សំ ប៉ូ​លី​ដា ធ្វើ​ខួបកំណើត​កូន​មាន​អ្នកសិល្បៈចូលរួម​តែ​៣​នាក់

រាជធានី​ភ្នំពេញ ៖ អ្នក​នាង​សំ ប៉ូ​លី​ដា បាន​ប្រារព្ធ​ពិធី​ខួបកំណើត​កូនប្រុស​របស់​ខ្លួន​គម្រប់​១​ឆ្នាំ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ នៅ​ក្រុង​តា​ខ្មៅ ។ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​មានការ​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​មាន​វត្តមាន​អ្នកសិល្បៈ​តែ​៣​នាក់​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​អ្នក​នាង​សំ ប៉ូ​លី​ដា អញ្ជើញ​ប្រមាណ​ជាង​៨០​នាក់ ។

ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​លោក​ហ្វៃ សំអាង តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ក្នុង​ពេល​លោក​ជា​ភ្ញៀវ​ម្នាក់​ក្នុង​ចំណោម​អ្នកសិល្បៈ​២​រូប​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​កូន​អ្នក​នាង សំ ប៉ូ​លី​ដា ។

លោក​ហ្វៃ សំអាង បាន​សរសេរ​ថា «​សូម​ចូលរួម​បញ្ចេញ​មតិយោបល់​ជាមួយ​ខ្ញុំ​បន្តិច​ព្រោះ​យប់មិញ​គេង​អត់​លក់​មួយ​យប់​គិត​រឿង​មួយ ហើយ​ខ្ញុំ​ក៏​គិត​ជាមួយ​ភរិយា​ខ្ញុំ​ប្អូនស្រី​កា​តុ​និង​ស្វាមី​របស់​គាត់​ដែរ ។ ប្អូនស្រី​សំ ប៉ូ​លី​ដា បាន​ធ្វើ​ពិធី​ខួបកំណើត​កូនប្រុស​គម្រប់​មួយ​ឆ្នាំ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ក្រុង​តា​ខ្មៅ ហើយ​អញ្ជើញ​តារា​សិល្បៈ​យ៉ាងច្រើន គាត់​ប្រាប់​ថា​ប្រហែល​៨០​នាក់ ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ គឺ​មាន​តារា​តែ​ពីរ​នាក់​គត់​ចូលរួម​ទី​មួយ​គឺ​ប្អូនប្រុស​អា​ឡិច ហ្សូ​រ៉ា ទី​ពីរ​គឺ​ប្អូនស្រី​កា​តុ ហើយ​ទី​បី​គឺ​ខ្ញុំ និង​មាន​ទី​បួន​ប្អូនស្រី​ច​ន ចន្ទ័ល​ក្ខិ​ណា ផ្ញើ​ថវិកា​ចងដៃ​ព្រោះ​គាត់​រវល់​ជាប់​ថត ដោយឡែក​ភ្ញៀវ​តារា​ផ្សេង​ទៀត​បាត់​ដំណឹង​សូន្យឈឹង ។ ខ្ញុំ​អាណិត​គាត់​ចង់​ស្រក់​ទឹកភ្នែក​ពេល​ដែល​ខ្ញុំ​សួរ​គាត់តារា​ទៅ​ផ្ទះ​វិញ​អស់ហើយ? ព្រោះ​ខ្ញុំ​ទៅ​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ដោយ​ខ្ញុំ​ជាប់​ចូលរួម​ការកូន​មិត្តសម្លាញ់​ខ្ញុំ​រៀន​ជាមួយ​គ្នា ទៅ​ដល់​ខ្ញុំ​ឃើញ​តែ​កា​តុ​និង​ស្វាមី​របស់​គាត់ និង​ភ្លៀវ​ខ្លះ​មិនមែន​តារា​។ គាត់​ឆ្លើយ​រលីងរលោង​ទឹកភ្នែក​បង​អើយ​គ្មាន​អ្នក​ណា​មក​ទេ មាន​តែ​ប្អូន​អា​ឡិច​ហ្សូ​រ៉ា គាត់​ទៅ​វិញ​ហើយ កា​តុ​និង​បង​នេះឯង ។ ខ្ញុំ​និង​ភរិយា រួម​និង​កា​តុ​ក្តុកក្ដួល​អាណិត​គាត់ ព្រោះ​សល់​តុ​ជា​ច្រើន​គាត់​នៅ​អង្គុយ​ចាំ​មើល​ភ្ញៀវ ក្រែង​មាន​គេ​មក​ដែល​ពេល​នោះ​ម៉ោង​១០​យប់​ទៅ​ហើយ ។ ខ្ញុំ​គិត​មិន​ចេញ​ថា​មក​ពី​ហេតុ​អី? កា​តុ​ឆ្លើយ​ថា បង​អើយ​អ្នកសិល្បៈ​ខ្មែរ​តែ​ប៉ុណ្ណឹង​ឱ្យ​តែ​គ្នា​រាង​ធ្លាក់​ប្រជាប្រិយភាព​បន្តិច មានកម្ម​វិធី​អី​ហៅ​គេ​គ្មាន​អ្នក​ណា​មក​ទេ ខ្ញុំ​ចំណាំ​មើលឃើញ​អ៊ីចឹ​ង ប៉ុន្តែ​បើ​អ្នក​ល្បី​វិញ​គេ​មិន​ប្រាប់​ក៏​ខ​ល​ទៅ​សួរ​ដែរ ។ ចំពោះ​ខ្ញុំ​សង្កេត​ឃើញ​ថា សិល្បករ​សិល្ប​ការិនី​ខ្មែរ​មួយ​ចំនួន​ចូល​ចិត្ត​ធ្វើ​អ្វី​ដោយ​ការ​សម្តែង​មិន​ចេញពី​បេះដូង​ពេល​ដែល​បុគ្គល​ណាមួយ​ឈឺ​ធ្ងន់ ឬ​ក៏​ធ្លាក់ខ្លួន​ដុនដាប ឬ​ក៏​ស្លាប់​ទើប​នាំ​គ្នា​យកចិត្តទុកដាក់ ។ ខ្ញុំ​ចង់​សួរ​បងប្អូន​ថា​បើសិនជា​បងប្អូន​ធ្វើ​កម្មវិធី​អញ្ជើញ​ភ្ញៀវ​មក​ស្រាប់តែ​ភ្ញៀវ​អត់​មក​អ៊ី​ចឹ​ង? តើ​បងប្អូន​មាន​អារម្មណ៍​យ៉ាងម៉េច? ឱ្យ​ខ្ញុំ​សុំ​អ​ភ​យ័​ទោស​ផង​បើសិន​ប៉ះពាល់​ដល់​បុគ្គល​ណាមួយ ព្រោះ​រឿង​នេះ​ខ្ញុំ​បាន​ជួប​លើក​ទី​ពីរ​ហើយ ។ ទី​មួយ​មង្គលការ​ប្អូនស្រី​ជិន សិរី​យ៉ា ទើប​ទ្រាំ​មិន​បាន​និយាយ​ចេញ​មក​នៅ​ពេល​នេះ​» ។

