ប្រវត្តិ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​

ភ្នំពេញ: ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នៅ​ថ្ងៃទី​២៤-២៥ និង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ប្រវត្តិ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដោយយោង​តាម​ឯកសារ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​បុណ្យជាតិ អន្តរជាតិ បានឱ្យដឹងថា​ព្រះរាជ​ពិធី បុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​មាន​តាំងពី​បុរាណ​យូរលង់​មកហើយ​ដែល មានចែង ក្នុង​ឯកសារ​របស់​ប្រវត្តិវិទូ​បរទេស ​ក៏ដូចជា​តាម​សិលាចារឹក​នៃ​ប្រាសាទ​អង្គរ​។​

​តាម​សៀវភៅ​ជ័យ​វរ្ម័នទី​៧ មាននៅ​ក្នុង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ពី​ដើម​មាន​ចែងថា​៖

​នៅក្នុង​សម័យអង្គរ​នា​គ​.​ស​សតវត្សរ៍​ទី​១២​ក្នុង​កម្ពុ​ជាមាន​សេចក្តីសុខក្សេមក្សាន្ត​រុងរឿង​ណាស់​ដោយ​ព្រះបាទ ជ័យវរ្ម័ន ទី​៧​ស្តេចយាង​ធ្វើសង្គ្រាម​ជើង​ទឹក ដើម្បី​បង្ក្រាប​ពួក​ចាម​ដោយ​កងទ័ព​ទូក​ជា​ចម្បាំង​រំដោះ​ក្រុង​កម្ពុជា ឱ្យ​រួចផុត​ស្រឡះ​ពី​ខ្មាំងសត្រូវ (​គ​.​ស​១១៧៧-១១៨១) រឿង​ចម្បាំង​គ្រានោះ​មាន​ឆ្លាក់​នៅលើ​ជញ្ជាំង​ប្រាសាទ បាយ័ន​និង​បន្ទាយឆ្មារ ។​

​ក្នុង​ចម្លាក់​នោះ មាន​កងទ័ព​ទូក​យ៉ាងច្រើន​មហិមា​ដែលមាន​ព្រះឆាយាល័ក្ខណ៍​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ប្រថាប់ ឈរលើ​ទីតាំង​នាវាចម្បាំង​ដោយ​ទ្រង់​ធ្នូ​និង​ដំបង​យ៉ាង​ស្វាហាប់​ក្នុងចំណោម​កងទ័ព​ទូក​ទាំងឡាយ​។​

​ឯកសារ​ល្បែង​ប្រណាំងទូក​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​លេខ​១៩. ០០៤​និពន្ធ​ដោយ លោក​ថាច់ ប៉ែន ហៅ​ប៉ាង អាចារ្យ​នៅ​ពុទ្ធសាសនបណ្ឌិត្យ​រង ខេត្ត​ឃ្លាំង​កម្ពុជា​ក្រោម​មាន​ចែងថា ៖ សម័យ​លង្វែក ព​.​ស ២០៧១ គ​.​ស ១៥២៨​ព្រះបាទ​អង្គចន្ទ​ទី​១​ទ្រង់​តាំង​ពញា​តាត ងារ​ជា​ស្និ​ទ្ធិ​ភូ​បា​ជា​ស្តេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម ស្រុក​បាសាក់​។​

​ស្តេច​ក្រាញ់​នេះ​បាន​ចាត់​របៀប​រៀបចំ​ការពា​រ​ស្រុក មាន​ដូចតទៅ​នេះ ៖

​ទាហានជើងទឹក​ចែកជា​៣​ក្រុម​
-​ក្រុមទី​១ ហៅ​ទ័ពស្រួច ហាត់​ច្បាំង នឹង​ទូក​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។ -​ក្រុមទី​២​ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង នឹង​ទូក​ចែវ​ពីរ​ជួរ​ដែលមាន​ទ្រង់ទ្រាយ​ដូច​ទូកប្រណាំង​យើង​សព្វថ្ងៃ​។​
-​ក្រុមទី​៣​ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល មាន​ចែវ មាន​ក្តោង​មាន​ទ្រង់ទ្រាយ​ដូច​ទូក​បាសាក់ ហៅ ទូកប៉ុក​ចាយ​តែ​រាង​ស្តួច​វែង​មាន​ដំបូល​តែមួយ​កាត់​ខាងមុខ​ឥត​ជញ្ជាំង​។​ល​។ ជា​ទូក​ដាក់​ស្បៀងអាហារ សម្រាប់​កងទ័ព ។​

