បារាំង​ពិតជា​សម្រេច​ធ្វើការ​វាយប្រហារ​ពុំ​ត្រា​ប្រណី​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ប្រទេស​បារាំង​កាលពី​ថ្ងៃ​ទី​២៣ វិច្ឆិកា បានឱ្យ​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន​ធ្វើការ​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​១០​ថ្ងៃក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។

បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន RAFALE ផ្ទុក​លើ​នាវា CHARLES DE GAULLE បាន​ចេញ​វាយប្រហារ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អុ​ី​រ៉ា​ក់​បន្ទាប់​មក​នៅ​ស៊ី​រី​ជា​លើក​ដំបូង​ចាប់តាំងពី​នាវា​នេះ​ត្រូវ​ដាក់​ពង្រាយ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ភាគ​ខាងកើត​ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ស៊ី​រី ។

នាយសេនាធិការ​កងទ័ព​បារាំង​ឧត្តមសេនីយ៍ PIERRE DE VILLIERS នៅ​លើ​នាវា​ផ្ទុក​យន្តហោះ​នេះ​ថ្លែង​ថា ការ​វាយប្រហារ​នោះ​ធ្វើ​ដោយ​ផ្ទាល់​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស ។ ទិស​ដៅ​របស់​យើង​ធ្វើ​ឱ្យ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ចុះ​ខ្សោយ​សំដៅ​កម្ទេច​ក្រុម​នេះ​ជា​ស្ថាពរ ។

សំដៅលើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ទីតាំង​របស់​គេ​ក្រុង​រ៉ា​កា​ភាគ​ខាងជើង​ស៊ី​រី បណ្តា​យន្តហោះ​ប្រដេញ​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ក្នុង​នោះ​មាន​មជ្ឈមណ្ឌល​ទីបញ្ជាការដ្ឋាន​មួយ កន្លែង​ស្តុក​ទុក​រថយន្ត និង​បណ្តា​រោង​ជាង​ជួសជុល ។ ក្រសួង​ការពារ​ប្រទេស​បារាំង​និយាយ​ថា បណ្តា​គោលដៅ​វាយប្រហារ​រង​ការ​កម្ទេច​ដោយ​យន្តហោះ​ចូលរួម​វាយប្រហារ​មាន​យន្តហោះ​ធុន RAFALE ៤​គ្រឿង​នៃ​នាវា​ផ្ទុក​យន្តហោះ និង​យន្តហោះ​ធុន MIRAGE 2000 ចំនួន​២​គ្រឿង​ហោះ​ចេញពី​ហ្ស​ក​ដា​នី ។ នា​ពាក់កណ្តាល​ថ្ងៃ​យន្តហោះ RAFALE ៤​គ្រឿង​នៃ​នាវា CHARLES DE GAULLE បាន​ជួយ​វាយប្រហារ​តាម​អាកាស​ទ្រទ្រង់​ដល់​កងទ័ព​អុ​ី​រ៉ា​ក់​ប្រឆាំង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម នៅ​តំបន់​ក្រុង​រ៉ា​ម៉ា​ឌី និង​ក្រុង​ម៉ូ​ស​ស៊ុ​ល ។

នា​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា ប្រធានាធិបតី​បារាំង​លោក​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដែល​ពេល​នេះ​ទៅ​កាន់​ក្រុង​វ៉ា​ស៊ី​ន​តោន​ថ្លែង​ថា យើង​នឹង​បង្កើន​ការ​វាយប្រហារ ហើយ​យើង​នឹង​ជ្រើសរើស​បណ្តា​គោលដៅ​ដែល​នឹង​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​កងទ័ព​ភេរវកម្ម ។

យោង​តាម​ប្រភព​យោធា​បារាំង​ថា បណ្តា​យន្តហោះ​ប្រដេញ​មាន​មូលដ្ឋាន​លើ​នាវា CHARLES DE GAULLE គឺ​យន្តហោះ​ធុន RAFALE និង​ធុន SUPER ETENDARD បាន​ហោះ​វាង​ប្រព័ន្ធ​ការពារ​អាកាស​ស៊ី​រី ដោយ​ហោះ​កាត់​ភាគ​ខាងជើង​តួ​ក​គី ឬ​ហ្ស​ក​ដា​នី​ភាគ​ខាងត្បូង ។

នៅ​ស៊ី​រី​ការ​វាយប្រហារ​តាម​អាកាស​ខ្លាំងក្លា​៣​លើក ចេញពី​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម និង​ហ្ស​ក​ដា​នី សំដៅ​រួច​ហើយ​លើ​បណ្តា​ម​ជ្ឈ មណ្ឌល​ហ្វឹកហ្វឺន និង​ទីបញ្ជាការដ្ឋាន​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្រោយ​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស ។

ម្យ៉ាងទៀត ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​អា​មេ​រិ​ក​ចាប់ផ្តើម​វាយប្រហារ​បណ្តា​ទីតាំង​ប្រេងកាត និង​ឧស្ម័ន​ដែល​ជា​ប្រភព​ហិរញ្ញវត្ថុ​សំខាន់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី ។

ចំណែក​ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ក៏​ចេញ​បញ្ជា​ឱ្យ​បណ្តា​យន្តហោះ​ប្រដេញ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​បង្កើន​ការ​វាយប្រហារ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែរ ។

លោក​ហូ​ឡង់ សង្ឃឹម​បញ្ចុះបញ្ចូល​អា​មេ​រិ​ក​ឱ្យ​បង្កើន​ថែម​ទៀត​ការ​វាយប្រហារ​នៅ​រុ​ស្ស៊ី និង​បញ្ចុះបញ្ចូល​រុ​ស្ស៊ី​ឱ្យ​បញ្ឈប់​ការ​វាយប្រហារ​លើ​ពួក​ប្រឆាំង​និយម​កណ្តាល​ស៊ី​រី ដើម្បី​ផ្តោត​តែ​លើ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