គ្រូពេទ្យ​ជំនាញ ៖ “​បាក់ឆ្អឹង​” ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រសើរ​ជាង ការ​រក​គ្រូ​បុរាណ​អប​ឆ្អឹង​

គ្រូពេទ្យ​ជំនាញ ៖ “​បាក់ឆ្អឹង​” ត្រូវ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ប្រសើរ​ជាង ការ​រក​គ្រូ​បុរាណ​អប​ឆ្អឹង​

​ដើម្បី​ចែករំលែក បទពិសោធន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាក់ទង​ទៅនឹង​ការ​បាក់ឆ្អឹង លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ ម្ចាស់​គ្លីនិក​ឯកទេស​ឆ្អឹង Dr. SIK បាន​ផ្តល់​កិច្ច​សម្ភាសន៍​ពិសេស ដល់​គេហទំព័រ www.health.com.kh យើង​ដូច​ខាងក្រោម​នេះ ៖

លោក​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍​ឲ្យដឹងថា ពេល​បាក់ឆ្អឹង មិន​ថា​តិចតួច ឬ​ធ្ងន់ធ្ងរ​ទេ ការព្យាបាល​ដោយ​វេជ្ជបណ្ឌិត​ជំនាញ តាម​បែប​វេជ្ជសាស្ត្រ​សម័យ​បច្ចុប្បន្ន ទើប​ជា​ជម្រើស​ត្រឹមត្រូវ​។​

លោក​វេជ្ជបណ្ឌិត ស៊ិក ធីរៈ ៖ “​សម័យ​ឥឡូវ​ទំនើប​ណាស់ គ្រូពេទ្យ​ក៏​មាន​ជំនាញ​ដែរ ដូច្នេះ ការព្យាបាល​ឆ្អឹង​បាក់បែក មាន​ប្រសិទ្ធភាព​ខ្ពស់​ណាស់​។ មាន​ប្រសិទ្ធ​ខ្ពស់ ក៏​ទាមទារ​ការចូលរួម ពី​សំណាក់​អ្នកជំងឺ​ផង​ដែរ គឺថា អ្នកជំងឺ​ត្រូវ​មកជួប​គ្រូពេទ្យ​ជំនាញ​ភ្លាម ក្រោយពេល​ជួប​គ្រោះថ្នាក់ ពីព្រោះ ការព្យាបាល​កាន់តែ​លឿន គឺ​កាន់តែ​ងាយស្រួល និង​ឆាប់​ជាសះស្បើយ​”​។


​ពលរដ្ឋ​ខ្មែរ​មួយចំនួន នៅតែ​ចង់​រត់ទៅរក គ្រូ​បុរាណ​អប​ឆ្អឹង ដើម្បី​ព្យាបាល​បញ្ហា​របស់​គាត់ ទាក់ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត បាន​បន្ថែមទៀតថា ៖
“​ជា​ការពិត យើង​ទទួលស្គាល់ថា ក្នុង​ករណី​មួយ​ចំនួន​តូច គ្រូ​បុរាណ​អប​ឆ្អឹង ពិតជា​អាច​ជួយ​អ្នកជំងឺ​បាន​មែន ប៉ុន្តែ មិនមែន ១០០ ភាគរយ​នោះ​ទេ​។ ការ​បាក់ឆ្អឹង​តិចតួច ឬ​ការ​បាក់ឆ្អឹង​ធំ នៅ​ដើមដៃ ឬ​ស្មងជើង ក្នុង​ករណី​ខ្លះ គ្រូ​បុរាណ​អប​ឆ្អឹង អាច​ជួយ​ឲ្យ​ឆ្អឹង​នោះ​ជាប់​វិញ​បាន ប៉ុន្តែ អ្នកជំងឺ​ត្រូវ​ទទួលរង​ផលប៉ះពាល់ នៅ​ថ្ងៃក្រោយ​ទៀត ដូចជា ឆ្អឹង​ដែល​ជាប់​មិន​ត្រង់​ល្អ មាន​ដុះ​ឆ្អឹង​នៅ​កន្លែង​បាក់ ខូច​ទ្រង់ទ្រាយ​ដៃ ឬ​ជើង​”​។​

ទោះបីជា​យ៉ាងនេះក្តី លោក​វេជ្ជបណ្ឌិត បាន​ព្រមាន​ផងដែរ​ថា ៖ “​ប៉ុន្តែ ប្រសិនបើ​មាន ការ​ដាច់​រហែក​ស្បែក​ដោយ​ឆ្អឹង​បាក់ ឬ​ការ​បាក់ឆ្អឹង​នៅ​កន្លែង​សន្លាក់ ដូចជា កែងដៃ ជង្គង់ ឬ​កន្លែង​កាច់​បត់​ដ៏ទៃទៀត ដាច់ខាត​ត្រូវ​មក​ព្យាបាល នៅ​តាម​មន្ទីរពេទ្យ ឬ​គ្លីនិក​ឯកជន ដែល​មាន​ជំនាញ​ច្បាស់លាស់ ពីព្រោះ ប្រសិនបើ​មិន​បាន​ទទួល​ការព្យាបាល​ត្រឹមត្រូវ អ្នកជំងឺ​ត្រូវ​ប្រឈមមុខ​នឹង​ស្ថានភាព​ធ្ងន់ធ្ងរ ដូចជា ការឆ្លង​មេរោគ ការ​ហូរ​ឈាម​មិន​ឈប់ ហើយ​មិន​អាច​ធ្វើ​ចលនា​ដូចដើម​នោះទេ (​គាំង​សន្លាក់​)”​។​

​សរុបមក ដោយសារ​ការរីកចម្រើន នៃ​វិស័យ​សុខាភិបាល គ្រូពេទ្យ​ឥឡូវ មាន​សម្ភារៈ​វេជ្ជសាស្ត្រ​ទំនើបៗ រួម​ជាមួយ​ការព្យាបាល ដោយ​យកចិត្តទុកដាក់​ទៀត​នោះ មិន​យូរ​ទេ អ្នកជំងឺ​នឹង​ជាសះស្បើយ​ជា​មិនខានឡើយ​៕

អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។