វិស័យ​មីក្រូហិរញ្ញវត្ថុ​កំពុង​ដើរតួ​នាទី​សំខាន់​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន

រាជធានី​ភ្នំពេញ ៖ វិស័យ​មីក្រូហិរញ្ញវត្ថុ ត្រូវ​បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​ប្រជាពលរដ្ឋ ខណៈ​ការ​បើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ពី​មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​។

អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា លោក គិ​ម វ៉ា​ដា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍​ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី នា​ព្រឹក​ថ្ងៃ​ទី​១៩ វិច្ឆិកា ថា ៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ពុំ​មែន​ធ្វើ​សកម្មភាព​ក្នុង​រូបភាព​ជា​អង្គការ​មនុស្សធម៌ តាម​រយៈ​ការ​ទទួល​មូលនិធិ​អត់​សំណង តាម​រយៈ​រាជរដ្ឋាភិបាល ឬ​ម្ចាស់​ជំនួយ​នោះ​ទេ​» ។

លោក​អគ្គនាយក​បញ្ជាក់​ថា ៖ «​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គឺ​មាន​លក្ខណៈ​អាជីវកម្ម​ដែល​ត្រូវការ​ចំណូល​ក្នុង​ការ​ទ្រទ្រង់ និង​រក្សា​និរន្តរភាព​ក្នុង​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​ត្រូវ​យក​កម្រៃ​ហួសហេតុ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខុស​ពី​ទស្សនវិស័យ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ ។ ជា​រួម និរន្តរភាព​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​និរន្តរភាព​ជីវភាព​គ្រួសារ​របស់​អតិថិជន​» ។

លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍​ហ្វា​យ​នែ​ន ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍ ហ្វា​យ​នែ​ន គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែល​ផ្តល់​ទំនុកចិត្ត និង​ចូលរួម​អភិវឌ្ឍន៍​សង្គម លើក​ស្ទួយ​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម តាម​រយៈ​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ​» ។

លោក​បន្ត​ថា ៖ «​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍​ហ្វា​យ​នែ​ន មាន​មហិច្ឆតា​ក្នុង​ការ​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស ព្រោះ​យើង​បាន​កំណត់​គោលដៅ​នៃ​ការ​រីក​ចម្រើន​របស់​យើង​យ៉ាង​ច្បាស់ ដោយ​មើលឃើញ​ថា វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ នៅ​តែ​បន្ត​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ទាំង​វិសាលភាព និង​ទំហំ​ប្រតិបត្តិការ ហើយ​បាន​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​» ។

លោក ហ៊​ន់  សុ​រចនា បន្ត​ថា ៖ «​លោក​បាន​សម្រេចចិត្ត​បើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍​ហ្វា​យ​នែ​ន នេះ​ឡើង ព្រោះ​សម្លឹង​ឃើញ​ទីផ្សារ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ជា​លំដាប់ និង​អាច​មាន​និរន្តរភាព​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាង​មុខ ។ សម្រាប់់​ដំណើរការ​ផ្សព្វផ្សាយ​នា​ពេល​កន្លង​មក សង្កេត​ឃើញ​ថា មាន​អតិថិជន​ចាប់​អា​ម្មរណ៍​ច្រើន ក្នុង​នោះ​សេវាកម្ម​ផ្នែក​រកស៊ី​មាន​កម្រិត​ច្រើន​ជាងគេ ក្នុង​ចំណោម​សេវាកម្ម​ចំនួន​៦ របស់​ព្រី​ន​ស៍​ហ្វា​យ​នែ​ន​ ។ ក្នុង​រយៈពេល​ផ្សព្វផ្សាយ​៣​ខែ មាន​អតិថិជន​ទទួល​បាន​សេវាកម្ម​កម្ចី​ចំនួន​៣​លាន​ដុល្លារ ដូច្នេះ ក្នុងអំឡុងពេល​ស្ទង់​មតិ​នោះ មាន​អតិថិជន​ទទួល​បានការ​ផ្សព្វផ្សាយ​ចំនួន​១៥​ម៉ឺន​នាក់ ដែល​ជា​កម្រិត​ក្នុង​ការ​ផ្តល់​កម្ចី​នឹក​ស្មាន​មិន ដល់​» ។

លោក​បន្ត​ទៀត​ថា ៖ «​សម្រាប់​កម្ចី​ឥណទាន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍​ហ្វា​យ​នែ​ន បាន​កំណត់​ទឹកប្រាក់​ពីក្រោម​១​ម៉ឺន​ដុល្លារ និង​លើស​ពី​១​ម៉ឺន​ដុល្លារ ។ នៅ​ដំណាក់កាល​ថ្មី​ៗ​នេះ​ដោយសារ​មាន​តម្រូវការ​នោះ អតិថិជន​បាន​មក​ទទួល​ប្រាក់​កម្ចី​មាន​ចំនួន​៤០​លាន​ដុល្លារ ព្រោះថា​អាជីវកម្ម​របស់​ពួក​គាត់​មាន​កម្រិត​ធ​ម្យ​ម ដែល​ត្រូវការ​ប្រាក់​ច្រើន​សម្រាប់​ធ្វើ​ទុន ។ សម្រាប់​ទុន​វិយោគ​នោះ ព្រី​ន​ស៍​ហ្វា​យ​នែ​ន បាន​បោះទុន​រាប់​លាន​ដុល្លារ​» ។

គួរ​បញ្ជាក់​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ព្រី​ន​ស៍​ហ្វា​យ​នែ​ន មាន​កម្ចី​ឥណទាន​៦​ប្រភេទ​គឺ ៖ ១-​កម្ចី​ខ្នាត​តូច​បំផុត និង​មធ្យម ២-​កម្ចី​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ ៣-​កម្ចី​បុគ្គលិក​ក្រុមហ៊ុន ៤-​កម្ចី​ទិញ​ផ្ទះ ខុន​ដូ និង​ជួល​ជុល​គេហដ្ឋាន ៥-​កម្ចី​សង​ជួល​ពី​ស្ថាប័ន​ផ្សេង និង​៦-​កម្ចី​សម្រាប់​ជនបរទេស ៕