ប្រវត្តិព្រះរាជ​ពិធី បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក

ភ្នំពេញ៖ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក គឺជាព្រះរាជពិធីបុណ្យ ដ៏ធំមួយនៅ ក្នុងចំណោមពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំ ឬបុណ្យភ្ជំបិណ្ឌជាដើម ព្រះរាជពិធីនេះត្រូវបានធ្វើឡើងនៅអំឡុង ថ្ងៃទី២-២៦ នៃខែវិច្ឆិកា ជារៀងរាល់ឆ្នាំ។ ក្នុងថ្ងៃ នៃព្រះរាជពិធីរយៈពេល ៣ថ្ងៃនេះ មន្រ្តីរាជការ សិស្ស និស្សិត កម្មករ និយោជិត នៅទូទាំងប្រទេសត្រូវបានអនុញ្ញាតឲ្យឈប់សម្រាកផងដែរ។

ឆ្នាំ២០១៥នេះ បើទោះបីព្រះរាជពិធីបុណ្យអុំទូក មិនត្រូវបានប្រារព្ធឡើងនៅមុខព្រះបរមរាជវាំងចតុមុខ ព្រោះតែ បន្ទុកចំណាយរបស់រាជរដ្ឋាភិបាល ដើម្បីផលដំណាំប្រជាពលរដ្ឋពីគ្រោះរាំងស្ងួត និង បញ្ហាបច្ចេកទេស ព្រោះទឹក ទាបខ្លាំងនោះ តែនៅតាមបណ្តាខេត្តមួយចំនួន ការប្រណាំងទូក ត្រូវបានធ្វើឡើងជាធម្មតា។ ដោយឡែកក្នុងរាជ ធានីភ្នំពេញ ដែលជារៀងរាល់ឆ្នាំត្រូវបានកកកុញដោយមនុស្សមកពីតាមបណ្តាខេត្តនានានោះ បើទោះបីឆ្នាំនេះ អត់មានការប្រណាំងទូក និងបណ្តែតប្រទីបយ៉ាងណាក្តី តែការប្រគំតន្រ្តី និងការបាញ់កាំជ្រួចនៅតែមានដដែល ដែលនៅតែញ៉ាំងឲ្យមានភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋ។

ក្នុងឱកាស នៃប្រារព្ធព្រះរាជពិធីនេះ អង្គភាព Fresh News សូមលើកយកប្រវត្តិព្រះរាជពិធី បុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុក មកចែកជូនមិត្តអ្នកបានជ្រាបពីពិធីបុណ្យ ហើយក៏ជាវប្បធម៌របស់ជាតិ ខ្លួនបាន ជ្រាបដូចខាងក្រោម៖

- ប្រវត្តិព្រះរាជពិធីបុណ្យអុំទូក
បុណ្យអុំទូកមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជា តាមសិលាចារឹក នៃប្រាសាទអង្គរ។ តែពិធីបុណ្យអុំទូកនេះ មានការបកស្រាយខុសៗគ្នាជាច្រើន ហើយពីធីធ្វើ ក៏ ប្លែកគ្នាដែរ។
តាមសៀវភៅជយវរ្ម័នទី៧ មាននៅក្នុងវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យពីដើមមានចែងថា នៅសម័យអង្គរនាគ្រិស្ត សករាជសតវត្សរ៍ទី១២ ក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជយវរ្ម័នទី៧ ស្តេចចេញធ្វើសង្រ្គាមជើងទឹកបង្រ្កាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញ ពីខ្មាំងសត្រូវ(គ.ស.១១៧៧-១១៨១) រឿងចម្បាំងគ្រានេះមានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និង បន្ទាយ ឆ្មារ។ ក្នុងចម្លាក់នោះឃើញមានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមានព្រះឆាយាលក្ខណ៍ នៃព្រះបាទជយវរ្ម័នទី ៧ ប្រថាប់ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និង ដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ព ទូក ទាំងឡាយ។

