ឥណទាន​​មីក្រូ​ហិរញ្ញ​វត្ថុ​ឆ្នាំ​នេះ កើន​ឡើង​ជិត ៥៥% បើ​ធៀប​​ឆ្នាំ២០១៤


ឥណទាន​​មីក្រូ​ហិរញ្ញ​វត្ថុ​ឆ្នាំ​នេះ កើន​ឡើង​ជិត ៥៥% បើ​ធៀប​​ឆ្នាំ២០១៤

វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​វិវឌ្ឍ​និង​រីកចម្រើន តាំង​ពី​​អំឡុង​ទសវត្សរ៍​៩០។​​ នេះ​បើ​តាម​ការ​ថ្លែង​របស់ ឯកឧត្ដម គិម វ៉ាដា អគ្គនាយក​ត្រួតពិនិត្យ ធនាគារ​ជាតិ នៃ​កម្ពុជា​​ថ្លែង​ក្នុង​ពិធី​សម្ពោធ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ព្រីនន៍ ហ្វាយនែន ហើយ​ក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ ២០១៥ ឥណទាន​​​សរុប​របស់​វិស័យ​​មួយ​នេះ បាន​កើន​ឡើង​ជិត ៥៥% បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នាកាល​ពី​​ឆ្នាំ​ ២០១៤។

 

 ឥណទាន​​មីក្រូ​ហិរញ្ញ​វត្ថុ​ឆ្នាំ​នេះ កើន​ឡើង​ជិត ៥៥% បើ​ធៀប​​ឆ្នាំ២០១៤

ឯកឧត្ដម គិម វ៉ាដា អគ្គនាយក​ត្រួតពិនិត្យ ធនាគារ​ជាតិ នៃ​កម្ពុជា​ 

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​រូប​នេះ​ប្រាប់​ថា ៖ “ឥណទាន​​​សរុប​របស់​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​គិត​ត្រឹម​​ត្រីមាស​ទីបី​នៃ​ឆ្នាំ ២០១៥ បាន​កើន​ឡើង​រហូត​ដល់​​ជិត ៥៥ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​២០១៤ គឺ​កើន​ឡើង ៧,៣ ពាន់ពាន់​​លាន​​​រៀល​ដល់ ១១ ពាន់ពាន់​លាន​​​​​​រៀល”។

 

ចំនួន​ឥណទាន​សរុប​នេះ ជា​ចំនួន​មួយ​ដែល​ផ្ដល់​ជូន​ឱ្យ​អតិថិជន​សរុប ២ លាន​នាក់​ទូទាំង​ប្រទេស។ ​លោក​​​បាន​លើកឡើង​ថា វិស័យ​​ខាងលើ​ បាន​រីក​ធំធាត់​គួរ​ឱ្យ​កត់​សម្គាល់ និង​ដើរ​តួ​យ៉ាង​សំខាន់ ក្នុង​ការ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ប្រជាពលរដ្ឋ។

 

ឯកឧត្ដម គិម វ៉ាដា បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា ការ​រីក​ចម្រើន​នេះ​បាន​ឆ្លុះបញ្ចាំង​​តាម​រយៈ​ការ​ពង្រីក បណ្ដាញ​ប្រតិបត្តិការ​គ្របដណ្ដប់​ទូទាំង​ប្រទេស ដែល​បច្ចុប្បន្ន​​​ ការិយាល័យ​ប្រតិបត្តិ​ថ្នាក់​ស្រុក​មានចំនួន ៣ ០៦៤ កន្លែង ថ្នាក់​ភូមិ​មាន ១៩ ៨២០ ថ្នាក់​ឃុំ​​មាន ១១៧ ៣៩៣ កន្លែង។

 

“ខ្ញុំ​បញ្ជាក់​ថា​អ្វី​ខ្ញុំ​លើក​ឡើង​នេះ ជា​តួលេខ​ក្នុង​ប្រព័ន្ធ។ ពាក្យ​ក្នុង​ប្រព័ន្ធ​នេះ គឺ​មាន​ន័យ​ថា ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​​ធនាគារ​ជាតិ​នៃ​កម្ពុជា។ គ្រឹះស្ថាន​ទាំង​នោះ​ទទួល​បាន​អាជ្ញាប័ណ្ណ ឬ​វិញ្ញាបនបត្រ ទទួល​ស្គាល់​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​ជា​អាជ្ញាធរ​តែ​មួយ​គត់ ក្នុង​ការគ្រប់គ្រង​នូវ​ប្រព័ន្ធ​ធនាគារ និង​ហិរញ្ញវត្ថុ”។

