​ការពិត​គួរឲ្យភ្ញាក់ផ្អើល ទាក់ទង​នឹង​វិធីសាស្ត្រ​សុវត្ថិភាព សម្រាប់​ការ​មាន​ផ្ទៃពោះ​ដ៏​មាន​សុខភាព​

​ការពិត​គួរឲ្យភ្ញាក់ផ្អើល ទាក់ទង​នឹង​វិធីសាស្ត្រ​សុវត្ថិភាព សម្រាប់​ការ​មាន​ផ្ទៃពោះ​ដ៏​មាន​សុខភាព​

​ប៉ុន្មាន​ខែ​ដំបូង នៃ​ការ​មាន​ផ្ទៃពោះ​នេះ គឺជា​ពេលវេលា​ដ៏​សំខាន់ សម្រាប់​ការលូតលាស់​របស់​ទារ​ក​។ ឥឡូវ ការអនុវត្ត​នូវ​វិធីសាស្ត្រ​មួយចំនួន​តូច អាចជួយ​ការពារ​សុខភាព​ទារក និង​ខ្លួន​អ្នក​បាន​។

​ចូរ​ទទួលយក​ការថែទាំ ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ និង​រក្សា​ការ​ណាត់ជួប ជាមួយ​គ្រូពេទ្យ​
​ការថែទាំ​យ៉ាង​ល្អ ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់ ដើម្បី​អ្នក និង​កូន​មាន​សុខភាព​ល្អ​។ ការជួប​គ្រូពេទ្យ នៅពេល​មាន​ផ្ទៃពោះ​ដំបូង (​ច្រើន​តែ​ជុំវិញ ៨ សប្តាហ៍​) អ្នក​នឹង​ត្រូវ​បាន​ពិនិត្យ រកមើល​បញ្ហា​ផ្សេងៗ ដែល​អាច​ក្លាយទៅជា ផលវិបាក​ដល់​គភ៌​។ បើសិន​ជា​អ្នក​មិនទាន់​ជ្រើសរើស​គ្រូពេទ្យ និង​រៀប​គម្រោង​ជួប​គ្រូពេទ្យ​ទេ ចូរ​ធ្វើ​វា​ឥឡូវនេះ​ទៅ​។

​ប្រើ​ថ្នាំ​វីតាមីន ពេល​មាន​ផ្ទៃពោះ​
​ថ្នាំ​បំប៉ន​ពេល​មាន​ផ្ទៃពោះ ភាគច្រើន ផ្ទុក​ទៅដោយ​អាស៊ីតហ្វូលិ​ក (​វីតាមីន B9) ជាតិ​ដែក និង​កាល់ស្យូម ច្រើន​ជាង​ក្នុង​ថ្នាំ​វីតាមីន​ចម្រុះ​ស្តង់ដារ​ទៅទៀត​។ ស្ត្រី​មាន​ផ្ទៃពោះ ត្រូវការ​ជីវជាតិ​ទាំងនេះ ច្រើន​ជាង​ធម្មតា (​ចូរ​គិតថា មិន​ត្រូវ​ប្រើ​វីតាមីន លើស​កម្រិត​ទេ ព្រោះ​វា​អាច​បណ្តាលឲ្យ​គ្រោះថ្នាក់​បាន​)​។

​អ្វី​ដែល​សំខាន់ គឺ​ត្រូវ​ទទួល​ទាន​ជាតិ​អាស៊ីតហ្វូលិ​ក ឲ្យបាន​គ្រប់គ្រាន់ ខណៈពេល​កំពុង​តែ​ព្យាយាម​ចង់​មាន​ផ្ទៃពោះ និង​អំឡុងពេល​មាន​ផ្ទៃពោះ នៅ​ត្រីមាស​ទីមួយ ព្រោះ​វា​អាច​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ កូន​កើត​មក​ខូច​អវៈយវៈ ដូចជា ពក​ឆ្អឹងខ្នង​ជាដើម​។

