​ថ្មី​មួយ​ក្នុង​ការ​ទទួល​បាន​ការ​សិក្សា​ដោយ​មិន​ចាំបាច់​ចំណាយ​ថ្លៃសិក្សា​ ​នោះ​គឺ​ការ​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​ក្នុង​ប្រទេស​អាល្លឺម៉ង់​។ វ៉ាស៊ីនតោន—

ប្រទេស​អាល្លឺម៉ង់​ផ្តល់​ឲ្យ​និស្សិត​បរទេស​ក៏​ដូចជា​និស្សិត​នៅ​ក្នុង​ស្រុក​ដែល​មាន​លក្ខខណ្ឌ​សិក្សា​គ្រប់​លក្ខណៈ​ នូវ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ដោយ​ឥត​គិត​ថ្លៃ។

ផ្ទុយ​ទៅវិញ​ ថ្លៃសិក្សា​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​ និង​ឯកជន​នៅ​សហរដ្ឋ​អាមេរិក​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

បំណុល​របស់​និស្សិត​មហាវិទ្យាល័យ​អាមេរិក​សរុប​ក្នុង​ម្នាក់​មាន​ជា​មធ្យម​៣០.០០០​ដុល្លារ​ សម្រាប់​បង់​ថ្លៃ​រហូត​ដល់​ពួក​គេ​បញ្ចប់​ការ​សិក្សា។ នេះ​បើ​យោង​តាម​លោក Lawrence Wittner ដែលជា​ប្រវត្តិវិទូ​អាមេរិកាំង​និង​ជា​សកម្មជន​យុត្តិធម៌​សង្គម។

លោ​ Wittner ​បាន​និយាយ​ក្នុង​កម្មវិធី​ HashtagVOA​ នៅ​សប្តាហ៍​នេះ​ថា៖ «សព្វថ្ងៃ​នេះ​ ថ្លៃ​បង់​សាលា​ខ្ពស់​ជាង​ចំណូល​មធ្យម​របស់​និស្សិត​អាមេរិកាំង​និង​ក្រុមគ្រួសារ​របស់​ពួកគេ»។

លោក​ Hunter Bliss​ ដែលមាន​អាយុ​២០​ឆ្នាំ​ មក​ពី​រដ្ឋ​ South Carolina ដែលស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ HashtagVOA ថា​ គ្រួសារ​របស់​លោក​បាន​ប្រឈម​មុខ​ជាមួយ​នឹង​ជម្រើស​ដ៏​ពិបាក​មួយ។

លោក​Bliss បាន​និយាយថា​ «ខ្ញុំ​ត្រូវ​តែ​ជ្រើស​រើស​យក​ជម្រើស​មួយ​ ថាតើ​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​នេះ​ ហើយ​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​ចេញ​ពី​បំណុល​ ឬ​ក៏​ត្រូវ​បន្ត​រស់​នៅ​សហរដ្ឋ​អាមេរិក​ ហើយ​ចំណាយ​លុយ​៤៥.០០០​ដុល្លារ​ ដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​កម្រិត​បរិញ្ញា។ រឿង​នេះ​ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ»។

ប្រទេស​អាល្លឺម៉ង់​បាន​ក្លាយ​ជា​ជម្រើស​សម្រាប់​លោក Bliss​ នៅ​ពេល​ដែល​លោក​បាន​ដឹង​ថា​ លោក​អាច​សម្រេច​តាម​ចំណង់ចំណូល​ចិត្ត​របស់​លោក​ក្នុង​ការ​សិក្សា​ផ្នែក​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ​បច្ចេកទេស​មុយនិច​ (TUM)​ ​ដែល​លោក​បាន​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​កាល​ពី​មួយ​ឆ្នាំ​មុន។

ការ​សិក្សា​នៅ​ TUM គឺ​ឥតគិត​ថ្លៃ​ ក៏ប៉ុន្តែ លោក​ Bliss និយាយ​ថា​ ជា​រៀងរាល់​ឆ្នាំ​លោក​ត្រូវ​បង់​ថ្លៃ​«ប្រចាំ​ឆមាស»​ ដែល​មាន​តម្លៃ​ប្រមាណ​២០០ដុល្លារ​ ដែល​ជា​ថ្លៃ​សម្រាប់​ចំណាយ​លើ​ផ្នែក​រដ្ឋបាល​របស់​សាកលវិទ្យាល័យ​ និង​សម្រាប់​ជា​វិភាគទាន​ដល់​សហជីព​និស្សិត​របស់​សាកល​វិទ្យាល័យ។​

នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ និស្សិត​អាមេរិកាំង​រាប់​ពាន់​នាក់​ បាន​ជ្រើស​យក​ការ​សម្រេច​ចិត្ត​ដូច​អ្វី​ដែល​លោក Bliss បាន​ធ្វើ​ដែរ។ វិទ្យាស្ថាន​អប់រំ​អន្តរជាតិ​ ដែល​ជា​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ បាន​ប្រាប់​ VOA តាម​រយៈ​អ៊ីម៉ែល​ថា​ មាន​ជន​ជាតិ​អាមេរិកាំង​ចំនួន​៣.០៦៩​នាក់​ បាន​កំពុង​សិក្សា​យក​សញ្ញាប័ត្រ​ពេញ​លេញ​ នៅ​ប្រទេស​អាល្លឺម៉ង់​ ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ ដែល​ចំនួន​នេះ​កើន​ឡើង​៥០​ភាគរយ​ រាប់​តាំង​ពី​ប្រាំឆ្នាំ​មុន។ ការ​កើន​ឡើង​នេះ​គឺ​ដោយ​សារ​តែសេវា​ផ្លាស់​ប្តូរវិស័យ​អប់រំ​អាល្លឺម៉ង់​ (DAAD) ដែល​ជា​រចនា​សម្ព័ន្ធ​នៃ​ស្ថាប័ន​អប់រំ​កម្រិត​ឧត្តមសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់។

លោក​ Bliss​ និយាយ​ថា​ ជន​ជាតិ​អាមេរិកាំង​ដែល​គ្រប់​លក្ខខណ្ឌ​សម្រាប់​ការ​សិក្សា​ក្នុង​កម្មវិធី​កម្រិត​ឧត្តម​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ ជា​ទូទៅ​អាច​សិក្សា​ជា​ភាសា​អង់គ្លេស​សម្រាប់​ឆ្នាំ​ដំបូង។ ប៉ុន្តែ​ លោក​បញ្ជាក់​ថា និស្សិត​ទាំង​នោះ​តម្រូវ​ឲ្យ​រៀន​ភាសា​អាល្លឺម៉ង់​យ៉ាង​យក​ចិត្ត​ទុកដាក់​ ដើម្បី​ឲ្យ​ពួក​គេ​ត្រៀម​បញ្ចប់​ការ​សិក្សា​របស់​ពួក​គេ​ជា​ភាសា​អាល្លឺម៉ង់។

លោក​ Bliss ដែល​អាច​និយាយ​ភាសា​អាល្លឺម៉ង់​បាន​ខ្លះ​ មុន​ពេល​ប្តូ​រទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​និយាយ​ថា៖ «ឧបសគ្គ​ដែល​យើង​មិន​មាន​ជំនាញ​ភាសា​អាល្លឺម៉ង់​ គឺ​ពិត​ជា​បញ្ហា​ប្រឈម​យ៉ាង​ធំ។ ប៉ុន្តែ​ យើង​នៅ​តែ​មាន​ផ្លូវ​ជ្រើសរើស។ អ្នក​អាច​ចំណាយ​លុយ​យ៉ាង​ច្រើន​ ដើម្បី​រៀន​ជា​ភាសា​អង់គ្លេស​នៅ​សហរដ្ឋ​អាមេរិក​ ឬ​មួយ​អ្នក​អាច​រៀន​ភាសា​អាល្លឺម៉ង់​ នៅ​ប្រទេស​អាល្លឺម៉ង់​ ដោយ​មិន​បាច់​ចំណាយ​អ្វី​ទាំង​អស់»។

លោក​ Bliss និយាយ​ថា​ លោក​កំពុង​គិត​ពិចារណា​ប្តូរ​ទៅ​សិក្សា​ជំនាញ​រចនា​ម៉ូដ​វិញ​ បន្ទាប់​ពី​លោក​បាន​ប្រលង​ធ្លាក់​មុខវិជ្ជា​រូបវិទ្យា​នា​ពេល​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​ លោក​ថា​ លោក​មិន​មាន​ការ​សោក​ស្តាយ​អ្វី​ទេ​ក្នុង​ការ​ផ្លាស់​ទៅ​នៅ​ប្រទេស​អាល្លឺម៉ង់​នេះ។

