សេចក្តីលម្អិត​អំពី​ក្រុម​ឈាម​របស់​មនុស្ស​ដែល​អ្នក​មិន​ធ្លាប់​ដឹង​សោះ​

សេចក្តីលម្អិត​អំពី​ក្រុម​ឈាម​របស់​មនុស្ស​ដែល​អ្នក​មិន​ធ្លាប់​ដឹង​សោះ​

បើសិនជា​យើង​មើល​ដំបូង ឈាម​របស់​មនុស្ស​យើង​ម្នាក់ៗ​សុទ្ធ​តែ​មើលទៅ​ដូចៗ​គ្នា​ទាំងអស់​។ ប៉ុន្តែ​បើសិនជា​យើង​មើល​តាម​មីក្រូ​ទស្សន៍​វិញ យើង​នឹង​មើលឃើញ​ពី​ពន្លឺ​ខុសៗ​គ្នា​ក្នុង​សមាសធាតុ​ឈាម​ទាំងនោះ​។ ឈាម​របស់​មនុស្ស​យើង​ត្រូវបាន​បង្កើតឡើង​ដោយ​សមាសធាតុ​ខុសៗ​គ្នា​ជា​ច្រើន​ដូចជា​៖

  • ​Erythrocytes៖ ជា​កោសិកា​គ្រាប់​ឈាមក្រហម​សម្រាប់​ដឹកនាំ​ម៉ូលេគុល​អុកស៊ីសែន​ពី​សួត ទៅ​ផ្នែក​ផ្សេងៗ​ជាច្រើន​នៃ​រាងកាយ​។​
  • ​Leukocytes៖ ជា​កោសិកា​គ្រាប់​ឈាមស​សម្រាប់​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​ការទប់ស្កាត់​ការបង្ក​រោគ​។​
  • ​Thrombocytes៖ សមាសធាតុ​ឈាម​មួយ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្លាកែ​ត ដែល​មាន​តួនាទី​ក្នុង​ការជួយ​ឱ្យ​ឈាម​កក​។​
  • ​Plasma៖ ផ្នែក​រាវៗ​របស់​ឈាម​មួយ​នេះ​នឹង​ជួយ​ឱ្យ​សមាសធាតុ​ក្នុង​ឈាម​ទាំងអស់​អណ្តែត​បាន​។​

​អ្នកជំនាញ​និយាយថា ៩៥​ភាគរយ​នៃ​កោសិកា​គ្រាប់​ឈាម​របស់​រាងកាយ​ត្រូវបាន​បង្កើត​ឡើង​ចេញ​ពី​ខួរ​ឆ្អឹង​។ ក្រៅពី​សមាសធាតុ​ក្នុង​ឈាម​ដែល​បាន​រៀបរាប់​ពី​ខាងលើ ឈាម​ក៏​ផ្ទុក​ទៅដោយ Fat Globules ឧស្ម័ន (​អុកស៊ីសែន កាបូន​ឌីអុកស៊ីត និង​នី​ត្រូ​ហ្សែ​ន​) និង សារធាតុ​គីមី​ផ្សេងៗ​ទៀត (​ប្រូទេអ៊ីន កាបូ​អ៊ី​ដ្រាត និង​អ័រម៉ូន​)​។

​ឈាម​របស់​មនុស្ស​យើង​មាន​ចំនួន ៤​ក្រុម​ធំៗ ដែល​ជា​ប្រភេទ​ក្រុម​ឈាម​មាន​សញ្ញា​សម្គាល់​ដោយ​មាន​វត្តមាន ឬ​គ្មាន​អង់​ទី​ហ្សែ​ន (​សារធាតុ​ដែល​អាច​ធ្វើឱ្យ​មាន​ការឆ្លើយ​តប​នៃ​ប្រព័ន្ធ​ភាពស៊ាំ​បើសិនជា​រាងកាយ​រកឃើញ​ថា​វា​មិនមែន​ជា​របស់​នៅ​ក្នុង​ខ្លួន​) ក្នុង​ឈាម ជាពិសេស​ផ្ទៃ​ខាង​លើ​របស់​កោសិកា​គ្រាប់​ឈាមក្រហម​តែម្តង​។ វា​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការយល់ដឹង​អំពី​ក្រុម​ឈាម​នេះ​ព្រោះ ការបញ្ចូល​ឈាម​ដ៏​មាន​សុវត្ថិភាព​ល្អ​បំផុត​នោះ​គឺ​ត្រូវ​ការយល់ដឹង​ពី​វា​នេះឯង​។ គោលបំណង​ចំពោះ​រឿង​នេះ​គឺ​ដើម្បី​ជួយ​អ្នក​អាច​បរិច្ចាគ​ឈាម ឬ​ទទួល​ទាម​ត្រឹមត្រូវ​ទៅ​តាម​ក្រុម​ឈាម​នីមួយៗ​ដើម្បី​កុំឱ្យ​មាន​ការ​បែក​គ្រាប់​ឈាម​ដោយសារតែ​បញ្ចូល​ឈាម​ខុសគ្នា​។

ចំពោះ​អង់​ទី​ហ្សែ​ន​នៅលើ​ផ្ទៃ​គ្រាប់​ឈាមក្រហម​នោះ​មាន​ពីរ​ប្រភេទ​នោះ​គឺ A និង B​។ ដូច​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​ពី​ខាងលើ​អញ្ចឹង ក្រុម​ឈាម​ត្រូវបាន​កំណត់សម្គាល់​តាម​រយៈ​មាន​វត្តមាន ឬ​គ្មាន​វត្ត​មាន​អង់​ទី​ហ្សែ​ន​។ ក្រៅពី​អង់​ទី​ហ្សែ​ន យក​ល្អ​ក៏​គួរតែ​កត់សម្គាល់​ទៅលើ​អង់ទីគ័រ​ផងដែរ​។ អង់ទីគ័រ​គឺជា​សារធាតុ​ទាំងឡាយណា​ដែល​តោង​ទៅនឹង​អង់​ទី​ហ្សែ​ន​ដើម្បី​បង្ក​ឱ្យ​មាន​ការឆ្លើយតប​ប្រព័ន្ធ​ភាព​ស៊ាំ​។