​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ អំពី​ថ្នាំ​ដែល​អ្នក​កំពុងតែ​ប្រើប្រាស់​
​ថ្នាំ​ជាច្រើន (​ទោះបីជា​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​ក៏ដោយ​) សុទ្ធតែ​គ្មាន​សុវត្ថិភាព ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​។ បើសិន​ជា​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​ណាមួយ មិន​ត្រូវ​បញ្ឈប់​វា​ភ្លាមៗ​ទេ លុះត្រាតែ​មាន​ការណែនាំ​ពី​គ្រូពេទ្យ ថា​ធ្វើ​ដូចម្តេច ទើប​មាន​សុវត្ថិភាព​។ ដូច្នេះ ចូរ​បញ្ជាក់​នូវ​អ្វីៗ​ទាំងអស់ អំពី​រឿង​នេះ​ផង ទោះបីជា​ថ្នាំ​បំប៉ន ឬ​ថ្នាំ​ឬ​ស​ឈើ​ណាមួយ​ក៏ដោយ​។
​ការពិត​គួរឲ្យភ្ញាក់ផ្អើល ទាក់ទង​នឹង​វិធីសាស្ត្រ​សុវត្ថិភាព សម្រាប់​ការ​មាន​ផ្ទៃពោះ​ដ៏​មាន​សុខភាព​
​ឈប់​ជក់បារី​
​ការជក់បារី បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​ជាច្រើន ដូចជា រលូត​កូន បញ្ហា​លើ​សុក និង​កូន​កើត​មិន​គ្រប់​ខែ​ជាដើម​។ លើសពីនេះទៅទៀត វា​នឹង​បន្ថយ​ការលូតលាស់​របស់​ទារ​ក និង​ប្រឈម​កាន់តែខ្លាំង នឹង​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ និង​កើតមក​ស្លាប់​។ ការស្រាវជ្រាវ​មួយ​ចំនួន បាន​ភ្ជាប់​ទំនាក់ទំនង​នៃ​ការជក់បារី ថា​វា​ធ្វើឲ្យ​កុមារ ប្រឈម​មុខ​កាន់តែច្រើន នឹង​ជំងឺ​ឆែបមាត់​ពី​កំណើត​។
​ការពិត​គួរឲ្យភ្ញាក់ផ្អើល ទាក់ទង​នឹង​វិធីសាស្ត្រ​សុវត្ថិភាព សម្រាប់​ការ​មាន​ផ្ទៃពោះ​ដ៏​មាន​សុខភាព​
​ការឈប់​ជក់បារី មិនមែន​ជា​រឿង​ដែល​និយាយថា យឺត​ពេល​នោះ​ទេ ហើយ​បារី​មួ​យ​ដើមៗ មិន​អាច​ជួយ​ឲ្យ​កូន​ក្នុងផ្ទៃ មាន​សុខភាព​ល្អ​ជាង​មុន​បាន​ដែរ​។

​ឈប់​ផឹកស្រា​
​ទោះបីជា​ការ​ញ៉ាំ​ស្រា​តែ​តិចតួច​ក៏ដោយ ក៏​អាច​បង្កើន​ហានិភ័យ​ដល់​កូន កើត​មិន​គ្រប់​ទម្ងន់ និង​មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​ការរៀនសូត្រ និយាយ ការយកចិត្តទុកដាក់ ភាសា និងរ​ពិស​ជ្រុល​ដែរ​។ គ្មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ថា តើ​ចំនួន​ជាតិ​អាល់កុល ឬ​ស្រា​ប៉ុណ្ណា អាច​នាំ​គ្រោះថ្នាក់ ដល់​ការលូតលាស់​របស់​ទារ​ក​ទេ ដូច្នេះ យើង​ត្រូវតែ​ឈប់​ផឹកស្រា​ទាំងអស់គ្នា​។

​ចូរ​ប្រាកដថា​ផ្ទះ និង​ការងារ​របស់​អ្នក​មាន​សុវត្ថិភាព​
​ការងារ ឬ​ទម្លាប់​មួយ​ចំនួន អាច​បណ្តាល​ឲ្យ​អ្នក និង​កូន​ក្នុង​ផ្ទៃ​គ្រោះថ្នាក់​បាន​។ បើសិន​ជា​អ្នក​ចេះ​តែ ទៅ​ប៉ះពាល់​នឹង​សារធាតុ​គីមី ជាតិ​លោហៈ​ធ្ងន់ៗ (​ដូចជា​សំណរ ឬ​បា​រ៉​ត​) របស់​ដែល​មាន​ភ្នាក់ងារ​ជីវសាស្ត្រ ឬ​ការបាញ់​កាំរស្មី អ្នក​ត្រូវ​តែ​ផ្លាស់ប្តូរ​ទម្លាប់​នេះ ឲ្យបាន​ឆាប់​តាម​តែ​អាច​ធ្វើទៅបាន​។

​ចូរ​ចាំ​ថា ផលិតផល​លាង​សម្អាត ថ្នាំ​សម្លាប់​សត្វល្អិត ទឹក​សុល​វ៉ង់ និង​ជាតិ​សំណរ​ដែល​មាន​ក្នុង​ទឹក ចេញពី​ក្បាល​រ៉ូមី​ណេ​ចាស់ៗ សុទ្ធ​តែ​អាច​បង្ក​គ្រោះថ្នាក់​បាន​ទាំងអស់​។ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឆ្មប​អំពី​អ្វី ដែល​អ្នក​ត្រូវ​ធ្វើ​រាល់ថ្ងៃ ដើម្បី​ពិតជា​អាច​ចៀសវាង​ផុត ឬ​កាត់​បន្ថយ​ភាពគ្រោះថ្នាក់​ក្នុងផ្ទះ និង​កន្លែង​ធ្វើការ​បាន​៕
 
​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។