ផ្ទះ​ល្វែង​ថ្ម​មានជញ្ជាំង​ប្រេះ​ចង់រលំ អ្នក​ជិត​ខាង​ភ័យខ្លាច

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ចំនួន​ពីរ​គ្រួសារ កំពុង​តែ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ដោយ​ដេក​មិន​លក់​បក់​មិន​ល្ហើយ ចំពោះ​បញ្ហា​សុវត្ថិភាព ខណៈ​ជញ្ជាំង​របង និង​ជញ្ជាំង​ផ្ទះថ្ម​មួយ​កន្លែង​នៅ​ជាប់​នឹង​ផ្ទះ​របស់​ពួក​គាត់ ស្ថិត​នៅ​ចំណុច​ដី​ថ្មី ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ កំពុង​តែ​ប្រេះស្រាំ ដោយ​ខាងគេ​មាន​សណ្ឋាន​ដី​ខ្ពស់ ក្រែងតែ​រលំ​មក​លើ​ផ្ទះ​របស់​គាត់ ហើយ​គាត់​បាន​ប្រាប់​ម្ចាស់​គេ តាំងពី​ខែសីហា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ អត់​ឃើញ​មាន​អ្នក​ណា​ម្នាក់ ចុះ​មក​ធ្វើការ​ជួសជុល​នោះ​ឡើយ ។

ជាក់ស្តែង កាលពី​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ២០១៥ ខណៈ​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ស្រាប់តែ​ឃើញ​ជញ្ជាំង​របង និង​ជញ្ជាំង​ផ្ទះថ្ម​មួយ​ល្វែង កំពុង​តែ​ប្រេះស្រាំ ដែល​ស្ទើរតែ​រលំ​ដួល​ទៅ​លើ​ផ្ទះ​អ្នក​ជិតខាង​ទាំង​២​គ្រួសារ​នេះ​ទៅ
ហើយ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ភ័យ​ខ្លាច​ខាងលើ​ទាំង​២​គ្រួសារ មាន​ទី​១-​ឈ្មោះ​ឆឹង ចាន់​ធី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​កសិករ ប្រពន្ធ​ឈ្មោះ សុខ រ៉ាំ អាយុ​៤៧​ឆ្នាំ ទី​២-​ឈ្មោះ​រឹម ខុស ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជា​ស្ត្រី​ម៉េ​ម៉ា​យ ។ ចំណែក​ម្ចាស់ផ្ទះ​ជួល ដែល​ប្រេះ​ជញ្ជាំង​មានឈ្មោះ សុខ ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អាជីវករ រស់នៅ​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី
ភ្នំពេញ ។

ប្រភព​ពី​បុរស​ឈ្មោះ​ឆឹង ចាន់​ធី បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​សង្កេត​ឃើញ​ជញ្ជាំង​របង​ខាងលើ និង​ជញ្ជាំង​ផ្ទះថ្ម​ជួល​នេះ អត់​មាន​ចាក់​គ្រឹះ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ឡើយ ដោយ​សាងសង់​នៅ​លើ​ដី​ដែល​គេ ទើបតែនឹង​ចាក់​ថ្មី លុះ​ក្រោយមក​ស្រាប់តែ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​បណ្តាល​ឱ្យ​ស្រុត​ដី ហើយ​ក៏​ក្លាយទៅជា​ប្រេះស្រាំ​បែប​នេះ​តែ​ម្តង ។ គាត់​បន្ត​ទៀត​ថា គាត់​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​ស្រុក និង​សុរិយោដី​ស្រុក​សាលា​ក្រៅ​រួចរាល់​អស់ហើយ ប៉ុន្តែ​អត់​ឃើញ​អើពើ​មក​ពិនិត្យ​មើល​នោះ​ឡើយ ។ ពេល​ប្តឹង​ទៅ ស្ងាត់ឈឹង បែប​ទុក​ទាល់តែ​រលំ​សង្កត់​ស្លាប់​មនុស្ស ទើប​ក្រោក​ពី​កៅអី​មក​ដោះស្រាយ​ប្ញ?