ខាងក្រោម​នេះ​គឺជា​ក្រុម​ឈាម ៤​ប្រភេទ​ធំៗ​៖

  • ​ក្រុម​ឈាម A៖ មានន័យ​ថា​កោសិកា​គ្រាប់​ឈាមក្រហម​របស់​អ្នក​មាន​អង់​ទី​ហ្សែ​ន A​។ ចំណែកឯ Plasma វិញ​មាន​អង់ទីគ័​រ B​។ 
  • ​ក្រុម​ឈាម B៖ មានន័យ​ថា កោសិកា​គ្រាប់​ឈាមក្រហម​អ្នកមាន​អង់​ទី​ហ្សែ​ន B​។ ចំណែកឯ Plasma វិញ​មាន​អង់ទីគ័​រ A​។
  • ​ក្រុម​ឈាម AB៖ មានន័យ​ថា កោសិកា​គ្រាប់​ឈាមក្រហម​អ្នកមាន​អង់​ទី​ហ្សែ​ន A ផង និង B ផង​។ ចំណែកឯ Plasma វិញ​មិន​មាន​អង់ទីគ័​រ A ឬ B ឡើយ​។​
  • ​ក្រុម​ឈាម O៖ ក្រុម​ឈាម​ប្រភេទ​នេះ​គឺ​គ្មាន​អង់​ទី​ហ្សែ​ន A ឬ B នៅលើ​ផ្ទៃ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​ឡើយ​។ ចំណែកឯ Plasma វិញ​បែរជា​មាន​អង់ទីគ័​រ A ផង​និង B ផង​ទៅវិញ​។

​ដើម្បី​អាច​ធ្វើ​ការបញ្ចូល​ឈាម​ដោយ​គ្មាន​បញ្ហា​នោះ ការ​ធ្វើ​តេស្ត Cross-matching ទោ​លើ​គ្រាប់​ឈាម​គឺជា​រឿង​សំខាន់​។ ខាងក្រោម​នេះ​គឺជា​ការពិភាក្សា​ខ្លី​មួយ​ដែល​អាច​ឱ្យ​អ្នក​ដឹងថា​ក្រុម​ឈាម​ណា​អាច​បញ្ចូល​ឈាម​ទៅ​នរណា​ម្នាក់​ទៀត​បាន​ដោយ​មាន​សុវត្ថិភាព​៖

  • ​ក្រុម​ឈាម A៖ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​នេះ​ប្រហែលជា​អាច​បរិច្ចាគ​ឈាម​ទៅ​នរណា​ម្នាក់​ដែល​មាន​ក្រុម​ឈាម A ឬ AB​។
  • ​ក្រុម​ឈាម B៖ បើសិន​ជា​អ្នក​មាន​ក្រុម​ឈាម B អ្នក​អាច​បរិច្ចាគ​ឈាម​ទៅ​នរណា​ម្នាក់​ដែល​មាន​ក្រុម​ឈាម B ឬ AB​។​
  • ក្រុម​ឈាម AB៖ ការ​មាន​ក្រុម​ឈាម​ប្រភេទ​នេះ​មានន័យ​ថា អ្នក​អាច​បរិច្ចាគ​ឈាម​ទៅ​នរណា​ម្នាក់​ដែល​មាន​ក្រុម​ឈាម AB ដូចគ្នា​។
  • ​ក្រុម​ឈាម O៖ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ក្រុម​ឈាម Universal Donor ព្រោះ​អ្នក​អាច​បរិ​ច្ចាម​ឈាម​ឱ្យ​នរណា​ក៏​បាន​ដែរ ដោយ​មិន​ប្រកាន់​គ្រាប់​ឈាម​ឡើយ​។

​តើ​អ្នក​មាន​ដឹង​ទេ​ថា វា​នៅ​មាន​អង់​ទី​ហ្សែ​ន​ទីបី​មួយទៀត​? នោះ​ហៅថា Rh Factor​។ អ្នក​នឹងមាន Rh (-) បើសិនជា​ឈាម​អ្នក​មិន​មាន​អង់​ទី​ហ្សែ​ន​មួយ​នេះ​ទេ​។ តែ​អ្នក​នឹងមាន Rh (+) បើសិនជា​ឈាម​អ្នក​មាន​អង់​ទី​ហ្សែ​ន​មួយ​នេះ​។ ខ​ង​ក្រោម​នេះ​គឺជា​ការបង្ហាញ​អំពី Rh Factor៖

  • ​ឈាម​មាន Rh (-)៖ អ្នក​ដែល​មាន​អង់​ទី​ហ្សែ​ន​ប្រភេទ​នេះ​គ្រាន់តែ​អាច​ទទួល​ឈាម​ពី​អ្នក​ដែល​មាន Rh (-) ដូច​គ្នា​ប៉ុណ្ណោះ​។​
  • ​ឈាម​មាន Rh (+)៖ អ្នក​ដែឡ​មាន​អង់​ទី​ហ្សែ​ន​ប្រភេទ​នេះ​អាច​នឹង​មាន​សុវត្ថិភាព​ក្នុង​ការទទួល​ឈាម​ពី​អ្នក​ដែលមាន Rh (+) ផង និង Rh (-) ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។