សំណង់​​សង់​រំលោភ​ប្រឡាយ​ទឹកអូរ​អា​គុ​ច ​អាជ្ញាធរ​បាន​ត្រឹមតែ​ឃាត់​ តែគ្មាន​វិធាន​ការ

រាជធានីភ្នំពេញ ៖ សំណង់​សង់​ជា​ផ្ទះល្វែង​បាន​រំលោភ​ទៅ​លើ​ប្រឡាយ ​និង​ជាប់​ស្ពាន​អូរ​អា​គុ​ច​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​១០១៩​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។ ​ចំពោះ​សំណង់​នេះ​ អាជ្ញាធរ​បាន​អះអាង​ថា​ ជា​សំណង់​ខុសច្បាប់​​បាន​រំលោភ​ទៅ​​លើ​ប្រឡាយ​អូរ​អា​គុ​ច​​ពិតប្រាកដ​មែន ​និង​កន្លង​មក​ អាជ្ញាធរ​ខណ្ឌ​បាន​ចេញ​លិខិត​ផ្អាក​សំណង់​ និង​​ឱ្យ​ម្ចាស់​​សំណង់​វាយ​កម្ទេច​ចោល​​ថែម​ទៀត​ជា​ច្រើន​​លើក​រាប់​​មិន​អស់​ ​ក៏ប៉ុន្តែ​ម្ចាស់​នេះ ​គេ​មាន​ខ្នង​ក្រាស់ឃ្មឹក​ពេក ទើប​ជា​មិនសូវ​ខ្លាច​អាជ្ញាធរ​ប៉ុន្មាន​នោះ​ទេ​ ។

ជាក់ស្តែង​ថ្មី​ៗ​នេះ ​ក្រោយ​ពី​អាជ្ញាធរ​ឃាត់​សំណង់​ខាងលើ​បាន​រយៈ​ពេលខ្លី​ប៉ុណ្ណោះ​ ស្រាប់តែ​ម្ជា​ស់​សំណង់​អាង​​អំណាច​នេះ ​បាន​លួច​​ចាក់សាប​ខាង​មុខ​ផ្ទះ ​និង​សំយ៉ាប​ផ្ទះ​រំលោភ​ទៅ​លើ​ប្រឡាយ​អូរ​អា​គុ​ច​បន្ត​ទៅ​ទៀត​ ។​ ជាមួយ​នេះ ​អាជ្ញាធរ​បាន​​ចុះ​ទៅ​ឃាត់​ម្តងទៀត​។​ជាមួយ​ការ​ឃាត់​សំណង់​ខុសច្បាប់​និង​រំលោភ​ទៅ​ប្រឡាយ​នេះ​មតិ​ន​ហា​ជន​បាន​ធ្វើការ​រិះគន់​ថា​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ហាក់​បីដូចជា​ខ្សោយ​​ផ្នែករ​ដ្ឌ​បាល​​ បាន​ត្រឹមតែ​ចេញ​លិខិត​ឃាត់​មិន​ហ៊ាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ពោល​បើ​ម្ចាស់​សំណង់​នេះ​ ជា​អ្នក​​ទន់ខ្សោយ​ ឬ​អ្នក​ក្រីក្រ​ ច្បាស់​ជា​កម្ទេច​​ចោល​មិន​ទុក​​យូរ​បែប​​នេះ​ទេ​។

ពាក់ព័ន្ធ​សំណង់​ខាងលើ​នេះ​​ ​លោក​លី​ សា​វ៉េត ​អភិបាល​ខណ្ឌ​សែន​សុខ​ បាន​បញ្ជាក់​ថា​ កន្លង​មក​ អាជ្ញាធរ​បាន​ចេញ​លិខិត​ហាម​ឃាត់​ និង​ឲ្យ​រុះរើ​ជា​ច្រើន​លើក ​ប៉ុន្តែ​ម្ចាស់​សំណង់​មិន​អនុវត្ត​តាម​នោះ​ទេ ​។​ ​​កន្លង​មក​ អាជ្ញាធរ​ក៏​បាន​ធ្លាប់​ចុះ​ទៅ​ចាប់​សម្ភារ​សំណង់​ផង​ដែរ​ ។ ​លោក​បន្ត​ថា​ ពេល​បាន​​ទទួល​ដំណឹង​ថា​ ម្ចាស់​​សំណង់​នេះ​ បន្ត​ចាក់សាប​ថែម​ទៀត​​កាល​ចុង​ស​ហ្តហ៍​កន្លង​មកនេះ ហើយ​​លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​ចុះ​ទៅ​ឃាត់​ទៀត​។

លោក​​​បញ្ជាក់​បន្ថែម​ថា​ បាន​បញ្ចា​ឲ្យ​មន្ត្រី​ឲ្យ​យក​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​កាយ​កម្ទេច​​ចោល​ ។ ចំណែកឯ​លោក​ថេ​ង​ សុ​ថុ​ល ​អភិបាលរង​ខណ្ឌ​សែន​សុខ​ ដែល​បាន​ទទួល​បន្ទុក​ការងារ​នេះ ​បាន​ឲ្យ​ដឹង​ថា​ លោក​កំពុង​ត្រៀម​រៀបចំ​វាយ​កម្ទេច​សំណង់​នេះ​ ក្រោយ​ពី​ជួប​ប្រជុំ​កាលពី​ម្សិលមិញ នៅ​សាលា​ខណ្ឌ ​និង​មានការ​បញ្ជា​ពី​លោក​លី សា​វ៉េត ៕