អ្នក​ជំងឺ​ដែល​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ស្នើសុំ​រោង​សម្រាប់​ជ្រក​បន្ថែម​ទៀត

ប្រជាពលរដ្ឋ​អ្នក​ជំងឺ​ដែល​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ទទូច​ស្នើសុំ​រោង​សម្រាប់​ជ្រក​ជា​ថ្មី​ពី​សប្បុរសជន និង​អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី។ ការ​ស្នើសុំ​ជា​ថ្មី​នេះ បន្ទាប់​ពី​អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី បាន​យក​រោង​សម្រាប់​ជ្រក​មួយ​ចំនួន​ទៅ​ដាក់​កាល​ពី​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា និង​សន្យា​ថា នឹង​ធ្វើ​រោង​បន្ថែម​ដើម្បី​សម្រួល​ការ​អង្គុយ​រង់ចាំ​របស់​អ្នក​ជំងឺ។ អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី ឆ្លើយ​តប​ថា លោក​កំពុង​សាងសង់​រោង​ជូន​អ្នក​ជំងឺ ហើយ​នឹង​រួច​ក្នុង​ពេល​ឆាប់ៗ។

មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវ​បាន​ពលរដ្ឋ​ចាត់​ទុក​ថា សេវា​ព្យាបាល​មាន​ប្រសិទ្ធភាព ការ​ព្យាបាល​មិន​ចំណាយ​លុយ និង​អាច​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា រាប់​ម៉ឺន​នាក់​ក្នុង​មួយៗ​ឆ្នាំ ប៉ុន្តែ​នៅ​របង​ខាង​ក្រៅ​នៃ​មន្ទីរពេទ្យ​នេះ មិន​មាន​បង់ កៅអី ឬ​រោង​សម្រាប់​ជ្រក បង្កើន​ភាព​ងាយ​ស្រួល​ជូន​ពលរដ្ឋ​អ្នក​ជំងឺ​ជ្រក​នោះ​ទេ។

ពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​ទីនោះ មាន​ក្តី​ប្រាថ្នា​មួយ​ជា​យូរ​មក​ហើយ គឺ​ពួក​គាត់​ចង់​បាន​កៅអី ឬ​រោង​សម្រាប់​ជ្រក និង​បង្គន់​អនាម័យ ដើម្បី​អាច​ការពារ​កម្ដៅ​ក្តៅ​ថ្ងៃ និង​អាច​បាំង​តំណក់​ទឹក​ភ្លៀង​កុំ​ឲ្យ​ធ្លាក់​ត្រូវ​កុមារា​កុមារី​ទាំងឡាយ​ដែល​មាន​ជំងឺ៖ «បាទ! មាន​តែ​ពេទ្យ​ហ្នឹង​មួយ​ទេ​ដែល​អាច​ជួយ​ឲ្យ​ក្មេងៗ​មាន​អាយុ​ជីវិត​បាន​រស់​បន្ត​ទៅ​ទៀត​ណា​អូន»

ពលរដ្ឋ​អ្នក​ជំងឺ​ម្នាក់​មក​ពី​ខេត្ត​កំពង់ចាម លោកស្រី វ៉ែន សុវណ្ណ មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្កើត​ក្តី​សោមនស្ស​សម្រាប់​ផ្លូវ​ចិត្ត​លោកស្រី។ ការ​រីករាយ​នេះ គឺ​កើត​ចេញ​ពី​ការ​សង្គ្រោះ​កូន​របស់​លោកស្រី​ដែល​មាន​ជំងឺ​ជាប់​កាយ ដោយ​ជិត​ដាច់​ខ្យល់​ទៅ​ទី​ឋាន​ដទៃ ឲ្យ​មាន​ដង្ហើម​ដក​ឡើង​វិញ តាម​រយៈ​ការ​ព្យាបាល​ជំងឺ​មិន​អស់​លុយ និង​មាន​ប្រសិទ្ធភាព​របស់​គ្រូពេទ្យ​នៅ​ទីនោះ។