ដោយឡែកឯកសារល្បែងប្រណាំងទូក របស់ក្រុមជំនុំទំនៀមទម្លាប់លេខ ១៩.០០៤ និពន្ធដោយ លោក ថាច់ ប៉ែន ហៅ ប៉ាង អាចារ្យនៅពុទ្ធសាសនបណ្ឌិត្យរងខេត្តឃ្លាំងកម្ពុជាក្រោមមានចែងថា សម័យលង្វែកព.ស. ២០៧១ គ.ស. ១៥២៨ ព្រះបាទអង្គចន្ទទី១ ទ្រង់តាំងពញាតាតងារជាស្និទ្ធ ភូបាល ជាស្តេចត្រាញ់នៅកម្ពុជាក្រោម ស្រុក បាសាក់។ ស្តេចត្រាញ់នេះ បានចាត់របៀបរៀបចំការពារស្រុកមានដូចតទៅនេះ៖ ក្រុមទី១ ហៅទ័ពស្រួចហាត់ ច្បាំងនឹងទូក ដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី២ ហៅទ័ព ជំនួយហាត់ច្បាំងនឹងទូកចែវ ពីរជួរដែលមានទ្រង់ទ្រាយដូចទូកប្រណាំងយើងសព្វថ្ងៃ។ ក្រុមទី៣ ហៅទ័ពបាសាក់ គឺទូកធំ មានដំបូលមានចែវ មានក្តោងមានទ្រង់ទ្រាយដូចជាទូកបាសាក់ ហៅទូកប៉ុកចាយតែរាងស្តូចវែង មានដំបូលតែមួយកាត់ខាងមុខឥតជញ្ជាំង។ល។ ជាទូកដាក់ស្បៀងអាហារសម្រាប់កងទ័ព។

របៀបបង្ហាត់ច្បាំង តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម ស្រេចលើមន្រ្តី៤ទិស «ចតុស្តម្ភ» ដែលនៅក្នុងឱវាទស្និទ្ធ ភូបាលស្តេចត្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សម្រាប់ស្រុក។ល។ កំណត់ថ្ងៃពេញបូណ៌មី ខែកត្តិក រដូវអកអំបុក នោះមន្ត្រីទាំង៤ទិសត្រូវកែនទាហានទាំងជើងទឹក ជើងគោក «សមយុទ្ធ» ១ថ្ងៃ១យប់រាល់ឆ្នាំ។

ចំណែកទាហានជើងទឹកឲ្យទៅប្រលងឫទ្ធឯទន្លេពាមកន្ថោ ក្នុងខេត្តឃ្លាំងត្បិត ទីនោះជាទីប្រជុំទឹកគ្រប់ខេត្ត ទៅមក បានស្រួល។
តាមឯកសារទាំងពីរខាងលើ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹក យ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពីធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង។

ឯកសារខ្លះទៀត បាននិយាយថា ពិធីបុណ្យអំទូក ជាបុណ្យប្រពៃណីជាតិ ដ៏ធំមួយនៅប្រទេសកម្ពុជា។ បុណ្យនេះ មានរូបភាពប្រហាក់ប្រហែល នឹងបុណ្យប្រចាំរដូវរបស់ជនជាតិអឺរ៉ុប ដែលមានឈ្មោះថា សាំង ហ្សង់ ដែលបច្ចុប្បន្ន ប្រារព្ធធ្វើនៅអឺរ៉ុបខាងជើង។

ប្រពៃណីខ្លះមានប្រវត្តិ ជាប់ទាក់ទងយ៉ាងជិតស្និទ្ធ ទៅនឹងប្រវត្តិ នៃព្រះពុទ្ធជាម្ចាស់។ ប៉ុន្តែការបកស្រាយមួយ ដែល អាចយកជាការគ្រប់គ្រាន់ គឺក្នុងបំណង «ដឹងគុណ ដល់ព្រះគង្គា និងព្រះធរណីដែលបានផ្តល់ដល់ជីវភាពរស់នៅ និងសុខុមាលភាពចំពោះ ទឹកដីវិញ ដែលយើងនាំគ្នាធ្វើឲ្យកករល្អក់»។
ការបកស្រាយចុងក្រោយនេះ គឺដូចគ្នាបេះបិទទៅនឹងទំនៀមទម្លាប់ នៃព្រហ្មញ្ញសាសនាហើយស្របនឹងស្ថានភាព ភូមិសាស្រ្តជាក់ស្តែង និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករ។

