អា​មេ​រិ​ក​ប្រកាស​អាសន្ន​ពិភពលោក​លើ​ការ​ធ្វើ​ដំណើរ​បណ្តាល​មក​ពី​ការ​គំរាមកំហែង​ភេរវកម្ម

សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បាន​ចេញ​ការ​ប្រកាស​អាសន្ន​ពិភពលោក​លើ​គ្រោះថ្នាក់​នៃ​ការ​ធ្វើ​ដំណើរ​សម្រាប់​ជនជាតិ​ខ្លួន​នៅ​ទូ​ទាំង​ពិភពលោក​មក​ពី​ការ​កើនឡើង​នៃ​ការ​គំរាមកំហែង​ភេរវកម្ម ។

ក្រសួងការបរទេស​អា​មេ​រិ​ក​ក្នុង​សេចក្តី​ប្រកាស​មួយ​លើក​ឡើង​ពី​ព័ត៌មាន​បច្ចុប្បន្ន​ទាំងឡាយ​ដែល​នាំ​ឱ្យ​គេ​គិត​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្រុម​អាល់​កៃ​ដា ក្រុម​បូ​កូ​ហា​រ៉ា​ម និង​ក្រុម​ភេរវកម្ម​ឯទៀត​ៗ​បន្ត​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ក្នុង​តំបន់​ជា​ច្រើន ហើយ​ក៏​រៀបរាប់​ដែរ​ពី​ការ​វាយប្រហារ​នា​ពេល​ថ្មី​ៗ​នេះ​នៅ​ប្រទេស​បារាំង នី​ហ្សេ​រី​យ៉ា ដា​ណឺ​ម៉ាក តួ​ក​គី និង​ម៉ា​លី ។

ក្រសួងការបរទេស​អា​មេ​រិ​កបាន​ព្រមាន​ថា អាជ្ញាធរ​យល់​ថា នៅ​តែ​មាន​លទ្ធភាព​នៃ​ការ​វាយប្រហារ​ភេរវកម្ម​នានា ខណៈ​ដែល​បណ្តា​សមាជិក​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វិល​ត្រឡប់​មក​ពី​ស៊ី​រី និង​អ៊ីរា់ក់ ។ បែប​នេះ​ចង់​និយាយ​សំដៅលើ​ពួក​យុទ្ធ​ជនបរទេស​ដែល​វិល​មក​កាន់​ប្រទេស​កំណើត​ពួក​គេ​វិញ បន្ទាប់​ពី​ចូលរួម​ប្រយុទ្ធ​ក្នុង​ជួរ​អង្គការ​ជី​ហា​ដ ។

សេចក្តី​ប្រកាស​អាសន្ន​បន្ត​ថា ពួក​ជ្រុលនិយម​ជ្រើសរើស​គោលដៅ​វាយប្រហារ​បណ្តា​ព្រឹត្តិការណ៍​កីឡា សាល​មហា​ស្រព ផ្សារ​ទាំងឡាយ​ដែល​មាន​មនុស្ស​កុះករ ឬ​សេវាកម្ម​តាម​ផ្លូវអាកាស ។

ក្រសួង​នេះ​លើក​ជា​ឧទាហរណ៍​ការ​វាយប្រហារ​ភេរវកម្ម​ចុង​ក្រោយ​ទាំងឡាយ​ពិសេស​នៅ​ក្រុងប៉ារីស និង​នៅ​ស្តា​ត​បារាំង​កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ឬ​ការ​វាយប្រហារ​ប្រឆាំង​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង ពីលើ​តំបន់​ស៊ី​ណៃ​អុ​ី​អេ​ហ្ស៊ី​ប​កាលពី​ដំណាច់​ខែតុលា ៕