ឃុំ​អូរ​សោម​ស្រុក​វាល​វែង​ទើបតែ​​កើត​វត្ត​ដំបូង​គេ​​សូម​អំពាវនាវ​រក​សប្បុរសជន

ខេត្តពោធិ៍សាត់​ ៖ ​អូរ​សោម​ គឺជា​ឈ្មោះ​ឃុំ​មួយ​ ក្នុង​ចំណោម​ឃុំ​ទាំង​​៥​របស់​ស្រុក​វាល​វែង ​មាន​ចម្ងាយ​ប្រមាណ​១៧០​គីឡូម៉ែត្រ​ពី​ទី​រួម​ខ​ត្ត​ពោធិ៍សាត់​ ។​ ភូមិសាស្ត្រ​សម្បូរ​ទៅ​ដោយ​ព្រៃ​ភ្នំ​ក្រំ​ថ្ម ជ្រោះ​ជ្រង​ជ្រលង​ដងអូរ មាន​សត្វព្រៃ​រស់នៅ​​គ្រប់​ប្រភេទ​ ជា​តំបន់​ដីក្រហម អាកាសធាតុ​ត្រជាក់ ​សម្បូរ​ដើម​ម្រះព្រៅភ្នំ ដើម​ក្រវាញ ដើម​ដង្កោ ឈើប្រណីត ​ពិសេស​ឈើ​គ្រ​ញូ​ង​តែ​ម្ដង ​ដែល​ប្រភេទ​ដើមឈើ​ទាំង​អស់នេះ​នៅ​កន្លែង​ផ្សេង​ សឹង​​តែ​ពុំ​មាន​នោះ​ឡើយ ​។

​ម្យ៉ាងវិញទៀត ​ទីនោះ​មាន​ទិដ្ឋភាព​ស្រស់បំព្រង​គួរ​ឲ្យ​ចង់​គយគន់​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរ​​មក​ពី​ទី​ជិត​ឆ្ងាយ​​ ជា​កន្លែង​ផលិត​​ថាមពល​វារី​អគ្គិសនី​​ដ៍​​សម្បូរ​​បែប​ផង​ដែរ ​។ ​កាលពីដើម​ឡើយ​ ទីនោះ​មាន​តែ​ជនជាតិភាគតិច​ជង​ប៉ុណ្ណោះ​រស់នៅ​ពុំ​មាន​ជនជាតិ​ខ្មែរ​ទេ​ ហើយក៍​ពុំដែល​មាន​វត្ត​អារាម​ដែរ ​។ ​គេ​មាន​អ​ប៉ី​ជំនឿ​ទៅ​តាម​ទម្លាប់​ត​ៗ​គ្នា​តាំងពី​ដូនតា​មក ប៉ុន្តែ​បច្ចុប្បន្ន​ជនជាតិ​ខ្មែរ​បាន​ទៅ​រស់នៅ​ច្រើន​ធ្វើ​ឲ្យ​ជនជាតិភាគតិច​ជង​បាត់បង់​នូវ​ទំនៀម​ទម្លាប់​​របស់​ពួក​គាត់​ជា​បណ្ដើរ​ៗ​ហើយ​ ។ ​ដោយសារ​ជនជាតិ​ខ្មែរ​ទៅ​រស់នៅ​ទីនោះ​ច្រើន​ក៍បាន​​​កើត​វត្ត​មួយ​ដំបូង​គេ​ឈ្មោះ​ថា​«វត្ត​អូរ​សោម​» ដែល​កំពុង​កសាង​សព្វ​ថ្ងៃនេះ​មានការ​ខ្វះខាត​​​ហើយ​​សូម​អំពាវនាវ​​រក​សប្បុរសជន​ឲ្យ​ជួយ​ ។

​​​ដោយ​ឃើញ​វត្ត​អូរ​សោម​ទើបតែ​ចាប់ផ្ដើម​កសាង​នៅ​ខ្វះខាត​គ្រប់​បែប​យ៉ាងនោះ ​កាលពី​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ​ព្រះ​តេជគុណ ឡាយ កន ព្រះ​ចៅអធិការ​វត្ត​បាកាន​ បាន​រៀបចំ​ធ្វើ​កឋិនទាន​សមាគម​មួយ​ដង្ហែ​ទៅ​កាន់​វត្ត​អូរ​សោម​ ដើម្បី​ប្រមូល​បច្ច័យ​ចូលរួម​កសាង​ព្រះ​វិហារ ​។ ​បច្ច័យ​ដែល​ប្រមូល​បាន​ពី​អង្គក​ឋិ​ន​ទាន​សមាគម​នៅ​វត្ត​បាន​កាន​នេះ​ ​សរុប​​ចំនួន​ជាង​១៧​លាន​រៀល​ ក្នុង​នោះ​មានការ​ចូលរួម​ពី​លោក​រដ្ឋមន្ត្រី ​ស៊ុ​យ សែ​ម​១០០​ដុល្លារ ​ ​លោក​ ម៉ៅ ធនិន​ ចំនួន​៤លាន​រៀល​ និង​លោក​ឧកញ៉ា​ ទ្រី ភាព​ ១.០០០​ដុល្លា​រ​អាមេរិក​ ។​ បច្ច័យ​សម្រាប់​កសាង​សរុប​ទាំង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​អូរ​សោម​ផង​ មាន​ចំនួន​ ២២​លាន​ ២​សែន​រៀល​ និង​បច្ច័យ​សង្កត់​ត្រ័យ​​៧​លាន​រៀល​ ។

​ព្រះ​ចៅអធិការ​វត្ត​អូរ​សោម​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​លោក ​ទេព ង​ន លោក​រដ្ឋមន្ត្រី​ ស៊ុ​យ សែ​ម លោក​ ម៉ៅ ធនិន លោក​ឧ​ញ៉ា​ទ្រី ភាព ព្រះ​តេជគុណ ​ឡាយ កន ​ព្រះ​ចៅអធិការ​វត្ត​បាកាន​ និង​ពុទ្ធបរិស័ទ​ទាំងអស់​ ដែល​បាន​ចូលរួម​កសាង​វត្ត​អូរ​សោម​នា​ពេល​នេះ​ និង​បាន​អំពាវ​នាវ​ដល់​សប្បុរសជន​ដទៃ​ទៀត​​ឲ្យ​ជួយ​បន្ត​ ព្រោះថា​ វត្ត​នៅ​មានការ​ខ្វះខាត​ច្រើន​ណាស់​ដើម្បី​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ​៕