ឌុ​ប​ស្រី​ស្នេហ៍​ចេញពី​ហូប​ការ​ទៅ​ហូប​បង្អែម​ត្រូវ​ចោរ​​កាប់​​របួសធ្ងន់​ទាំង​ពីរ​នាក់​ប្លន់យក​ម៉ូតូទៅ​បាត់​

ខេត្តកំពត​ ៖ មាន​ហេតុ​ការណ៍ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០ និង៤៥​នាទី​យប់ ​ថ្ងៃ​ទី២៣ ​វិច្ឆិកា ​​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ កំពត ខេត្ត​ព្រះ​សីហ​នុ ​​​ខាងលិច​ស្ពាន​ដុក​ត្រុំ ​ព្រំប្រទល់​ក្រុង​កំពត​+ស្រុក​ទឹកឈូ ចម្ងាយ​ប្រមាណ​ជា​៣០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ​​ចោរ​​​មានគ្នា​ពីរ​នាក់​​ប្រដាប់​ដោយ​អាវុធ​AK​មួយ​ដើម​ និង​ញញួរ​មួយ​ដើមបានស្ទាក់​វាយ​​​​​បុរស​ម្នាក់​បណ្តាល​ឱ្យ​ផុង​លលាដ៏​ក្បាល​សន្លប់​ក្នុង​ថ្លុក​ឈាម​ប្លន់​ម៉ូតូមួយ​គ្រឿង​​​ម៉ាក​ហុង​ដា​ សេ​១២៥​ ពណ៌​ក្រហម​ ស៊េ​២០០៨​ឡើង​តែម​២០១៥​ មិន​ចាំ​ស្លាក​លេខ ទៅ​បាត់ ​ខណៈបុរស​រូប​នោះកំពុងឌុ​ប​ស្ត្រី​ម្នាក់​ចេញពី​ហូប​ការកូន​អ្នក​ភូមិ ក្នុង​បំណង​មក​ហូប​បង្អែម​នៅ​ក្រុង​កំពត​។

​ប្រភព​ព័ត៌​មាន​ពី​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​កើតហេតុ​ការ​ណ៍ ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឲ្យ​អ្នកស្រុក​នៅ​ក្បែរ​នោះជួយ​ទើប​មានការផ្អើល​ឆោ​ឡោ​ ហើយ​បាន​អ្នកស្រុក​ជួយ​រាយ​ការណ៍​តាម​ទូរ​សព្ទ័​ប្តឹង​សមត្ថកិច្ច​ឲ្យជួយ​អន្តរា​គម​ន៍ភ្លាម​ៗ​ដែរ ប៉ុន្តែ​ជនល្មើស​បាន​ចេញ​បាត់​ទៅ​ហើយ​។

ប្រភព​បន្ត​ទៀត​ថា ​ពេល​នោះកំលាំង​គ្រប់​ផ្នែក​មាន កំលាំង​អន្តរា​គម​ន៍របស់​ស្នងការ​ខេត្ត កំលាំង​កងរាជអាវុធហត្ថ​ក្រុង​ និង​ខេត្ត​បាន​ចេញ​អន្តរា​គមន៍​ស្ទាក់​គ្រប់​ច្រកល្ហក​តាម​ផ្លូវ​នានា​នៅ​ក្នុង​ក្រុង ​និង​ជាយក្រុង
ប៉ុន្តែ​ពុំ​បាន​ជួបជនល្មើស​ទេ​។

លោក​ណុ​ប ចាន់​ភាព អធិការរង​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បុរសស្ត្រី​ទាំង​ពីរ​នាក់​នេះ​មុន​ពេល​កើតហេតុ ពួក​គាត់​ចេញពី​ហូប​ការកូន​អ្នក​ភូមិ​នៅ​ក្បែរ​ផ្ទះ​ឌុ​ប​គ្នា​មក​ហូប​បង្អែម​នៅ​ក្រុង​កំពត​​បាន​ជួប​ហេតុ​ការ​ណ៍នេះ​តែ​ម្តង​ទៅ​ (​ប៉ុ​ន្តែ​អ្នក​ទាំង​ពីរ​មិនមែន​ជា​ប្តី​ប្រព​ន្ធនឹង​គ្នា​ទេ ពីព្រោះ​ក្រោយ​ពេល​កើតហេតុ​មាន​ស្ត្រី​ម្នាក់​ផ្សេង​ទៀត​បាន​ស្តីបន្ទោស​ស្ត្រី​រង​គ្រោះថា​ កុំ​តែ​នាង​ឯង ប្តី​អញ​មិន​ជួប​ហេតុ​ការ​ណ៍អីចឹង​ទេ​)​។

លោក​បន្ត​ទៀត​ថា បុរស​រង​គ្រោះ​មានឈ្មោះ​អ៊ឹ​ន ក្រូច អាយុ​៤៦​ឆ្នាំ រង​របួស​ថ្ងាស់​ធ្ងន់ធ្ងរ​(​ផុង​លលាដ៍​)​វាយ​ដោយ​ញញួរ​ ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​រួម​ដំណើរ​ឈ្មោះ វង់ សៀ​ក អាយុ​៤៨​ឆ្នាំ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​រលួសឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​៕