សម្តេច ហ៊ុន សែន ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​

ភ្នំពេញ: សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រសៀល​ថ្ងៃទី​២៤​វិច្ឆិកា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ឬ​កូរ៉េខាងត្បូង នៅ​ស្ថានទូត​កូរ៉េ ប្រចាំ​កម្ពុជា​។​

​សម្តេច​តេ​ជោ ហ៊ុនសែន ក៏បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េខាងត្បូង ចំពោះ​មរណភាព​អតីត​ប្រធានាធិបតី លោក គីម យ៉ុង​សាម ដែល​បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​បញ្ហា​ជំងឺ កាលពី​ថ្ងៃទី​២២​វិច្ឆិកា​។​

​ក្នុង​សារលិខិត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានចាត់ទុក​លោក គីម យ៉ុង​សាម ជា​ថ្នាក់ដឹកនាំ​សំខាន់​ម្នាក់ ក្នុងការ​រួមចំណែក​យ៉ាងខ្លាំង ក្នុង​ការបង្កើតឡើងវិញ​ទំនាក់​ការទូត រវាង​ព្រះរាជណាចក្រ​កម្ពុជា និង​សាធារណៈរដ្ឋ​កូរ៉េ នៅ​ឆ្នាំ​១៩៩៧ ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ សម្រាប់​ទំនាក់ទំនង​ដ៏​ល្អប្រសើរ និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លា​ផ្កា នាពេល​បច្ចុប្បន្ន​។​

​លោក គីម យ៉ុង​សាម អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨៨​ឆ្នាំ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ លោក គីម កើត​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​១៩២៧ នៅ​ភាគ​ឥសាន នៃ​ឧ​ប​ទ្ធី​ប​កូរ៉េ​។​
 
​លោក គីម​យ៉ុង​សាម បាន​ជាប់ឆ្នោត​ធ្វើជា​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ ក្នុង​ឆ្នាំ​១៩៩២​។ លោក ជា​អ្នក ដែល​បានបញ្ចប់​របប​យោធា​ជាង ៣​ទសវត្ស ក្នុងប្រទេស​កូរ៉េខាងត្បូង​៕