ព័ត៌មាន​ហង្ស​មាស​៖ ទម្លាយ​មូលហេតុ​រឿង ប៊ុត សីហា មិនសូវមាន​បទ​ចម្រៀង​

Sanofi

បើ​គិត​រហូតមក​ដល់ពេលនេះ​គឺមាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល ប៊ុត សីហា បាន​ស្ពាយ​ពាន The Voice Cambodia រដូវ​កាល​ទី​១ ជាមួយនឹង​សមត្ថភាព​សំឡេង​ដ៏​អស្ចារ្យ​ដើរ​លើ​វិថី​សិល្បៈ ហើយ​សម្រាប់​ពេលនេះ​លោក​ក៏​កំពុង​តែមាន​វត្តមាន​ជា​តារាចម្រៀង​ឆ្នើម​ម្នាក់​ប្រចាំ​នៅ​ផលិតកម្ម We production ផងដែរ។ ​ក្រោយពី​បាន​លើក​ពាន​ពី​កម្មវិធី​ប្រឡង​ចម្រៀង​ដ៏​ល្បីល្បាញ​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី​១ មក ប៊ុត សីហា ហាក់​ស្ងប់ស្ងាត់​មួយរយៈ ជាហេតុ​ធ្វើឱ្យ​ប្រិយមិត្ត​ដែល​គាំទ្រ និង ទន្ទឹងរង់ចាំ​ស្តាប់​សំឡេង​របស់លោក​ឆ្ងល់ ហើយ​បានលើកឡើង​ជា​សំណួរ​ជារឿយៗ​ថា ហេតុអ្វី​បានជា ប៊ុត សីហា គ្មាន​សកម្មភាព​ក្នុង​ផលិតកម្ម​រស្មី​ហង្ស​មាស និង មិនឃើញ​មាន​ចេញ​បទ​ចម្រៀង​ថ្មី​ក្រោយពី​ប្រឡង​ជាប់ ។ ផ្ទុយស្រឡះ​ពី​ការគិត​ទុក​របស់​ប្រិយមិត្ត ប៊ុត សីហា ស្រាប់តែ​លេចមុខ​នៅក្នុង​ផលិតកម្ម​ថ្មី​សន្លាង​មួយ​ឈ្មោះ​ផលិតកម្ម We production ដែលជា​ផលិតកម្ម​សាខា​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ទៅវិញ ។

ទោះជា​ស្ថិតនៅក្នុង​ទ្រនំ We production យ៉ាងណា ប៉ុន្តែ​គួរឱ្យកត់សម្គាល់​ឃើញថា សកម្មភាព​សិល្បៈ ក៏ដូចជា​ការចេញ​បទ​ចម្រៀង​នៅមានកម្រិត​នៅឡើយ ស្រប​នឹង​អ្វីដែល​ទស្សនិកជន​តែងតែ​លើកឡើង​ផងដែរ​ថា ប្រហែលជា​ដោយសារតែ ប៊ុត សីហា មាន​ឫកពា​ជា​តារា​ល្បី​ហើយ​មើល៍ទៅ បាន​ខាង​ផលិតកម្ម​មិនសូវ​ចេញ​បទ​ចម្រៀង​ផុសផុល​ឱ្យ​លោក​យកទៅ​ប្រកួតប្រជែង​ដូច្នេះ ។

​ទាក់ទង​នឹង​បញ្ហា​នេះដែរ ថ្មីៗ​នេះ​មានការ​ទម្លាយ​មួយ​ដែលមាន​ប្រភព​ចេញពី​អ្នកអាន​ព័ត៌មាន​អាជីព​ម្នាក់​ប្រចាំ​នៅ​ស្ថានីយ​ទូរ​ទស្ស​ក្នុងស្រុក​មួយ​បាន​ព្រលយ​ឡើង​ថា មូលហេតុ​ដែល ប៊ុត សីហា មិនសូវមាន​បទ​ចម្រៀង​ច្រៀង​គឺ​មិនមែន​មកពី​ខាង​ក្រុមហ៊ុន​ផ្អឹប​លោក​ទុក​ទេ តែ​គឺ​បណ្តាលមកពី​លោក ប៊ុត សីហា ផ្ទាល់​ដែល​ដើរ​ផ្លូវខុស​ខ្លួនឯង មិន​ទទួលខុសត្រូវ​លើ​កា​ងារ ហើយ​ថែមទាំង​មិនបាន​គោរព​ពេលវេលា​ទៀតផង ។ ទោះជា​យ៉ាងនេះ​ក្តី អ្នកអាន​ព័ត៌មាន​អាជីព​រូបនោះ​ដែល​កំពុង​តែ​លើកឡើង​ពី​រឿង​ហង្ស​មាស​ប្តឹង ម៉ៅ ហា​ជី រំលោភ​លើ​កុងត្រា​នោះ សុំ​មិនមាន​ការបកស្រាយ​អ្វី​ច្រើន​លើ​រឿងនេះ​ទេ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់ដែរថា សម្រាប់​ខាង​ផលិតកម្ម​គឺ​មិនមាន​បញ្ហា​អ្វី​ជាមួយ​រឿងនេះ​ទេ ។​

​ចំពោះ​រឿងនេះ យើង​ក៏​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ប៊ុត សីហា តារាចម្រៀង​ឆ្នើម​ក្នុង​ផលិតកម្ម We production បានដែរ ព្រោះតែ​ការទាក់ទង​មាន​បញ្ហា។​ គួររំឭកថា ប៊ុត សីហា គឺជា​ម្ចាស់​ជ័យលាភី​ពី​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ ដែល​កាលណោះ​លោក​ទទួលបាន​រង្វាន់​ជាច្រើន​រួមមាន ប្រាក់រង្វាន់ ១០០ លាន​រៀល ម៉ូតូ​មួយគ្រឿង និង ជា​តារាចម្រៀង​ជាប់​កុងត្រា​ប្រចាំ​នៅ​ផលិតកម្ម​ហង្ស​មាន​ផងដែរ ៕
​សាកល​ ​

  

Related