​របៀប​បង្ហាត់​ចម្បាំង "​តាម​ទំនៀម​ស្តេច​ក្រាញ់​កម្ពុជា​ក្រោម​" ស្រេច​លើ​មន្ត្រី​៤​ទិស "​ចតុស្តម្ភ​" ដែលមាន នៅក្នុង​ឱវាទ​ស្និទ្ធ​ភូបាល​ស្តេច​ក្រាញ់​គ្រប់ជំពូក ដែលមាន​បញ្ញត្តិ​ច្បាប់​សម្រាប់​ស្រុក ។​ល​។ កំណត់​ថ្ងៃ​ពេញ បូណ៌មី ខែកត្តិក រដូវ​អកអំបុក​នោះ​មន្ត្រី​៤​ទិស​ត្រូវ​កេណ្ឌ​ទាហាន​ទាំង​ជើង​ទឹក ជើងគោក «​សមយុទ្ធ​» ១​ថ្ងៃ ១​យប់​រាល់​ឆ្នាំ​។​

​ចំណែក​ទាហានជើងទឹក​ឱ្យទៅ​ប្រឡង​ឫទ្ធិ​ឯ​ទន្លេ​ពាម​កន្ថោរ ក្នុង​ខេត្ត​ឃ្លាំង ត្បិត​ទីនោះ​មាន​ទីប្រជុំ​ទឹក គ្រប់ ខេត្ត​ទៅមក​បាន​ស្រួល​។​

​តាម​សៀវភៅ និង​ឯកសារ​ជា​ប្រភព​ទាំងពីរ​ខាងលើនេះ​អាច​សន្និដ្ឋានបានថា​ប្រទេស​កម្ពុជា​សម័យបុរាណ ជា​ប្រទេស​មាន​កងទ័ពជើងទឹក​យ៉ាងខ្លាំង​ពូកែ​និង​មាន​ពិធី​ហ្វឹកហ្វឺន ពិធី​សមយុទ្ធ​កងទ័ព នេះ​ជា​ប្រពៃណី ជាប់​រៀងរហូត​មកហើយ​អាចសន្និដ្ឋាន​បាន​ទៀតថា ប្រទេស​កម្ពុជា​ធ្វើ​ពិធី​នេះ​រៀងរហូត មក​គឺ​ជាប់​តំណ មកពី​សមយុទ្ធ​ក្នុងសម័យ​បុរាណ​នេះឯង​។​

​ឯកសារ​ខ្លះ​និយាយថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​គឺជា​បុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ​របស់​ប្រទេស​កម្ពុជា​។ បុណ្យ នេះ​មាន​រូបភាព​ប្រហាក់ប្រហែល​នឹង​បុណ្យ​ប្រចាំ​រដូវ​របស់​ជនជាតិ​អឺរ៉ុប​ដែលមាន​ឈ្មោះថា សាំង​ហ្ស​ង់ ដែល បច្ចុប្បន្ន​ប្រារព្ធ​ធ្វើ​នៅ​អឺរ៉ុប​ខាងជើង​។​

​ប្រពៃណី​ខ្លះ​មាន​ប្រវត្តិ​ជាប់ទាក់ទង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ប្រវត្តិ​ព្រះពុទ្ធ​ជា​ម្ចាស់​ប៉ុន្តែ​ការបកស្រាយ​មួយ ដែល អាច​យកជាការ​គ្រប់គ្រាន់​គឺ​ក្នុង​បំណង «​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បានផ្តល់​ដល់​ជីវភាព រស់នៅ និង​សុខុមាលភាព​ចំពោះ​ទឹកដី​វិញ ដែល​យើង​នាំគ្នា​ធ្វើឱ្យ​កករ​ល្អក់​»​។​