ពីធីបុណ្យអុំទូកប្រព្រឹត្តទៅនាថ្ងៃពេញបូណ៌មី ខែកត្តិក ស្របទៅនឹងរដូវទឹកជំនន់ ដែលក្នុងរយៈពេលប៉ុន្មានខែ មក ហើយ បានធ្វើឲ្យបឹងបួទាំងឡាយក្លាយទៅជាសមុទ្រដ៏ធំល្វឹងល្វើយហើយ ក៏បញ្ជាក់ទៀតថា ពេលនោះស្រូវ ក្នុង ស្រែកំពុងតែទុំហើយ។ នៅពេលដែលទឹកទន្លេមេគង្គជនលិច «សីហា-វិច្ឆិកា» ទឹកជំនន់ដ៏សន្ធឹកសន្ធាប់បានចូលចាក់ស្រោចស្រពបឹងបួ តាមរយៈបឹងទន្លេសាប ដែលហូរពីត្បូងទៅជើង។ ដល់រដូវទឹកស្រក់ដែលចាប់ផ្តើមនៅខែវិច្ឆិកា ទឹកបឹងបួហូរ ត្រ លប់តាមទន្លេសាបដដែលពីជើងមកត្បូងវិញ។ ទឹកជំនន់ នៃទន្លេមេគង្គ ពិសេសជំនន់នៅតាមបឹងបួ មានប្រភព មកពីប្រទេសទីបេដ៏សែនឆ្ងាយបានផ្តល់ជីវ ភាពនូវស្រែចម្ការនៅប្រទេសកម្ពុជា។ ដីល្បាប់ ដែលបានដោយសារ ទឹកជំនន់ នៃទន្លេបឹងបួទាំងឡាយបានធ្វើឲ្យដីមានជីជាតិ បង្កបាននូវធនធានសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។

ដំណាំទាំងឡាយដែលកសិករខ្មែរ ធ្វើតាមចង្វាក់នៃទឹកសម្រកបានផ្តល់នូវផលយ៉ាងច្រើន រាំងស្កាត់នូវគ្រោះទុរ្ភឹក្ស និង ផ្តល់សុភមង្គល។ ដូច្នេះហើយបានជាដល់រដូវទឹកស្រកបុរាណខ្មែរ ក៏កំណត់យកថ្ងៃពេញបូណ៌មី ខែកត្តិកជា រៀងរាល់ឆ្នាំរៀបចំពិធីអុំទូកបណ្តែតប្រទីបសំពះព្រះខែអកអំបុក ដើម្បីសម្តែងមនោសញ្ចេតនាដឹងគុណ ចំពោះ ទន្លេមេគង្គ និងទន្លេសាប ដែលបានផ្តល់ជីជាតិយ៉ាងសំខាន់បម្រើវិស័យកសិកម្ម។ ពិធីបុណ្យនេះគេតែងប្រារព្ធធ្វើ ថិរវេលា ៣ថ្ងៃ គឺថ្ងៃ១៤កើត ១៥កើត និង ថ្ងៃ១រោច ខែកត្តិក ធ្វើនៅតាមដងទន្លេសាបនាកំពង់ផែមុខវាំង។

- ប្រភពពីធីបណ្តែតប្រទីប
យោងតាមគម្ពីដីកា និងឯកសារមួយចំនួន បានធ្វើការអះអាង ការលយប្រទីប ដើម្បីឧទ្ទិសកុសលដល់ព្រះគង្គា និងព្រះធរណីដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការងារកសិកម្ម របរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ នៅពេលយប់ តាមក្រសួងនីមួយៗ មានបណ្ដែតប្រទីបលម្អទៅដោយភ្លើងចម្រុះពណ៌គួរជាទីគយគន់ និងបាញ់កាំជ្រួចព្រោងព្រាត ដែលមានមនុស្សម្នាចូលរួមទស្សនាយ៉ាងច្រើនកុះករបញ្ចេញនូវស្នាមញញឹមគ្រប់គ្នា។
ឯកសារខ្លះបានអះអាងថា ការបណ្តែតប្រទីពនេះ ដើម្បីរំលឹកដល់ព្រះចង្កូមកែវទាំងបួន នៃព្រះសម្មាសម្ពុទ្ធប្រតិ ស្ថាន នៃទីតាំងទាំង៤ រួមមាន៖
ទី១ - នៅត្រៃត្រឹង្សសួគ៌
ទី២ - នៅពិភពនាគ
ទី៣ - នៅស្រុកគន្ធារ
ទី៤ - នៅទន្តបុរៈគលិង្គរដ្ឋ
ខ - ភាណវារៈបាលី ត្រង់ពុទ្ធនមក្ការ
គាថា មានចែងថា ស្នាមព្រះបាទព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥គឺ៖
ទី១ - នៅសុវណ្ណមាលិកបរពត
ទី២ - នៅសុវណ្ណបរពត
ទី៣ - នៅសុមនកូដបរពត
ទី៤ - នៅយោនកបុរី
ទី៥ - នៅស្ទឹងនម្មទា
គ - ពាក្យសរសើរព្រះបាទ «យស្សបាទេ» ទាំងបាលីទាំងសម្រាយមានចែងថា ព្រះបាទ នៃព្រះសម្មាសម្ពុទ្ធ ប្រតិ ស្ថាននៅទីតាំង ៥ដូចក្នុងភាណវារៈដែរ។
ដោយហេតុមានគម្ពីរដីកាជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិ តែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញ បូណ៌មី ខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែតប្រទីបនៅយប់ ១៤-១៥កើត និង ១ រោច ខែកត្តិក បូជា ចំពោះចង្កូមកែវនៅពិភពនាគព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតដូចពោលខាងលើហើយ ដោយជឿថា ជាការកុសលយ៉ាងធំបានផលយ៉ាងប្រសើរ ដើម្បីសុខចម្រើនរុងរឿងដល់ខ្លួនដល់ប្រជាជននិងដល់ប្រទេសជាតិ។

