ទូកង​ចំនួន៦ក្នុង​រមណីយដ្ឋាន​អង្គរ​ទទួល​ការឧបត្ថម្ភ​ពី​អាជ្ញាធរ​ជាតិ​អប្សរា

សៀមរាប៖ នៅ​ឆ្នាំ២០១៥នេះ មាន​ទូកង​ចំនួន៣០ ដែល​បាន​ចូលរួម​ប្រកួតប្រណាំង​យក​ជ័យលាភី នៅលើ​ទឹកស្ទឹង​សៀមរាប។ ដើម្បី​ឲ្យ​ពិធីបុណ្យ​អុំទូក​ដំណើរការ​ទៅ​រលូន និង​ដោយ​ភាពសប្បាយ​រីករាយ អាជ្ញាធរ​ជាតិ​អប្សរា បាន​នាំយក​អំណោយ​មួយចំនួន ទៅ​ឲ្យ​ទូក​ចំនួន៦ ក្នុងស្រុក​ចំនួន៥ ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ។

អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃទី២៣ វិច្ឆិកា គឺ​មុន​មួយថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក បាន​យក​អំណោយ មាន​ជា​ថវិកា អាវយឺត និង​មួក ប្រគល់​ឲ្យ​ទូកង​ចំនួន៦ ។ ទូក​ទាំងនោះ គឺ​មកពី​ស្រុក​ចំនួន៥ ដែល​ស្ថិតក្នុង​រមណីយដ្ឋាន​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា។ កីឡាករ កីឡាការិនី សរុប​ទាំងអស់​មាន​ចំនួន ១៨០នាក់ ក្នុងម្នាក់ៗទទួលបាន​ថវិកា ៣ម៉ឺន​រៀល មួក១ និង​អាវយឺត​ចំនួន៣ ។

លោក ឈរ ថា​ណាត អគ្គនាយករង និង​ជា​តំណាង​ឲ្យ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ស៊ុំ ម៉ាប់ បាន​និយាយថា អំណោយ​ទាំងនោះ គឺ​បានមកពី​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កីឡាករ​ទាំងអស់។ ការប្រណាំង​ទូកង គឺជា​ផ្នែក​មួយ​នៃ​ការ​ជ្រោមជ្រែង​ថែរក្សា​វប្បធម៌​ខ្មែរ  ក៏​ជា​គោលដៅ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​ផងដែរ។

គួរ​បញ្ជាក់ថា ទូកង​ទាំង៦ទូក ដែល​បានការ​ឧបត្ថម្ភ​ពី​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងនោះ​មកពី​ស្រុក​បន្ទាយស្រី ស្រុក​អង្គរធំ ស្រុក​ប្រាសាទបាគង ស្រុក​ពួក និង​ក្រុង​សៀមរាប៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​