យក​ស្រូវ​ទៅ​ចាក់​ទុក ជាន់​ចំ​ផ្ទុះ​មីនតោន​របួសធ្ងន់​៣​នាក់​នៅ​ស្រុក​ប​វេ​ល

ខេត្តបាត់ដំបង​៖​លោក​វរសេនីយ៍ទោ អឿ​ម ទិ​ត្យ អធិការនគរបាល​ស្រុក​ប​វិល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣​ខែវិច្ឆិកា ឆ្នាំ​២០១៥​មាន​ករណី​ផ្ទុះ​មីនតោន​១​ករណី​នៅ​ចំណុច​ទួល​ធ្នង់​ខាងត្បូង​ភូមិ សៀម​ចំងាយ​៥​គីឡូម៉ែត្រ ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​៣​នាក់​។ 

​    ​សមត្ថកិច្ចបាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំង ៣​នាក់ ក្នុង​ហេតុ​ការ​នេះ​រួមមាន ១.​ឈ្មោះ វ៉ៃ សា​រួម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ទី​២.​ឈ្មោះ ដួល នួន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទួល​តា​សុក ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល និង​ទី​៣.​ឈ្មោះ ឃឹម សីហា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ ជា​ម្ចាស់​ស្រែ​រស់នៅ​ភូមិ​ទំនប់ទឹក ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ចំណែក​ម្ចាស់​ម៉ាស៊ីន​ច្រូតស្រូវ​ឈ្មោះ ដួង ទឹម​ដា​រ៉ា ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ ស្រុក​ថ្មគោល ខេត្តបាត់ដំបង បណ្តាល​ឲ្យ​ខូច​ម៉ាស៊ីន​ច្រូតស្រូវ ១​គ្រឿង​។ 

​    ​លោក​អធិការ​បាន​បន្ត​ឲ្យ​ដឹងថា ករណី​ផ្ទុះ​មីនតោន​ដែល​ធ្វើ​ឲ្យ​មនុស្ស​រងរបួស​ដ៏​ធ្ងន់ធ្ងរ​នេះ គឺ​បណ្តាលមកពី​ជនរងគ្រោះ​ទាំង ៣​នាក់​យក​ស្រូវ​ទៅ​ចាក់​ទុក​ក៏​ជាន់មីន​ផ្ទុះ​តែម្ដង​។ 

​    ​បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ និង​ព្យាបាល​៕

យក​ស្រូវ​ទៅ​ចាក់​ទុក ជាន់​ចំ​ផ្ទុះ​មីនតោន​របួសធ្ងន់​៣​នាក់​នៅ​ស្រុក​ប​វេ​ល