តម្លៃ​ស្រូវ​ថោក​នៅ​តែ​ចោទ​ជា​បញ្ហា​ចំពោះ​កសិករ

ប្រជាកសិករ​ខ្មែរ​ដែល​រស់​នៅ​ពឹង​ផ្អែក​លើ​របរ​ធ្វើ​ស្រែ បន្ត​រងគ្រោះ​ដោយ​បញ្ហា​តម្លៃ​ស្រូវ​ថោក ខណៈ​ដែល​អង្ករ​កម្ពុជា កំពុង​ដណ្ដើម​បាន​ចំណែក​មួយ​ចំនួន​ក្នុង​ទីផ្សារ​អន្តរជាតិ។ កសិករ និង​អាជីវករ​ស្រូវ​អះអាង​ថា ពួកគេ​បាន​ខាតបង់​ច្រើន​ក្នុង​មុខ​របរ ហើយ​មក​ទល់​នឹង​ពេល​នេះ​មិន​មាន​ភាគី​ពាក់ព័ន្ធ​ណា​អាច​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​បាន​នៅ​ឡើយ។

រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ស្ដីពី “ការ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ” កាល​ពី​ឆ្នាំ​២០១០ ក្នុង​គោល​បំណង​ជំរុញ​ផលិតកម្ម​ស្រូវ​ឱ្យ​ក្លាយ​ជា "មាស​ស” នៅ​ក្នុង​ទីផ្សារ​ពិភពលោក។ វិធានការ​គោលនយោបាយ​សំខាន់ៗ​តាម​ដំណាក់កាល​ដែល​រដ្ឋាភិបាល​អនុវត្ត​រួម​មាន វិធានការ​ពាក់ព័ន្ធ​នឹង​ការ​ជំរុញ​ផលិតកម្ម​ស្រូវ វិធានការ​ប្រមូល​ទិញ និង​កែច្នៃ​ស្រូវ វិធានការ​រៀបចំ​ប្រព័ន្ធ​សម្រួល​ការ​នាំ​ចេញ និង​វិធានការ​ស្វែង​រក​ទីផ្សារ។

យ៉ាង​នេះ​ក្តី  គេ​សង្កេត​ឃើញ​តម្លៃ​ស្រូវ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ការ​ធ្លាក់​ចុះ​ច្រើន។ កសិករ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​នៅ​ខេត្ត​តាកែវ ជាដើម បាន​ត្អូញត្អែរ និង​លើក​ជា​បញ្ហា​នេះ​ឡើង​ក្នុង​បំណង​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ។

អនុ​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក​ឧកញ៉ា គឹម សាវុធ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នៅ​កម្ពុជា គឺ​ជា​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ផលិតផល​កសិកម្ម​ជា​សាកល។ លោក​អះអាង​ថា របត់​បែប​នេះ គឺ​មិន​មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​ការ​សម្រប​តាម​ស្ថានភាព​ទីផ្សារ​អន្តរជាតិ​នោះ​ទេ។

លោក​ឧកញ៉ា គឹម សាវុធ៖ «រឿង​តម្លៃ​អន្តរជាតិ​ចុះ​ថោក អា​ហ្នឹង​យើង​អត់​ដឹង​ធ្វើ​ម៉េច​ទេ ពីព្រោះ​មួយ​រយៈ​នេះ​ផលិតផល​កសិកម្ម​មិន​មែន​តែ​អង្ករ​ទេ អ្វី​ក៏​ចុះ​ដែរ​ឱ្យ​តែ​ផលិតផល​កសិកម្ម​ចុះ​ទាំង​អស់។ រឿង​អ្នក​សារព័ត៌មាន​សួរ​ថា តើ​វិធានការ​យ៉ាង​ម៉េច​លើក​តម្លៃ ជា​ទូទៅ​សហព័ន្ធ​យើង​ប្រឹង​ធ្វើ​ការ​នេះ​គឺ​ដើម្បី​លើក​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​យើង​ហើយ។ ប៉ុន្តែ​អ្វី​ដែល​ជា​កត្តា​សត្យានុម័ត គឺ​ទីផ្សារ​អន្តរជាតិ។ អ្វី​ដែល​យើង​អាច​ធ្វើ​បាន គឺ​សុំ​ឱ្យ​គាត់​ដាំ​ដុះ​ពូជ​ល្អ​ដែល​បរទេស​ចង់​បាន ហើយ​សុំ​ឱ្យ​គាត់​ប្ដូរ​ពូជ​ឱ្យ​ទៀងទាត់​ដើម្បី​លើក​តម្លៃ​ឱ្យ​បាន​ខ្ពស់»

