តុលាការ​ឃុំខ្លួន មុខសញ្ញា​ពីរ​នាក់ ដែល​ជួញដូរ​គ្រឿងញៀន ជាង​មួយ​គីឡូក្រាម​

ភ្នំពេញ:  មុខសញ្ញា​ពីរ​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន ទម្ងន់​ជាង​១​គីឡូក្រាម ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​ស៊ើបអង្កេត​រក​មេខ្លោង​ម្នាក់ទៀត​ដែល​គេចខ្លួនបាត់ ។​

​មុខសញ្ញា​ពីរ​នាក់​នេះ​ឈ្មោះ ឌី​ន មិន​ហ៊ូ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម និង ឈ្មោះ សែម សាយ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់នៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ម​ន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្បែរ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ស្ថិតក្នុង​ភូមិ​បឹង​ឈូក សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារអំពៅ ។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដំបូង​មុខសញ្ញា​ពីរ​នាក់​នេះ បាន​ណាត់ជួប មុខសញ្ញា​ម្នាក់ទៀត​ដែលជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ខាងកើត​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ ដើម្បី​ទិញ​គ្រឿងញៀន ទៅតាម​តម្លៃ​ដែល​បាន​ចរចារ​គ្នា​រួចហើយ ។ ពេល​កំពុង​ធ្វើ​សកម្មភាព មុខសញ្ញា​ជា​មេខ្លោង ដឹងថា មាន​សមត្ថកិច្ច​តាម​បង្ក្រាប​ក៏បាន​បើករថយន្ត​ម៉ាក ឡិច​ស៊ី​ស ៤៧០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 9882 យ៉ាង​លឿន​គេច​ពី​សមត្ថកិច្ច​បណ្តាល​ឲ្យ ធ្លាក់​ផ្លូវ​ទៅមុខ​លែងរួច ហើយ​មុខសញ្ញា​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នេះ ។​

​ក្នុងពេល​ឆែកឆេរ​ក្នុង​រថយន្ត សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន​ចំនួន ៣​ដុំ ទម្ងន់​ជាង​១​គីឡូក្រាម ។ ភ្លាមៗ​នោះ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​មុខសញ្ញា​ពីរ​នាក់ រួច​បញ្ជូនទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​រក​អត្តសញ្ញាណ​មេខ្លោង ដែល​គេចខ្លួនបាត់ ៕