ពលរដ្ឋ​ចោទ​នាយក​សាលា​បឋម​សិក្សា​មួយ​នៅ​ខេត្ត​បាត់ដំបង​ថា​ប្រកាន់​បក្ខពួក​និយម

ប្រជាពលរដ្ឋ​នៅ​សហគមន៍​អូរតាញាន ស្រុក​បវេល ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​នាយក​សាលា​បឋម​សិក្សា​អូរតាញាន ថា​ជ្រើស​រើស​គ្រូបង្រៀន​ជាប់​កិច្ចសន្យា​ប្រកាន់​បក្ខពួក​និយម និង​ជ្រើស​គ្រូ​ដែល​មាន​ទីលំនៅ​ឆ្ងាយ​ពី​សាលា​ទៅ​បង្រៀន​សិស្ស​មិន​ទៀងទាត់។ នាយក​សាលា​បញ្ជក់​ថា ការ​ជ្រើស​រើស​គ្រូបង្រៀន​នេះ ធ្វើ​ឡើង​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ប្រជាពលរដ្ឋ​នៅ​សហគមន៍​អូរតាញាន ស្រុក​បវេល សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​ការ​ជ្រើសរើស​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​ពី​សំណាក់​នាយក​សាលា​នេះ ថា​ជា​ការ​ជ្រើស​គ្រូ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោក ឡុង យ៉ុន រស់នៅ​ឃុំ​ឃ្លាំងមាស ស្រុក​បវេល ខេត្ត​បាត់ដំបង ថ្លែង​នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា ថា នាយក​សាលា​បឋម​សិក្សា​អូរតាញាន ឃុំ​ឃ្លាំងមាស ជ្រើសរើស​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​ចំនួន ៣​នាក់​ប្រកាន់​បក្ខពួក ដែល​ជ្រើសរើស​យក​គ្រូ​មាន​ទីលំនៅ​ឆ្ងាយ​ពី​សាលា​បង្រៀន​សិស្ស។ គ្រូ​កិច្ចសន្យា គឺ​ជា​គ្រូបង្រៀន​ដែល​ក្រសួង​អប់រំ ជួល​ឲ្យ​បង្រៀន​សិស្ស​សម្រាប់​សាលា​ដែល​ខ្វះ​គ្រូបង្រៀន។ លោក ឡុង យ៉ុន បន្ត​ថា លោក​នាយក​សាលា​ជ្រើស​គ្រូបង្រៀន​នេះ ធ្វើ​ឡើង​តាម​អំពើ​ចិត្ត ដោយ​ពុំ​មាន​ការ​យល់​ស្រប​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​អូរតាញាន ឡើយ។ លោក​ព្រួយ​បារម្ភ​ខ្លាច​គ្រូបង្រៀន​ដែល​នាយក​សាលា​ជ្រើស​រើស​មក​នោះ បង្រៀន​សិស្ស​មិន​ទៀងទាត់ ធ្វើ​ឲ្យ​ក្មេង​មិន​ចេះ​អក្សរ ហើយ​ខូច​អនាគត៖ «បាទ! បាន​ន័យ​ថា គាត់​ម្នាក់​ឯង​គាត់​ធ្វើ​មេ​ភូមិ​ផង មេ​ឃុំ​ផង និង​ធ្វើ​ជា​នាយក​សាលា​ទៀត។ គាត់​ធ្វើ​នេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​នាយក​សាលា​មិន​ផ្ដល់​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​បាន​ចូលរួម​ជ្រើសរើស​គ្រូបង្រៀន​ផង»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​សាលា​បឋម​សិក្សា​អូរតាញាន លោក ស្រេ ហ៊ួ មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​គ្រូបង្រៀន​ជាប់​កិច្ចសន្យា ធ្វើ​ឡើង​ទៅ​តាម​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ថា ការ​ជ្រើស​រើស​នេះ​ពុំ​បាន​ប្រកាន់​បក្ខពួក​ដូច​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។ លោក​អះអាង​ថា មូលហេតុ​ដែល​ជ្រើស​គ្រូបង្រៀន​មក​ពី​ទី​ឆ្ងាយ​នោះ ដោយសារ​គ្រូ​ដែល​ជ្រើស​នោះ​មាន​ចំណេះ​ដឹង​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ៖ «វា​មិន​អាច​ទៅ​រួច​ទេ ប្រសិន​បើ​មិន​បក្ខពួក ក៏​ខ្ញុំ​ត្រូវ​ជ្រើស​យក​គ្រូ​ដែល​មាន​សញ្ញាបត្រ​ថ្នាក់​ទី​១២ ដែរ។ ម្យ៉ាង​ទៀត ការ​ជ្រើស​រើស​នេះ ខ្ញុំ​បាន​ធ្វើ​តេស្ដ​វាស់​ចំណេះ​ដឹង​ត្រឹមត្រូវ»

ប្រធាន​ស្ដីទី​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មាន​ប្រសាសន៍​ថា ករណី​នាយក​សាលា​ជ្រើស​រើស​គ្រូ​បង្រៀន​ជាប់​កិច្ចសន្យា​ប្រកាន់​បក្ខពួក​នេះ ពុំ​មែន​កើត​មាន​នៅ​ក្នុង​ខេត្ត​បាត់ដំបង ប៉ុណ្ណោះ​ទេ គឺ​តែង​កើត​មាន​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត-ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​ហើយ។ អ្នកស្រី​បញ្ជាក់​ថា បញ្ហា​នេះ​កើត​ឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​ក្រសួង​អប់រំ ដែល​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជ្រើស​រើស​គ្រូបង្រៀន​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ធ្វើ​ឲ្យ​គុណភាព​អប់រំ​មាន​ការ​ធ្លាក់​ចុះ៖ «ចា៎! ដោយសារ​តែ​ក្រសួង​អប់រំ បណ្ដោយ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត ដូចជា​ការ​ដាក់​លុយ​ដាក់​កាក់​សូក​ទៅ​ឲ្យ​មន្ត្រី​អប់រំ​នៅ​តាម​ការិយាល័យ​ស្រុក​ជាដើម។ បញ្ហា​នេះ​ហើយ​ដែល​ជា​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួស​ជា​ប្រព័ន្ធ»

សាលា​បឋម​សិក្សា​អូរតាញាន ឃុំ​ឃ្លាំងមាស មាន​សិស្ស​កំពុង​សិក្សា​ទាំងអស់​ចំនួន​ជាង ៩០​នាក់ មាន​ថ្នាក់​រៀន ៦​ថ្នាក់ និង​មាន​គ្រូបង្រៀន​ចំនួន ៥​នាក់ ក្នុង​នោះ​គ្រូ​ជាប់​កិច្ចសន្យា ៤​នាក់ និង​គ្រូ​ក្របខ័ណ្ឌ​រដ្ឋ​ម្នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។