មេ​ខ្លោង​ដែល​សង្ស័យ​ថា​បាន​សម្លាប់​រង្គាល​នៅ​ក្រុង​ប៉ារីស​នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ

មេ​ខ្លោង​ដែល​សង្ស័យ​ថា​បាន​សម្លាប់​រង្គាល​នៅ​ក្រុង​ប៉ារីស​នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ

ទាហាន​បែលហ្ស៊ិកឈរយាមល្បាត​នៅ ​Grand Place នៃ​ប្រទេស​បែលហ្ស៊ិក​ ​ខណៈ​ពេល​ដែល​ក្រុមប៉ូលិស​កំពុង​បន្ត​ឆែកឆេរ​តំបន់​នោះ​ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​នេះ​ស្ថិត​​ក្នុង​ការ​ប្រុងប្រយ័ត្នខ្ពស់ក្រោយ​មាន​ការ​វាយប្រហារ​នៅ​ប៉ារីស។

កាល​ពី​ថ្ងៃ​ចន្ទ​ ពួក​រាជ​អាជ្ញា​នៃ​ប្រទេស​បែលហ្ស៊ិក​បាន​និយាយ​ថា ​ការ​ឆ្មក់​វាយ​ប្រហារ​ប្រឆាំង​នឹង​ភេរវកម្មបាន​នាំ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​៥​នាក់​ថែមទៀតហើយ​ចំនួន​មនុស្ស​ទាំង​អស់​ដែល​បាន​ត្រូវ​ចាប់​ខ្លួន​បាន​កើន​ដល់​២១នាក់​ហើយ​ នៅ​ពេល​ដែល​រាជធានី​ព្រុចសែល​ នៅ​តែ​ឋិត​ក្នុង​កម្រិត​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត។

កាល​ពី​ពេល​មុន​នៅ​ថ្ងៃ​ចន្ទ​ដដែល​នោះ​ ពួក​រាជអាជ្ញា​បាន​ថ្លែង​ថា ​ពួក​ប៉ូលិស​នៅ​ក្នុង​រាជធានី​ចាប់​បាន​ជន​ជាប់​សង្ស័យ​ថា​ជា​ភេរវជន​១៦​នាក់​នៅ​ក្នុង​ការ​វាយ​ឆ្មក់​២២​ដង​ ក៏​ប៉ុន្តែ​ឈ្មោះ​ Salah Abdeslam ​ដែល​ជា​ជន​ជាប់​សង្ស័យ​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ការ​សម្លាប់​រង្គាល​ក្នុង​ក្រុង​ប៉ារីស​ នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

ពួក​រាជអាជ្ញា​និយាយ​ថា ​មាន​ជន​ជាប់​សង្ស័យ​យ៉ាង​តិច​ណាស់​ម្នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ការ​ឆ្មក់ទាំង​នេះ។​ ការ​វាយ​ឆ្មក់១៩កន្លែង​ក្នុង​បណ្តា​ការ​វាយ​ឆ្មក់​ទាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កន្លែង​នានា​ខាង​ក្នុង​និង​នៅ​ជុំវិញ​ក្រុង​ព្រុចសែល។

លោក​នាយក​រដ្ឋមន្ត្រី​បែលហ្ស៊ិក​ Charles Michel ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «យើង​ព្រួយបារម្ភ​អំពី​ការ​វាយ​ប្រហារ​មួយ​ស្រដៀង​គ្នា​នឹង​ការ​វាយ​ប្រហារ​នៅ​ក្រុង​ប៉ារីស»។

គេ​គិត​ថា​ ឈ្មោះ​ Abdeslam ​បាន​ឆ្លង​កាត់​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក កាល​ពី​ថ្ងៃ​ទី១៤​ ខែ​វិច្ឆិកា​ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​ពួក​ជន​ប្រដាប់​អាវុធ​រដ្ឋ​ឥស្លាម បាន​សម្លាប់​មនុស្ស​១៣០​នាក់​និង​ធ្វើ​ឱ្យ​មនុស្ស​រាប់រយ​នាក់​ទៀត​ត្រូវ​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ក្នុង​ក្រុង​ប៉ារីស។ ​ជន​ជាប់​សង្ស័យ​ថា​ជា​មេគំនិត​រៀបចំ​ការ​វាយ​ប្រហារ​ទាំង​នេះ​ឈ្មោះ Abdelhamid Abaaoud បាន​ត្រូវ​សម្លាប់​កាល​ពី​ថ្ងៃ​ពុធ​នៅ​ក្នុង​ការ​ឆ្មក់វាយ​ប្រហារ​មួយ​ដោយ​ពួក​ប៉ូលិស​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​មួយ​នៅ​ខាង​ជើង​ក្រុង​ប៉ារីស។​

ប្រព័ន្ធ​រទេះ​ភ្លើង​ក្រោម​ដី​និង​សាលារៀន​ក្នុង​ក្រុង​ព្រុចសែល​ បាន​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ពេល​ដែល​អ្នកស្រុក​ដែល​មាន​ការ​ព្រួយបារម្ភ​ ប្រឈម​នឹង​ការ​បិទ​ប្រព័ន្ធ​សេវា​សាធារណៈ​នៅ​ថ្ងៃទី​បី​ និង​ការ​បិទថ្ងៃ​ធ្វើការ​មួយ​សប្តាហ៍​ទៀត​ ដោយសារ​មាន​ការ​តាម​ប្រមាញ់​ពួក​ភេរវជន៕