សម្ដេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​រំលែក​ទុក្ខ​មរណភាព អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ

ភ្នំពេញ: សម្តេច​ហ៊ុនសែន បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​មរណភាព​របស់​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក គីម យ៉ុង​សាម ដែល​បានទទួល​មរណភាព កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ក្នុង​សារលិខិត​រំលែក​ទុក្ខ​នោះ សម្តេច​តេ​ជោ បាន​រម្លឹក​ពី​វីរភាព​របស់លោក​គីម ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េខាងត្បូង​។​
 
​ក្នុង​សារលិខិត សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​ខ្ញុំ​សូម​រម្លឹកថា ក្នុង​អាណត្តិ​ជា​ប្រធានាធិបតី ឯកឧត្តម គឹម យ៉ុង​សាម បាន​ចូលរួមចំណែក​យ៉ាងខ្លាំង ក្នុង​ការបង្កើតឡើងវិញ​នូវ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​១៩៩៧ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ទំនាក់ទំនង​ដ៏​ល្អប្រសើរ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា នាពេល​បច្ចុប្បន្ន​”​។

​សូម​រម្លឹកថា លោក គីម​យ៉ុង​សាម បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​១៩៩២​។ លោក ជា​អ្នក ដែល​បានបញ្ចប់​របប​យោធា​ជាង ៣​ទសវត្ស ក្នុងប្រទេស​កូរ៉េខាងត្បូង​។

​អតីត​ប្រធានាធិបតី​រូបនេះ បាន​ធ្លាក់ខ្លួន​ឈឺ​តាំងពី ៣​ឆ្នាំមុន​មក​ម្លេះ និង​បានទទួល​មរណភាព​កាលពី​យប់​ឆ្លង​ចូល​ថ្ងៃអាទិត្យ ទី​២២​វិច្ឆិកា នៅក្នុង​មន្ទីរពេទ្យ​សកល​វិទ្យាល័យ​ជាតិ ក្រុង​សេ​អ៊ូ​ល​។​

​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​អតីត​ប្រធាន​ធិបតី​កូរ៉េ នៅ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ  ប្រចាំ​ប្រទេស​កម្ពុជា នៅ​ម៉ោង ៤ រសៀល ថ្ងៃទី​២៤ ខែវិច្ឆិកា​នេះ​៕​