ពលករ​វិល​ត្រឡប់​ពី​ថៃ​រង​គ្រោះជា​បន្តបន្ទាប់​ដោយ​ការ​ជម្រិត​ទា​រប្រាក់

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​បាន​ជួប​បញ្ហា​រង​គ្រោះជា​បន្តបន្ទាប់​ត្រូវ​គេ​ជម្រិត​ទារប្រាក់​នៅ​ពេល​មក​ដល់ទី​តាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​។

តាំងពី​មុន​មក​ដល់​ពេល​នេះ​រឿង​ជម្រិត​ទារប្រាក់​លើ​ពលករ​ខ្មែរ​វិល​ត្រឡប់​ពី​ថៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កើត​មាន​ជា​បន្តបន្ទាប់​ តែ​ហាក់ដូចជា​សាម​ញ្ញ​ ខណៈ​សមត្ថកិច្ច​រវល់​ជាប់​ត្រគៀក​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​24 ​វិច្ឆិកា ២០១៥ មាន​ពលករ​វិល​ត្រឡប់​ពី​ថៃ​រង​គ្រោះ​៣​នាក់​ទៀត​ហើយ ​អស់​ម្នាក់​១.០០០បាត ប្រាក់​ថៃ​ គិត​ជា​ប្រាក់​ខ្មែរ​ជាង​១០​ម៉ឺន​រៀល​។ ពលករ​២​នាក់​ប្តី​ប្រពន្ធ​ជា​អ្នក​ខេត្តកំពង់ស្ពឺ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​និយាយ​ថា​ ពួក​គាត់​ទើប​វិល​ត្រឡប់​ពី​ក្រុង​បាងកក​ លុះ​មក​ដល់​ផ្សារ​រុង​ក្លឿ​ត្រូវ​មេខ្យល់​នាំ​ដើរ​ផ្លូវ​កាត់​ជម្រិត​ទា​រប្រាក់​អស់​២​ពាន់​បាត​។

អ្វី​ជា​ការ​កត់សម្គាល់​នោះ​ពលករ​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ទាំង​២​ខាងលើ​ទំនងជា​រង​ការ​គំរាម​ពី​ក្រុម​ជម្រិត​ប្រាក់ ​ដោយ​ដំបូង​មិន​ហ៊ាន​និយាយ​ស្តី​គេច​ឡើង​ទៅ​អង្គុយ​លើ​រថយន្តក្រុង​ទាំង​ទឹកមុខ​ស្លេកស្លាំង​។ ពលករ​រង​គ្រោះ​ទាំង​២នាក់​ត្រូវ​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​ហៅ​សួរនាំ​ទើប​ដឹង​ពី​ការ​ជម្រិត​ទារប្រាក់​។

ដោយឡែក​ពលករ​ម្នាក់​ទៀត​ឈ្មោះ​រុន​ ថេ​ន​ ភេទ​ប្រុស​ អាយុ​21​ឆ្នាំ​ ជា​អ្នកស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ទើប​មក​ពី​ខេត្ត​ឆាក់​ឆឺ​ន​សៅ​ ប្រទេស​ថៃ​ធ្វើ​ជា​កម្មករ​ភ្ញាស់ពងទាបាន​តាម​រក​អ្នក​យក​ព័ត៌មាន​ដើម្បី​ប្រាប់​ពី​ការ​ពិត​រឿង​គេ​ជម្រិត​ទារប្រាក់​។

ពលករ​ខាងលើ​ប្រាប់​ថា ​ខ្លួន​មាន​ឯកសារ​ច្បាប់​ត្រឹមត្រូវ​ តែ​ត្រូវ​មេខ្យល់​លួងលោម​ឲ្យ​ដើរ​ផ្លូវ​កាត់​តាម​ច្រករបៀង​ ដោយ​និយាយ​ថា​ គេ​យក​ថ្លៃ​ជូន​ផ្លូវ​តែ​100​បាត ​ផ្ទុយ​ទៅ​វិញ​ជម្រិត​ទារប្រាក់​អស់​1.000បាត ​ហើយ​ទារ​ថ្លៃ​បេន​រថយន្ត​នៅ​ទីតាំង​សាខា​លក់​សំបុត្រ​រថយន្តក្រុង​ក្បែរ​ផ្ទះសំណាក់​លី​ហូ​វ​​ ក្នុងភូមិ​ក្បាលស្ពាន​1​ សង្កាត់​ប៉ោយ​ប៉ែ​ត​ 150បាតផ្សេង​ទៀត​ សរុប​1.150​បាត​។

ពលករ​រូប​នេះ​បាន​សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ជួយ​បោសសំអាត​ក្រុម​មេខ្យល់​ជម្រិត​ទារប្រាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដើម្បី​ការពារ​ពលករ​ផ្សេង​ទៀត​កុំ​ឲ្យ​រង​គ្រោះ​បន្ត​៕ ​