- ពិធីសំពះព្រះខែ និង អកអំបុក
ពិធីសំពះព្រះខែ និងអកអំបុក គឺជាប់ពាក់ព័ន្ធទៅនឹងប្រវត្តិ នៃជាតិកំណើតរបស់ព្រះសម្មាសម្ពុទ្ធ ក្នុងពេលព្រះអង្គ យកកំណើតជាសសបណ្ឌិត «កំណើតជា ទន្សាយ»។ នៅថ្ងៃពេញបូណ៌មីមួយសសបណ្ឌិត បានអធិដ្ឋានឧបោសថ សីល ហើយឧទ្ទិសមំសៈ (បូជាសាច់) ជាទានបរមត្ថបារមី ដើម្បីបំពេញពោធិ៍សម្ភារៈឲ្យបានត្រាស់ជាព្រះពុទ្ធ។
ព្រះឥន្ទទ្រង់ជ្រាបហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំ មំសៈ (សាច់) សសបណ្ឌិត ជា អាហារសស បណ្ឌិតពោធិ៍សត្វបានឲ្យព្រាហ្មចាស់នោះ បង្កាត់ភ្លើងភ្នក់ហើយក្នុងពេល ដែលភ្លើងកំពុងឆេះសន្ធោសន្ធៅសសបណ្ឌិត ក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វស្អិតដែលជាប់នៅ នឹងរោមជ្រុះចេញរួច ក៏លោតចូលទៅក្នុង ភ្នក់ភ្លើងភ្លាម។ អស្ចារ្យណាស់ភ្លើងនោះពុំបានឆេះសសបណ្ឌិត សោះឥន្ទព្រាហ្មណ៍បានស្ទុះទៅពព្រះពោធិសត្វឡើងទៅដល់ មណ្ឌលព្រះចន្ទ ហើយទ្រង់យក ម្នាងសិលាគូររូបទន្សាយ ហើយឥន្ទព្រាហ្មណ៍អធិដ្ឋានថា «សូមឲ្យរូបទន្សាយពោធិសត្វ ដែលខ្ញុំគូរនេះនៅជាប់រហូតដល់ទីបំផុតកប្ប»។ ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ ព្រះឥន្ទផងរូបទន្សាយ ក៏ឃើញ ប្រាកដក្នុងមណ្ឌលព្រះចន្ទដរាបដល់សព្វថ្ងៃ។ ដោយជឿតាមរឿងនេះ ហើយបានជានៅវេលាយប់ពេញ បូណ៌មី ខែកត្តិករៀងរាល់ឆ្នាំប្រជាជនខ្មែរយើងតែងយកនំចំណី មាន អំបុក និងចេកជាដើមមកបូជា ចំពោះព្រះចន្ទ ហៅថា ពិធីសំពះព្រះខែ និងអកអំបុករហូតមក៕

ប្រវត្តិព្រះរាជ​ពិធី បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក
ប្រវត្តិព្រះរាជ​ពិធី បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត