មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​រឹបអូស​បាន​ឡេ​ក្លែងក្លាយ​៩​កំប៉ុង

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ នៅ​ទី​២៤ ​វិច្ឆិកា ២០១៥ នេះ ​​មន្ត្រី​ចម្រុះ​បានចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​ និង​គ្មាន​កាលបរិ​ច្ឆេ​ទច្បាស់លាស់​ ​នៅ​ផ្សារ​មង្គល​បូ​រី​ ​រឹបអូស​បានឡេ​ក្លែងក្លាយ​ចំនួន៩​កំប៉ុង​។

លោក ហុង លៀង អនុប្រធាន​ទី​១​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​​ក្រោយ​ពេល​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព ​និង​​ហួស​កាល​បរិ​ច្ឆេ​ទ​នៅ​តាម​ទីផ្សា​រមង្គល​បូ​រី​បាន​រក​ឃើញ​ឡេ​គ្មាន​ស្លាកសញ្ញា​ច្បាស់លាស់​ចំនួន​៩​កំប៉ុង​តូច ​ស្មើ​​៥​គីឡូក្រាម​ និង​ទំនិញ​ខូចគុណភាព​មួយ​ចំនួន​តូច​។

លោក ស៊ា​ន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បាន​ប្រាប់​ថា ​​​នៅ​ពេល​ចុះ​ពិនិត្យ​ទំនិញ​ខូចគុណភាព​គ្មាន​កាលបរិ​ច្ឆេ​ទ​ច្បាស់លាស់​ ​មន្ត្រី​សាខា​កាំ​​​កុងត្រូល​ខេត្ត​បាន​បិទ​ឡូហ្គោ​ផ្សព្វផ្សាយ​ការ​ណែនាំ​ម្ហូបអាហារ​ដែល​បរិភោគ​ទៅ​ប៉ះពាល់​សុខភាព​ និង​ទំនិញ​ដែល​ហួស​កាល​បរិ​ច្ឆេ​ទ។

លោក​បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​កាំកុងត្រូល​រួម​ជាមួយ​សមត្ថកិច្ច​ចម្រុះ​បាន​ខិតខំ​ពន្យល់​ណែនាំ ​និង​បង្ហាញ​ជូន​អាជីវក​ទាំងអស់​អំពី​វិធី​សា​ស្គ្រ​ថែទាំ​ដាក់​លក់​ ការ​រក្សា​ទុក​មុខទំនិញ​ឱ្យ​ស្រប​តាម​លក្ខ​ខណ្ឌ​តម្រូវ​ផ្នែក​អនាម័យ និងរបៀប​មើល​កាលបរិច្ឆេទ​ប្រើប្រាស់​​៕