សុខ ពុទ្ធីវុធ ៦២០
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ ក្នុង​ពេល​ចូល​រួម​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ​ឆ្នាំ​២០១៥ កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​២០១៥។ RFA/Yang Chandara

​ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ យល់​ឃើញ​ថា រដ្ឋាភិបាល ជាពិសេស​ក្រសួង​ពាណិជ្ជកម្ម គួរ​តែ​ប្រឹងប្រែង​ជាង​នេះ ដើម្បី​កុំ​ឱ្យ​កសិករ​ខាត​បង់​ក្នុង​មុខ​របរ​របស់​ពួកគេ។

លោក យ៉ង សាំងកុមារ ចង់​ឃើញ​រដ្ឋាភិបាល​អន្តរាគមន៍​ឱ្យ​បាន​ទាន់​ពេល​វេលា ជា​ជាង​ទុក​បណ្ដោយ​ឱ្យ​តម្លៃ​ស្រូវ​កាន់តែ​ធ្លាក់​ចុះ​ថែម​ទៀត៖ «ទី​មួយ យើង​ពន្លែង​លុយ​ខ្លះ​ដើម្បី​ទិញ​ស្រូវ​ទុក​ក្នុង​ស្រុក ហើយ​ទិញ​ក្នុង​តម្លៃ​អប្បបរមា មិន​មែន​ទិញ​ក្នុង​តម្លៃ​ថ្លៃ ហើយ​យក​ទៅ​លក់​វិញ​ខាត​នោះ​ទេ។ ទិញ​ទុក​ដើម្បី​កុំ​ឱ្យ​វា​ធ្លាក់​ចុះ​ទាប។ ទី​ពីរ គឺ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ទាំង​អស់​អំពាវនាវ​កុំ​ឱ្យ​ប្រជាកសិករ​បន្ទាន់​លក់​ស្រូវ ឱ្យ​គាត់​ទុក​សិន​ទៅ»

រហូត​មក​ទល់​ពេល​នេះ តម្លៃ​ស្រូវ​ក្រអូប​របស់​ប្រជាកសិករ​ខ្មែរ បាន​ធ្លាក់​ចុះ​នៅ​ចន្លោះ​ពី ៩០០ ទៅ ១.០០០​រៀល ក្នុង​មួយ​គីឡូក្រាម។ ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​នេះ ហាក់​ផ្ទុយ​ទៅ​នឹង​បរិបទ​ដែល​អង្ករ​កម្ពុជា កំពុង​ត្រូវ​បាន​អន្តរជាតិ​ទទួល​ស្គាល់​ជា​បណ្តើរៗ និង​ដណ្ដើម​បាន​ចំណែក​ទីផ្សារ​មួយ​ចំនួន។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ បាន​បញ្ជាក់​ថា តួលេខ​នៃ​ការ​នាំ​អង្ករ​ចេញ​ទៅ​បរទេស គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ មាន​ចំនួន​ប្រហែល ៤០៨.០០០​តោន ទៅ​កាន់ ៥៨​ប្រទេស ដែល​មាន​ក្រុមហ៊ុន​ប្រហែល ៧០ ចូល​រួម។

រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ចង់​នាំ​អង្ករ​ចេញ​ឱ្យ​បាន ១​លាន​តោន នៅ​ត្រឹម​ឆ្នាំ​២០១៥ ដើម្បី​ប្រែក្លាយ​កម្ពុជា ឱ្យ​ទៅ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​ដ៏​សំខាន់​មួយ​​នៅ​លើ​ពិភពលោក។  ប៉ុន្តែ​ក្តី​ស្រមៃ​នេះ​បាន​បរាជ័យ​ទៅ​វិញ ត្បិត​កម្ពុជា នៅ​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ស្រូវ​ដោះស្រាយ​ទាក់ទង​នឹង​រឿង​ស្រូវ​អង្ករ។

