ជន​ដៃដល់​​​​​ចាក់​​សម្លាប់មនុស្ស​​​ ស្លាប់​ម្នាក់ ​​របួសធ្ងន់​២នាក់​ ត្រូវ​ប៉ូលិស​​​ចាប់​ខ្លួន​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណីប្រើអំពើ​​ហិង្សា​បន្ទាប់​ពី​​ផឹក​ស៊ី​ស្រវឹង​ចាក់​សម្លាប់​មនុស្ស​៣​នាក់ បណ្តាល​ឱ្យ​​​​ស្លាប់​​ម្នាក់​ និង​រង​របួសធ្ងន់២​នាក់​ ​កាលពី​ថ្ងៃទី​២៣ វិច្ឆិកា ២០១៥ កន្លង​ទៅ​នេះ​​ ត្រូវ​បាន​សមត្ថកិច្ច​​​ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង៩និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០១៥ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ម្លិះ​លាភ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ បន្ទាប់​ពី​ជនសង្ស័យ​​ដៃ​ដល់​រូប​នេះ​ព្យាយាម​រត់គេច​ខ្លួន​ក្រោយ​ពី​​បង្កហេតុ​រួច​មក ។

ជន​សង្ស័យ​​ដៃ​ដល់​ដែល​សមត្ថកិច្ច​​ចាប់​​ឃាត់​ខ្លួន​ខាង​លើនេះ ឈ្មោះ ​​មាស រិ​ទ្ធី ហៅ​មាស សុធី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ជា​អ្នក​រត់​​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​លេខ​១៨ ផ្លូវ​ជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ចំណែក​ជន​រង​គ្រោះទាំង​៣​នាក់ មាន​ ​១​-​​ឈ្មោះ ទូច សំអាង ភេទប្រុស អាយុ២៤ឆ្នាំ ជាកម្មករ​រោងចក្រ ​​(​​​​ស្លាប់​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​) ។ ​​២-​ឈ្មោះ ទូច សំ​អុល ភេទប្រុស អាយុ៣៥ឆ្នាំ ​ជាកម្មករ​រោងចក្រ (​របួស​លើ​ដោះ​ខាងឆ្វេង​) ។ ​និង​៣​-ឈ្មោះ ហ៊ីង មក​រា ភេទប្រុស អាយុ២៤ឆ្នាំ ​ជា​កម្មករ​រោងចក្រ ​​(​របួស​លើ​ដោះ​ខាងស្តាំ​) ។ ទាំង​​៣នាក់​ស្នាក់​នៅ​ផ្ទះ​ជួល​លេខ​១៧១៣ ផ្លូវលំ​ ភូមិព្រែក​តាឡុ​ង​២ សង្កាត់ចាក់​អង្រែ​ក្រោម ខណ្ឌមាន​ជ័យ ។

គួរ​រំឭក​ថា កាលពី​វេលា​ម៉ោង​៧និង៤៥​នាទី​យប់​ថ្ងៃ​ទី​២៣ ​វិច្ឆិកា ​២០១៥ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​លេខ​១៧១៣ ក្នុង​ក្រុម​ទី​១៧ ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម មាន​​អំពើ​ហិង្សា​ដោយ​ចេតនា​មួយបង្ក​ឡើង​ដោយ​ជនសង្ស័យ​ដៃ​ដល់​​ម្នាក់ ​ឈ្មោះ មាស សុធី ​ទាស់​ពាក្យ​សម្តី​គ្នា​ក្នុង​វង់​ស៊ី​ផឹក ក៏​ទាញ​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​ចាក់​​សម្លាប់​អ្នក​ផឹក​ស៊ី​ជាមួយ​គ្នាចំនួន​៣នាក់​ ​​ដោយ​ម្នាក់​​​ចាក់​​ត្រូវ​មួយ​កាំបិត​ចំ​ដើមទ្រូង​​ហើយ​ក៏​បាន​ស្លាប់​​ពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ​ និង​​២​នាក់​​​ទៀត​​រង​របួស​ធ្ងន់ធ្ងរ ​​​៕