«សំឡេង​ក្មេង​យំ​ង៉ាៗៗៗៗៗ»

ការ​កើត​មាន​ស្នាម​ញញឹម​លាយ​ទុក្ខ​នេះ មិន​មែន​កើត​មាន​ចំពោះ​តែ លោកស្រី វ៉ែន សុវណ្ណ ម្នាក់​នោះ​ទេ ប៉ុន្តែ​ក៏​កើត​មាន​លើ​កុមារា​កុមារី និង​ស្ត្រី​ដទៃ​ជាច្រើន​ផ្សេង​ទៀត​ដែល​មាន​ជំងឺ តែ​មិន​មាន​លុយ​សម្រាប់​ព្យាបាល និង​ខ្វះ​ភាព​ជឿជាក់​ចំពោះ​គ្រូពេទ្យ​មួយ​ចំនួន​នៅ​កម្ពុជា។

ជា​ថ្មី​ម្តង​ទៀត ប្រជាពលរដ្ឋ​អ្នក​ជំងឺ​ទាំង​នោះ ទទូច​ស្នើសុំ​នូវ​រោង​សម្រាប់​ជ្រក និង​កៅអី​សម្រាប់​អង្គុយ​នៅ​ខាង​ក្រៅ​របង​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ពី​រដ្ឋាភិបាល សប្បុរសជន ក្នុង​ន័យ​ជៀសវាង​ការ​អង្គុយ​ផ្ទាល់​លើ​ដី។

ជុំវិញ​ការ​ស្នើសុំ​របស់​ប្រជាជន​នេះ អ្នក​ឧកញ៉ា ម៉ុង ឬទ្ធី អះអាង​ថា នៅ​ដើម​ខែ​ធ្នូ ខាង​មុខ​នេះ លោក​នឹង​នាំ​យក​រោង​សម្រាប់​ជ្រក​ទៅ​ដាក់​ជូន​ពលរដ្ឋ​អ្នក​ជំងឺ ដែល​ទៅ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ឲ្យ​គ្រប់​ចំនួន ដើម្បី​សម្រួល​ការ​រង់ចាំ​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​នោះ។ លោក​បន្ត​ថា លោក​ក៏​នឹង​សាងសង់​បង្គន់​អនាម័យ​ជូន​ពលរដ្ឋ​ដែរ ដើម្បី​អាច​សម្រួល​ក្នុង​ពេល​បន្ទោបង់ និង​ការ​ផ្តល់​ជូន​នូវ​ទឹក​ដែល​មាន​អនាម័យ​ឲ្យ​ពលរដ្ឋ​អ្នក​ជំងឺ​បាន​ប្រើប្រាស់៖ «ជា​ទឹក​ចិត្ត​សប្បុរស​របស់​ខ្ញុំ ហើយ​ខ្ញុំ​ជួយ​ដោយ​ស្មោះ​ទេ មិន​ចង់​បាន​អ្វី​នោះ​ទេ ហើយ​ក៏​មាន​សប្បុរសជន​មួយ​ចំនួន​ចូលរួម​ផង​ដែរ»

កាល​ពី​ពេល​កន្លង​ទៅ ប្រធាន និង​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក​វេជ្ជបណ្ឌិត ប៊េត រីច្ឆនឺរ (Beat Richner) ប្រកាស​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​នៃ​ប្រទេស​ស្វីស និង​សហគមន៍​អឺរ៉ុប ឲ្យ​ជួយ​ផ្តល់​ថវិកា​បន្ថែម​ដើម្បី​អាច​ឲ្យ​មន្ទីរពេទ្យ​នេះ​អាច​ដំណើរ​បាន ១០​ឆ្នាំ​ទៅ​មុខ​ទៀត។

មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​ឆ្នាំ​២០១៥ មាន​លុយ​ជំនួយ ៤៥​លាន​ដុល្លារ​អាមេរិក​សម្រាប់​ផ្គត់ផ្គង់​ការ​ព្យាបាល។ មន្ទីរពេទ្យ​គន្ធបុប្ផា មាន​បុគ្គលិក​ទាំងអស់ ២.៥០០​នាក់។ បុគ្គលិក​ម្នាក់ៗ​មិន​អាច​មាន​សិទ្ធិ​ធ្វើ​ការ​នៅ​មន្ទីរពេទ្យ​ផ្សេង​នោះ​ឡើយ។ មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ភ្នំពេញ​មាន​ទីតាំង​ក្បែរ​វត្ត​ភ្នំ និង​ឆៀង​ខាង​ត្បូង​នៃ​ព្រះបរមរាជវាំង និង​មួយ​កន្លែង​ទៀត​នៅ​ទី​រួម​ខេត្ត​សៀមរាប។

ប្រធាន​រដ្ឋបាល​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា លោក មាស សារិទ្ធ មាន​ប្រសាសន៍​ថា ក្នុង​មួយ​ថ្ងៃ មន្ទីរពេទ្យ​គន្ធបុប្ផា ចំណាយ​លុយ​លើ​ការ​ព្យាបាល​ជំងឺ​ប្រមាណ ១២​ម៉ឺន​ដុល្លារ ហើយ​ក្នុង​មួយ​ឆ្នាំ​ចំណាយ​ប្រមាណ​ជាង ៤២​លាន​ដុល្លារ។ មន្ទីរពេទ្យ​គន្ធបុប្ផា ចាប់​ផ្តើម​ប្រកាស​រក​ជំនួយ​ពី​សប្បុរសជន​នៅ​ប្រទេស​កម្ពុជា នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៣។

កុមារ​ជាង ៣.០០០​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​ដោយ​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​រៀង​រាល់​ថ្ងៃ។ កុមារ​ទាំង​នោះ ភាគ​ច្រើន​មាន​ជំងឺ​ធ្ងន់​ប្រមាណ ៨៥% ហើយ​កុមារ​ដែល​មាន​ជំងឺ​គ្រុន​ឈាម ៩២% បាន​ទៅ​រក​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា។

របាយការណ៍​ធនាគារ​ពិភពលោក (World Bank) បង្ហាញ​ថា ប្រជាជន​ជាង ៣​លាន​នាក់​មាន​ជីវភាព​ក្រីក្រ ហើយ​ជាង ៨​លាន​នាក់ មាន​ជីវភាព​ជិត​ក្រ។ របាយការណ៍​ដដែល​បង្ហាញ​ថា កុមារ​កម្ពុជា ប្រហែល ៤២% ដែល​មាន​អាយុ​ក្រោម ៥​ឆ្នាំ គឺ​កង្វះ​អាហារូបត្ថម្ភ ហើយ​ពាក់​កណ្ដាល​នៃ​ប្រជាជន​កម្ពុជា មិន​ទាន់​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​ត្រឹមត្រូវ។

មាត្រា ៧២ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​ថា សុខភាព​របស់​ប្រជារាស្ត្រ​ត្រូវ​បាន​ធានា។ រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ការពារ​ជំងឺ និង​ព្យាបាល​ជំងឺ។ ប្រជារាស្ត្រ​ក្រីក្រ ត្រូវ​បាន​ទទួល​ពិនិត្យ​រោគ​ដោយ​ឥត​បង់​ថ្លៃ​នៅ​តាម​មន្ទីរពេទ្យ គិលានដ្ឋាន និង​មន្ទីរ​សម្ភព​សាធារណៈ។ រីឯ​មាត្រា ៧៣ ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កុមារ និង​មាតា។ រដ្ឋ​រៀបចំ​ឲ្យ​មាន​ទារកដ្ឋាន និង​ជួយ​ឧបត្ថម្ភ​នារី​ដែល​មាន​កូន​ច្រើន​ក្នុង​បន្ទុក ហើយ​ឥត​ទី​ពឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។