លោក សុខ ពុទ្ធីវុធ បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំង​នោះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វេទិកា​ស្រូវ​អង្ករ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា កន្លង​ទៅ៖ «គេ​ត្រូវការ​ច្រើន តែ​យើង​ផ្គត់ផ្គង់​ឱ្យ​គេ​បាន​អត់? ហើយ​តម្លៃ​យើង​ប្រកួតប្រជែង​ជាមួយ​គេ​បាន​អត់? ហើយ​គុណភាព​យើង​អាច​ថែរក្សា​នៅ​តែ​ល្អ​អ៊ីចឹង​បាន​អត់ ពេល​ដែល​ការ​នាំ​ចេញ​ហ្នឹង​វា​រីកចម្រើន​ច្រើន​ទៅៗ? អ៊ីចឹង​សុទ្ធ​តែ​ជា​បញ្ហា​ដែល​យើង​ត្រូវតែ​គិត​ដោះស្រាយ ទាំង​ពី​ពូជ របៀប​ដាំ សហគមន៍​កសិករ ឃ្លាំង​ដាក់​ស្រូវ ធនាគារ រហូត​ទៅ​ដល់​ម៉ាស៊ីន​កិន និង​ការ​នាំ​ចេញ ហើយ​និង​ការ​រៀបចំ​ឈ្មោះ​អង្ករ​យើង​ឱ្យ​កាន់​តែ​ល្បី»

របាយការណ៍​អំពី​ស្ថានភាព​នៃ​ការ​​នាំ​ចេញ​អង្ករ​កម្ពុជា ក្នុង​រយៈពេល ៩​ខែ​ដើម​ឆ្នាំ​២០១៥ របស់​ក្រសួង​កសិកម្ម បង្ហាញ​ថា កម្ពុជា​នាំ​អង្ករ​ចេញ​ទៅ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ជាង ៦០​ភាគរយ ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាង ១០​ភាគរយ និង​ប្រទេស​ដទៃ​ទៀត​ជាង ២៥​ភាគរយ។

​អង្ករ​ដែល​កម្ពុជា​នាំ​ចេញ គឺ​ប្រភេទ​អង្ករ​សមាន​ជិត ៤៧​ភាគរយ អង្ករ​ក្រអូប​ប្រហែល ៤៥​ភាគរយ និង​អង្ករ​ចំហុយ​ជិត ៩​ភាគរយ។ អង្ករ​ក្រអូប​របស់​កម្ពុជា មាន​ដូចជា អង្ករ​ផ្កា​ម្លិះ ផ្កា​រំដួល នាង​ម្លិះ នាង​ក្រអូប និង​សុមាលី ជាដើម។

ទាក់ទង​ទៅ​នឹង​រឿង​ស្រូវ​អង្ករ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា សហការ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​រៀបចំ “វេទិកា​ស្រូវ​អង្ករ​កម្ពុជា​លើក​ទី​៥” ចាប់ពី​ថ្ងៃ​ទី​២៤ ដល់ ២៦ ខែ​មករា ឆ្នាំ​២០១៦ ខាង​មុខ។ វេទិកា​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ម្ចាស់​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ សហគមន៍​កសិករ ក្រុមហ៊ុន​ដឹក​ជញ្ជូន តំណាង​អង្គ​ក្រសួង​ពាក់ព័ន្ធ និង​តំណាង​ដៃគូ​អន្តរជាតិ ហើយ​នឹង​ពិភាក្សា​គ្នា​លើ​បញ្ហា​ស្រូវ​អង្ករ ដើម្បី​ភាព​រីកចម្រើន​នៃ​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា។

គេ​រំពឹង​ថា ការ​កំណត់​បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​ក្នុង​ផលិតកម្ម​ស្រូវ​អង្ករ​រវាង​អ្នក​ពាក់ព័ន្ធ នឹង​ជួយ​ធ្វើ​ឱ្យ​អង្ករ​កម្ពុជា មាន​លទ្ធភាព​ប្រកួតប្រជែង​បាន​ក្នុង​តម្លៃ​មួយ​សមរម្យ ក្នុង​គុណភាព​ល្អ និង​មាន​កិត្តិនាម​ក្នុង​ទីផ្សារ​ពិភពលោក ដែល​អាច​ហុច​ផល​ឱ្យ​កសិករ​ខ្មែរ​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្នុង​មុខ​របរ​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។