ធ្លាក់​ឧទ្ធម្ភាគចក្រ​យោធា​អា​មេ​រិ​កមួយ​គ្រឿង​នៅ​កូរ៉េ​ខាងត្បូង

យោង​តាម YONHAP ថា ក្រោយ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​វាយប្រហារ​អា​មេ​រិ​ក​ធុន AH-64 APACHE មួ​យ​គ្រឿង​កាលពី​យប់​ថ្ងៃ​ទី​២៣ វិច្ឆិកា នៅ WONJU ខេត្ត GANGWON កងទ័ព​អា​មេ​រិ​កបាន​បញ្ជូន​ក្រុម​ស្រាវជ្រាវ​មួយ​ទៅ​កាន់​ទីនោះ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ដោយ​ស៊ីជម្រៅ ហើយ​ប្រមូល​បំណែក​ឧទ្ធម្ភាគចក្រ​នេះ ។

ប្រមាណ​ជា​២០​នាទី​បន្ទាប់​ពី​ហោះ​ចេញពី​មូលដ្ឋាន​យោធា​អា​មេ​រិ​ក PYEONGTAEK ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ហ្វឹកហ្វឺន​ពេល​យប់​ហោះ​ក្នុង​កម្ពស់​ទាប ឧទ្ធម្ភាគចក្រ​នេះ​របស់​កងពលធំ​ជើង​គោក​ទី​២ នៃ​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង​បាន​ធ្លាក់​នា​វេលា​ម៉ោង​ប្រមាណ​ជា​១៨​និង​២២​នាទី​ម៉ោង​ក្នុង​ស្រុកលើ​ផ្លូវថ្នល់​តំបន់​លេខ​៥៣១ បណ្តាល​ឱ្យ​អ្នក​បើក​២​នាក់​ជិះ​ក្នុង​នោះ​ស្លាប់ ។ ការ​ធ្វើ​ចរាចរណ៍​លើ​ផ្នែក​មួយ​នៃ​ផ្លូវ​តំបន់​នោះ​ត្រូវ​បិទ​ក្រោយ​គ្រោះថ្នាក់​នេះ ។ បំណែក​ឧទ្ធម្ភាគចក្រ​នៅ​រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ​រួច​ខ្សែកាប​អគ្គិសនី​តង់ស្យុង​ខ្ពស់​ស្ថិត​នៅ​ក្បែរ​ត្រូវ​កាត់​ផ្តាច់ ។

ក្រុម​អា​មេ​រិ​ក​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​ប៉ុនប៉ង​កំណត់​មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់ ដោយ​សន្និដ្ឋាន​ថា វា​អាច​ដោយសារ​បញ្ហា​បច្ចេកទេស ឬ​ការ​បុក​ជាមួយ​ខ្សែកាប​អគ្គិសនី ។

កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ក្នុង​ពេល​បំពេញបេសកកម្ម​ហ្វឹកហ្វឺន​ជា​ទៀងទាត់​អ្នក​បើក​ទាំង​២​នាក់​បាន​ត្រូវ​ស្លាប់​ពេល​ឧទ្ធម្ភាគចក្រ​ពួក​គេ​ធ្លាក់ ៕