មន្ត្រីជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ថា​ ការ​ដក​វិស័យ​ទេសចរណ៍​ពី​ឯកជន​មក​គ្រប់គ្រង​ជា​គោលនយោបាយ​កំណែទម្រង់​ល្អ

រាជធានី​ភ្នំពេញ ​៖ ​លោក យ៉ែ​ម ប៉ុ​ញ្ញ​ឫទ្ធិ ប្រធាន​គណៈកម្មការ​ទី​៧នៃ​រដ្ឋសភា (​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា វប្បធម៌ និង​ទេសចរណ៍​) បាន​មាន​ប្រសាសន៍​ថា​ ការ​ដក​តំបន់​ទេសចរណ៍​ពី​ឯកជន​មក​គ្រប់គ្រង​ដោយ​រដ្ឋ​ជា​គោលនយោបាយ​កំណែទម្រង់​ល្អ ។

លោក​បាន​ស​សេរ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កថា​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​កន្លែង​ជា​តំបន់​ទេសចរណ៍​ច្រើន ​ដូច​ជា​តំបន់ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត មាននៅ​ខេត្ត​ព្រះ​សីហ​នុ ខេត្ត​កែប ខេត្តកំពត និង​ខេត្តកោះកុង ប្រាសាទ​អង្គរ​ នៅ​ខ​ត្ត​សៀមរាប ជា​កេរ្តិ៍​តំណែល​របស់​បុព្វបុរស​ខ្មែរ​ល្បី​រន្ទឺ​ពេញ​លើ​លោក និង​តំបន់​ធម្មជាតិ​ជា​ច្រើន​ទៀត​។​

​​វិស័យ​ទេសចរណ៍នេះ​បាន​ធ្វើ​ឲ្យនាំ​មក​នូវ​ចំណូល​មួយ​ផ្នែកចូល​ដល់​ថវិកាជាតិ ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​អភិវឌ្ឍ​សង្គម​ជាតិ​។

ប៉ុន្តែ​មួយ​រយៈ​កន្លង​មក ប្រាសាទអង្គរវត្ត និង​ឆ្នេរ​សាធារណៈ​មួយ​ចំនួន ត្រូវ​គ្រប់​គ្រង​ដោយ​ឯកជន​ តែ​គោលនយោបាយ​កំណែទម្រង់ វិស័យ​ទេសចរណ៍ ចាប់​មានជា​វិជ្ជ​មាន​ហើយដោយ​មាន​វិធានការ​ការ​ចាត់ចែង គ្រប់គ្រង​ដោយ​ផ្ទាល់​ពី​រដ្ឋ ក្នុង​ការលក់​សំបុត្រ​ចូល​មើល​អង្គរ រួច​បាន​សម្រេច​ដាក់​ចេញ​វិធានការ​មួយ ដោយ​តម្រូវ​ឲ្យ​វិស័យ​ឯកជន ដែល​ទទួល​បាន​សិទ្ធិ​កាន់កាប់​តំបន់ឆ្នេរដកឃ្លា​ចេញពី​មាត់​ឆ្នេរសមុទ្រប្រមាណ​៥០​ម៉ែត្រ ហើយអាជ្ញាធរ និង​មន្ត្រី​ជំនាញ នឹង​រៀបចំ​ឆ្នេរសមុទ្រ​កម្ពុជា​ទាំងអស់ឲ្យ​ទៅ​ជា​ទ្រព្យសា​ធារណៈរបស់​រដ្ឋ (​ឆ្នេរ​សាធារណៈ​) ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ទៅ​លេង​កម្សាន្ត​បាន​៕

ព័ត៌​មាន​​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​