«ការ​រស់​នៅ​ចម្ងាយ​ជាង​៧.០០០​គីឡូម៉ែត្រ​ ពី​ឪពុក​ម្តាយ​ វា​ពិត​ជា​ការ​ពិបាក​មួយ។ ប៉ុន្តែ​ ការ​ធ្វើ​ដំណើរ​ទាំង​មូល​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង។ ខ្ញុំ​ចូល​ចិត្ត​ដំណើរ​ជីវិត​នេះ​គ្រប់​ពេល»។

ក្រុមហ៊ុនផ្តល់​ប្រឹក្សា​យោបល់​មួយ​អំពី​ការ​ជ្រើសរើស​សាកលវិទ្យាល័យ​អន្តរជាតិ​ ឈ្មោះ​ថា​ ៨ម៉ោង​និង​ការ​ផ្លាស់​ប្តូរ​ ឬ​ Eight Hours and Change មាន​មូលដ្ឋាន​នៅ​ទីក្រុង​ Chicago កំពុង​តែ​ព្យាយាម​ជួយ​និស្សិត​អាមេរិកាំង​ដទៃ​ទៀត​ឲ្យ​ដើរ​តាម​វិធី​របស់​លោក​ Bliss។

លោក​ Jay Malone ដែល​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​នេះ​ក៏​បាន​ទៅ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់​ដែរ​ ហើយ​នៅ​ពេល​នេះ​ លោក​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​ កូឡូញ (Cologne)។

លោក​បាន​ប្រាប់​កម្មវិធី​ HashtagVOA​ ថា​ និស្សិត​អាមេរិកាំង​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ បាន​សួរ​លោក​ជា​ញឹកញាប់​អំពី​ការ​ចំណាយ​បន្ថែម​សម្រាប់​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

លោក​ Malone​ និយាយ​ថា៖ «ការ​សិក្សា​នៅ​ទីនោះ​មិន​មែនថា​ឥត​គិត​ថ្លៃ​ទាំងស្រុង​នោះទេ។​ ប្រសិនបើ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ដែល​មាន​ការ​ចំណាយ​ខ្ពស់​ដូច​ជា​ទីក្រុង​មុយនិច​ជាដើមនិស្សត​ម្នាក់ៗ​គួរតែ​មាន​ថវិកា​ចន្លោះ​ពី​៨០០​ដុល្លារ​ ទៅ១.០០០​ដុល្លារក្នុង​មួយ​ខែសម្រាប់​ការ​ចំណាយ​ក្នុង​ការ​រស់​នៅ​ផ្សេងៗ។​ នៅតាមទីក្រុង​ដែល​មាន​ការ​ចំណាយ​មិនសូវ​ខ្ពស់ដែលស្ថិត​នៅ​ភាគ​ខាង​កើត​ អ្នក​អាច​ឃើញ​ថា​ ការ​ចំណាយ​អាច​មាន​តិច​ជាង​៦០០​ដុល្លារ​ក្នុង​មួយ​ខែ»។

លោក​ Malone​ និយាយ​ថា​ អាល្លឺម៉ង់​ចង់​បង្កើន​ចំនួន​និស្សិត​អន្តរជាតិ​របស់​ខ្លួន​ពី​ចំនួន​៣០០.០០០​នាក់​ដល់​៤០០.០០០​នាក់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ដោយអាល្លឺម៉ង់​សង្ឃឹម​ថា​ និស្សិត​ទាំង​នោះ​នឹង​បន្ត​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​នេះ​ ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​កម្លាំង​ការងារ​ដែល​កំពុង​តែ​ចាស់​ជរា​ និង​ចូលរួម​ក្នុង​ក្រុម​អ្នក​បង់​ពន្ធ​របស់​ខ្លួន។

នៅ​ពេល​សួរ​ថា​ តើ​គាត់​នឹង​ក្លាយ​ជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ជា​ច្រើន​ដែល​បន្ត​ស្នាក់​នៅ​ប្រទេស​អាលល្លឺម៉ង់​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នោះ លោក​ Bliss​ ឆ្លើយ​យ៉ាង​មុតមាំ​ថា៖ ពិតណាស់​ ខ្ញុំ​ចង់​នៅ​ទីនេះ។ ប្រទេស​នេះ​ អស្ចារ្យ​ណាស់»៕

ប្រែសម្រួល​ដោយ នៀម ឆេង