បន្ទាប់​ពី​បញ្ចេញ​សារ​របស់​លោក​ហ្វៃ សំអាង នេះ​មក មាន​អ្នកសិល្បៈ​មួយ​ចំនួន​បាន​សម្តែង​ការ​សោកស្តាយ​ហើយ​សម្តែង​ការ​អាណិតអាសូរ​ដល់​នាង​សំ ប៉ូ​លី​ដា ។

ឪពុក​របស់​កញ្ញា​លី ច័ន្ទ​សីហា លោក​លី សុជន បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា «​ថ្ងៃនេះ​យក​ចំណងដៃ​មក​ចងដៃ​កូន​សំ ប៉ូ​លី​ដា  តែ​អ្វី​ដែល​ខ្ញុំ​និង​សីហា ស្រងាកចិត្ត​គឺ​សំ ប៉ូ​លី​ដា បាន​ត្អូញ​ថា មិត្តភក្ដិ​សិល្បៈ​គ្មាន​សូវ​អ្នក​ណា​ចូលរួម​ទេ ។ ខ្ញុំ​សូម​ជំរាប​ថា ខ្ញុំ​និង​សីហា​មិន​ដែល​ចោល​មិត្ត​សិល្បករ​ណា​ឡើយ ឱ្យ​តែ​គេ​ប្រាប់ មិនបាច់​ខ្ញុំ​និយាយ​ក៏​មិត្តភក្ដិ​សិល្បៈ​ឃើញ​និង​ដឹង​ស្រាប់​ហើយ ។ ខ្ញុំ​ក៏​បាន​លួងលោម​អា​ដា​កុំឱ្យ​តូចចិត្ត សូ​ម្បី​តែ​កូន​ខ្ញុំ​វិញ​ស្លាប់​មួយ​ទាំងមូល​ក្នុង​សិល្បៈ គ្មាន​សូវ​អ្នក​ណា​ភ្ញាក់ផ្អើល​ផង ប្រកាស​តាម​ហ្វេ​ស​ប៊ុ​ក​គេ​ធ្វើ​មិនដឹង ជួប​មុខ​គេ​ថា​ចាំ​៧​ថ្ងៃ​ឱ្យ​ប្រាប់​គេ​ផង ដល់​ធ្វើបុណ្យ​ប្រាប់​គេ គេ​មិន​មក ធ្វើ​អី​គេ? រួច​ជួប​មុខ​តាំង​សុំ​ទោស ។ បើ​យើង​មិន​ប្រាប់​គេ​តាំង​រករឿង​បន្ទោស​យើង​ថា យើង​ម៉េច​មើលងាយ​គេ ភ័យ​ខ្លាច​គេ​អត់​លុយ​ចងដៃ​ឬ? អ៊ី​ចឹ​ង​អា​ដា​ឯង​កុំ​តូចចិត្ត​អី ។ ចងដៃ​ខួបកំណើត​កូន​អា​ដា​១០០​ដុល្លារ​ទៅ​អាណិត​គាត់​ខាត​ច្រើន​ណាស់​» ៕