បុរស​ជនជាតិ​ចិន​ស្រវឹងស្រា​បើករថយន្ត​បុក​រថយន្ត​​​និង​ម៉ូតូ​​

​រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​​​បុក​ពីក្រោយ​រថយន្ត​ឈប់​ចត​ទិញ​ទឹកក្រឡុក​ធ្លាក់​កាង​ក្រោយ ​និង​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា​ ​២០១៥ តាម​បណ្តោយ​ផ្លូវ​ក​ម្ព​ជា​ក្រោម ត្រង់​ចំណុច​ភ្លើង​ស្តុ​ប​ផ្លូវ​លេខ​២៦១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។

រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ិ​សRX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2T-4633 បើក​ដោយ​បុរស​ម្នាក់​ជនជាតិ​ចិន​ពី​កើត​ទៅ​លិច តាម​បណ្តោយ​ផ្លូវ​កម្ពុជា​ក្រោម ។ ចំណែក​រថយន្ត​រង​គ្រោះ​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២AD-7749 ជិះ​គ្នា​២​នាក់​ ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​​បាន​ឈប់​ទិញ​ទឹកក្រឡុក និង​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិក ពាក់​ស្លាក​លេខ​ភ្នំពេញ​1AD-3397 ជិះ​ម្នាក់ឯង​តាម​ផ្លូវ​កម្ពុជា​ក្រោមពី​កើត​ទៅ​លិច​ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​បង្ក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ​លុះ​មក​ដល់​ចំណុច​ភ្លើង​ស្តុ​ប​ខាងលើ​​ក៏​រេ​ចង្កូត​​ទៅ​បុក​ពីក្រោយ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ ដែល​​ឈប់​ទិញ​ទឹកក្រឡុក​បណ្តាល​ឲ្យ​ធ្លាក់​កាង​ក្រោយ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​គុប​ជ្រុង​ទៀត​​បណ្តាល​ឱ្យ​រង​របួសស្រាល ​ហើយ​រថយន្ត​​បង្ក​បែក​កង់​ខាងស្តាំ​និង​ខ្ទេច​ស្តុ​ប​ខាងស្តាំ​ទៅ​មុខ​លែង​រួច​ ។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​ចុះ​ទៅ​ដល់​ហើយ​បាន​ទុក​ពេលឱ្យ​​ម្ចាស់​រថយន្ត​ចរចា​គ្នា ​បន្តិច​ក្រោយមក​តំណាង​ខាង​រថយន្ត​បង្ក​បាន​សង​ទៅ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ចំនួន​៦០០ដុល្លារ​ និង​ម៉ូតូ​សង​ចំនួន​៤០ដុល្លារ​ ​ដើម្បី​​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