បើករថយន្ត​ប៉ះ​គេហើយ​មិន​​ឈប់​ ​បើក​រត់ទៅ​​បែក​កង់​នៅ​ឃ្លាំងមឿង ឆែក​មើលឃើញ​សុទ្ធតែ​ឈើ​គ្រញូ​ង

ខេត្តពោធិ៍សាត់​ ៖ ​រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​ស្ករ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2D5839​មួយ​គ្រឿង​បាន​បើក​មក​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​រួច​ហើយ​បាន​បើក​រត់​ក្នុង​គោលបំណង​គេចខ្លួន ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​បើក​ដេញ​តាម​ជាប់​រហូត​ធ្វើ​ឲ្យ​រថយន្ត​បង្កហេតុ​នោះ​គេច​ចូល​ផ្លូវ​អ្នកតា​ឃ្លាំងមឿង​បែក​កង់​នៅ​ទីនោះ​ទៅ​មុខ​លែង​រួច ហើយ​អ្នកបើកបរ​ទុក​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់​ ពេល​នោះ​អ្នក​បើករថយន្ត​ដេញ​តាម​មក​ទាន់​បើក​មើល​ក្នុង​រថយន្ត​ឃើញ​សុទ្ធតែ​ឈើប្រណីត​ក៏រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន​ ប៉ុន្តែ​ដេញ​មក​បែក​កង់​នៅ​បូជនីយដ្ឋាន​ឧកញ៉ា​ឃ្លាំងមឿង​ ជំទាវ​ខាន់​ ខៀវ​ ស្ថិត​ក្នុងភូមិ​ជំរុំ​សៀម ​សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​០៩​ និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ វិច្ឆិកា ​២០១៥​។​

ក្រោយ​ពេល​ម្ចាស់​រថយន្ត​រាយការណ៍​ទៅ​សមត្ថ​កិច្ច​រួច ​​មេព្រៃ​ និង​ប៉ូ​លិស​សេដ្ឋកិច្ច​ខេត្ត​បាន​ទៅ​ដល់​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​បទល្មើស​ជាក់ស្ដែង​ក៏​នាំ​យក​ទាំង​រថយន្ត​ និង​ឈើប្រណីត​ទាំងនោះ​មក​កាន់​ខ​ណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​ដើម្បី​រាប់​ចំនួន​បំពេញបែបបទ​តាម​នីតិវិធី​។

លោក​វរសេនីយ៍ត្រី​យឹ​ម ប៊ុ​ន​ធឿ​ន​ ជា​ម្ចាស់​រថយន្ត Fort Ranger​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2Y.1035​ ដែល​ត្រូវ​រថយន្ត​បទល្មើស​បុក​នោះ​បាន​រៀបរាប់​ប្រាប់​ថា​ លោក​ធ្វើ​ទា​ហាន​នៅ​ការិយាល័យ​ព្រំដែន​គោក​បាន​ធ្វើ​ដំណើរ​មក​ពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ​មាន​គ្នា​ពីរ​នាក់​។

​ពេល​ធ្វើ​ដំណើរ​មក​ដល់​ឃុំ​បឹង​ខ្នារ​ ស្រុក​បាកាន ​ស្រាប់តែ​រថយន្ត​បា​ឡែ​ន​ខាងលើ​បើក​មក​បុក​ពីក្រោយ​រួច​ហើយ​បើករ​ត់ទៅ​មុខ​ទៀត​យ៉ាង​លឿន​។ ​ភ្លាម​ៗ​នោះ​លោក​បាន​បើក​ដេញ​តាម​ពីក្រោយ​ជាប់​រហូត​ចូល​តាម​ផ្លូវ​អ្នកតា​ឃ្លាំងមឿង​ លុះ​ទៅ​ដល់​ភូមិ​ជំរុំ​សៀម ​សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់ ​រថយន្ត​បា​ឡែ​ន​នោះ​បែក​កង់​មុខ​ខាងឆ្វេង​ទៅ​មុខ​លែង​រួច​ អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ទុក​រថយន្ត​ចោល​នៅ​ទីនោះ​នាំ​គ្នា​គេចខ្លួន​បាត់​។​

ពេល​លោក​ចុះ​ទៅ​មើលឃើញ​ក្នុង​រថយន្ត​សុទ្ធតែ​ឈើគ្រ​ញូ​ងក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​តែ​ម្ដង​។  លោក​ជា ប៊ុ​ន​លី ​នាយ​សង្កាត់​សំពៅ​មាស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ក្រោយ​ពី​ពិនិត្យ​ និង​រាប់​ចំនួន​រួច​ឃើញ​ថា​ ឈើ​ដែល​នៅ​ក្នុង​រថយន្ត​នោះ​ជា​ប្រភេទ​ឈើគ្រ​ញូ​ង​មាន​ចំនួន​៧៥​ដុំ​ ទម្ងន់​៤៥២​គ​ក្រ​ស្មើ​នឹង​០,៣៧៦​ម៉ែ​ត្រ​គូប​។​

រថយន្ត​ និង​ឈើប្រណីត​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ពោធិ៍សាត់​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​ចាត់ចែង​តាម​នីតិវិធី​៕​​