 

ទោះបីជា​យ៉ាងណា វិស័យ​​មីក្រូហិរញ្ញវត្ថុ​នៅ​តែ​មាន​បញ្ហា​ខ្លះ​ដែរ ចំពោះ​អ្នក​ប្រតិបត្តិការ​ក្រៅ​ប្រព័ន្ធ ក្រោម​រូបភាព​ជា NGO គ្មាន​ការ​ត្រួតពិនិត្យ​ច្បាស់លាស់ ដែល​​​បណ្ដាល​ឱ្យ​មាន​បញ្ហា​កើត​ឡើង​។ ទោះ​ជា​​បែប​នេះ​ក្ដី ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រសួង​មហាផ្ទៃ បាន​សហការ​គ្នា​យ៉ាង​ល្អ ក្នុង​ការ​ទាញ​តម្រង់ NGO ទាំង​នោះ​ឱ្យ​ចូល​កន្លង​ក្នុង​ប្រព័ន្ធ។

 

​តាម​ការ​​បញ្ជាក់​របស់​ឯកឧត្ដម គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មិន​មែន​​​ជា​ស្ថាប័ន​ធ្វើ​សកម្មភាព ក្នុង​រូបភាព​ជា​អង្គការ​មនុស្ស​ធម៌ តាម​រយៈ​ការ​ទទួល​មូលនិធិ​ឥត​សំណង​ពី​រដ្ឋាភិបាល ឬ​​ម្ចាស់​ជំនួយ​នោះ​ទេ។ ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺ​មាន​លក្ខណៈ​ជា​អាជីវកម្ម ដែល​ចាំបាច់​ត្រូវ​រកចំណូល​ក្នុង​ការ​​​ទ្រទ្រង់ និង​រក្សា​និរន្តរភាព​របស់​ខ្លួន ប៉ុន្តែ​មិន​បាន​ន័យ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ត្រូវ​ធ្វើ​ប្រតិបត្តិការ ដោយ​យក​ប្រាក់កម្រៃ​ហួសហេតុ​ពី​ពលរដ្ឋ​ក្រីក្រ ដែល​ខុស​ពី​ទស្សនវិស័យ និង​បេសកកម្ម​របស់​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ។

 

ឯកឧត្ដម គិម វ៉ាដា បញ្ជាក់នៅ​​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៥​ ថា៖ “ក្នុង​នាម​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា យើង​នឹង​បន្ត​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ ចំពោះ​គ្រប់​គ្រឹះស្ថាន​​​ធនាគារ ហិរញ្ញវត្ថុ​ទាំង​អស់ ដែល​ប្រតិបត្តិការ​នៅ​កម្ពុជា​ ដើម្បី​ធានា​ភាព​រឹងមាំ និង​សុវត្ថិភាព។ ធនាគារ​ជាតិ​នៃ​កម្ពុជា នឹង​​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ  ក្នុង​ការ​ដាក់​ចេញ​​បទ​បញ្ញតិ​ថ្មីៗ​ផ្សេងៗ ដើម្បី​បង្កើន​ប្រសិទ្ធភាពនៃ​​ការ​ប្រកួត​ប្រជែង​ តាម​គោលការណ៍​​ទីផ្សារប្រកមដោយសមភាព និង​តម្លាភាព​កាន់​តែ​ប្រសើរ​ឡើង”៕

 

រថយន្ត​ក្រុង​ដំណើរ​ការ​ធម្មតា​ក្នុង​ឱកាស​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​នេះ

លោក ហ៊ន់ សុរចនា៖​ ក្រៅ​ពី​ចំណេញ​ក្រុមហ៊ុន​ត្រូវ​ចេះ​ចែក​រំលែក

 

អត្ថបទ៖ អ៊ុំ សុភក្តិ