ថៃ​បញ្ជូន​សព​ពលករ​ខ្មែរ​អ៊ិស្លា​ម​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​១២​​ឲ្យ​សាច់ញាតិ

​ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ភាគី​ថៃ​បាន​​​បញ្ជូន​សព​ពលករ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​មក​ប្រគល់​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កាលពី​វេលា​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ទី​២៤​​ វិច្ឆិកា​ ២០១៥ បន្ទាប់​ពី​ជួប​ឧប្បត្តិហេតុ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​ជាន់​ទី​១២​ នៅ​ខេត្ត​ឡា​ត​បុរី​ ប្រទេស​ថៃ​ ។

ជន​រង​គ្រោះ​ឈ្មោះ​ អ៊ី​ ហា​ម៉ាស់​ ភេទ​ប្រុស ​អាយុ​៣០​​ឆ្នាំ​ ជា​កម្មករ​សំណង់​ និង​មាន​ទីលំនៅ​ភូមិ​គ្រញូង​សែន​ជ័យ ​ឃុំ​២​ធ្នូ ​ស្រុក​ស្នួល ​ខេត្តក្រចេះ​ ។ តាម​សាច់ញាតិ​ប្រាប់​ថា ​ជន​រង​គ្រោះ​បាន​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​នៅ​ខេត្ត​ឡា​ត​បុរី​ កាលពី​រសៀល​ថ្ងៃ​ទី​២០​ វិច្ឆិកា ​​បណ្តាល​ឱ្យ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​ ហើយ​បាន​ស្លាប់​នៅ​ព្រលប់​ថ្ងៃ​ទី​២៣​ វិច្ឆិកា ម្សិលមិញ​នេះ ។

ការ​ធ្លាក់​ពីលើ​អគារ​ការដ្ឋាន​សំណង់​​ត្រូវ​សាច់ញាតិ​បញ្ជាក់​ថា​ មុន​កើតហេតុ​ កម្មករ​រួម​អាជីព​៣​នាក់ ​បាន​ជិះ​កន្ត្រក​យោង​ទៅ​ធ្វើ​សំណង់​នៅ​ជាន់​ទី១២​ ​លុះ​​ចុះ​ត្រឡប់​មក​វិញ​កម្មករ២​​នាក់​​បាន​ចូល​កន្ត្រក​យោង​ហើយ ​ចំណែក​ពលករ​រង​គ្រោះ​ទើបតែ​ឈាន​ជើង​មិន​ទាន់​ចូល​ដល់​កន្ត្រក​យោង​ផង​ ស្រាប់តែ​អ្នកបញ្ជា​គ្រឿងចក្រ​ដក​កន្ត្រក​យោង​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​មក​ដី​បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង ​។ សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​ស្រុក​កំណើត ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​យ ៕ ​