​ការបកស្រាយ​ចុងក្រោយ​នេះ​គឺ​ដូចគ្នា​បេះបិទ​ទៅនឹង​ទំនៀមទម្លាប់​នៃ​ព្រហ្មញ្ញ សាសនា​ហើយ​ស្រប​នឹង ស្ថានភាព​ភូមិសាស្ត្រ​ជាក់ស្តែង​និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាកសិករ​យើង​។​

​ព្រះ​រាជពិធី​បុណ្យអុំទូក​ប្រព្រឹត្តទៅ​នៅ​ថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹង​រដូវ​ទឹកជំនន់ ដែល​ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ហើយ​បានធ្វើឱ្យ​បឹងបួ​ទាំងឡាយ​ក្លាយទៅជា​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ ហើយក៏​បញ្ជាក់ទៀតថា​ពេល នោះ​ស្រូវ​ក្នុង​ស្រែ​កំពុងតែ​ទុំ​ហើយ​។ នៅពេលដែល​ទឹកទន្លេ​មេគង្គ​លិច​ជន់ «​សីហា​-​វិច្ឆិកា​» ទឹកជំនន់​ដ៏​សន្ធឹក សន្ធាប់​បាន​ចូល​ចាក់​ស្រោចស្រព​បឹងបួ​តាមរយៈ​ទន្លេសាប ដែល​ហូរ​ពី​ត្បូង​ទៅ​ជើង​។​

​ដល់​រដូវ​ទឹក​ស្រក​ដែល​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា​ទឹក​បឹងបួ​ហូរ​ត្រឡប់​តាម​ទន្លេសាប​ដដែល​ពី​ជើង​មក​ត្បូង​វិញ​។ ជំនន់​នៃ​ទន្លេមេគង្គ​ពិសេស​ជំនន់​នៅតាម​បឹងបួ​មាន​ប្រភព​មកពី​ប្រទេស​ចិន​ដ៏​សែនឆ្ងាយ​បានផ្តល់​នូវ​ជីវភាព ស្រែចម្ការ​នៅ​ប្រទេស​កម្ពុជា​។​ដីល្បាប់​ដែល​បាន​ដោយសារ​ទឹកជំនន់​នៃ​ទន្លេ​បឹងបួ​ទាំងឡាយ​បានធ្វើឱ្យ​ដី​មាន ជីវជាតិ បង្ក​បាន​នូវ​ធនធាន​សម្បូរបែប​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ដំណាំ​ទាំងឡាយ​ដែល​កសិករ​ធ្វើតាម​ចង្វាក់​នៃ​ទឹក​ស្រក​បាន​ផ្តល់នូវ​ផល​យ៉ាងច្រើន​រាំង​ស្កាត់​នូវ​គ្រោះ​ទុរ្ភិក្ស និង​ផ្តល់នូវ​សុភមង្គល​។​ដូច្នេះហើយ​បានជា​ដល់​រដូវ​ទឹក​ស្រក បុរាណ​ខ្មែរ​យើង​កំណត់​យក​ថ្ងៃពេញបូណ៌មី ខែកត្តិក​ជា​រៀងរាល់ឆ្នាំ រៀបចំ​ពិធី​អុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​ដើម្បី​សម្តែង​នូវ​មនោ ស​ញ្ចេ​ត​នា​ដឹងគុណ​ទន្លេមេគង្គ និង​ទន្លេសាប​ដែល​បានផ្តល់​ជីវជាតិ​យ៉ាងសំខាន់​បម្រើ​វិស័យ​កសិកម្ម​។​

​ព្រះរាជ​ពិធីបុណ្យ​នេះ​តែងតែ​ប្រារព្ធ​ក្នុង​រយៈពេល​៣​ថ្ងៃ​គឺ​ពី ថ្ងៃ​១៤​កើត​១៥​កើត​និង​ថ្ងៃ​១​រោច​ខែកត្តិក នៅតាម​ដង​ទន្លេសាប​៕V​/S

ប្រវត្តិ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​