កិច្ចព្រមព្រៀង ចំនួន ១០ ត្រូវបាន​ចុះហត្ថលេខា ខណៈដែល​បញ្ហា​បំណុល​រុស្ស៊ី មិនទាន់​ដោះស្រាយ​

ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុនសែន និង​លោកនាយក​រដ្ឋមន្ត្រី រុស្សី Dmitry Medvedev នា​ព្រឹក​ថ្ងៃទី​២៤​វិច្ឆិកា​នេះ នៅ​វិមាន​សន្តិភាព គឺមាន​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំងពីរ ចំនួន ១០ ត្រូវបាន​ចុះហត្ថលេខា​។ ក៏ប៉ុន្តែ​បញ្ហា​បំណុល ដែល​កម្ពុជា ជំពាក់​រុស្ស៊ី ត្រូវបាន​លើកឡើង តែ​មិន​ត្រូវបាន​ដោះស្រាយ​ទេ​។

​បន្ទាប់ពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា និង​រុស្ស៊ី បានធ្វើការ​ពិភាក្សាគ្នា លើ​បញ្ហា​បំពុល​ដែល​កម្ពុជា​ជំពាក់​រុស្ស៊ី ដោយ​ធ្វើយ៉ាងណា ដើម្បី​ឲ្យ​ភាគី​ទាំងពីរ ទទួលយកបាន​ទាំងសងខាង ពោលគឺ​ការពិភាក្សា​លើ​បញ្ហា​បំណុល​នេះ មាន​ភាព​វិជ្ជមាន​ជាច្រើន ប៉ុន្តែ​មិនទាន់មាន​លទ្ធផល​នៅឡើយ​ទេ​។​
 
​សេចក្តីរាយការណ៍​បង្ហា​ញ​ថា កម្ពុជា ស្នើ​ឲ្យ​រុស្ស៊ី​លុប​បំណុល ឬ​បង្វែរ​បំណុល ដែល​កម្ពុជា ជំពាក់​រុស្ស៊ី​នោះ ទៅជា​ជំនួយ​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា​។ បំណុល​ដែល​កម្ពុជា​បាន​ជំពាក់​រុស្ស៊ី ក្នុងសម័យ​សង្គ្រាម មាន​សរុប​ប្រមាណ ១.៥០០ លាន​ដុល្លារ​។ ប៉ុន្តែ​មកដល់ពេលនេះ ៧០​ភាគរយ នៃ​បំណុល​នោះ គឺ​ត្រូវបាន​រុស្ស៊ី​លុបចោល​ហើយ​។​

​លោក អៀង សុផល្លែត ក៏បាន​បន្ថែមថា ក្រៅពី​ពិភាក្សា​លើ​បញ្ហា​បំណុល​ក្នុងសម័យ​សង្គ្រាម សម្តេច ហ៊ុន សែន ក៏បាន​ស្នើអោយ​រុស្សី ធ្វើយ៉ាងណា​ឲ្យ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា      តាមរយៈ​ការនាំ​អង្ករ វាយ​ណ​ភណ្ឌ​កាត់ដេរ និង​ផលិតផល​ផ្សេងៗ​ទៀត​ពី​កម្ពុជា​ទៅ​រុស្សី ពិសេស​ជំរុញ​វិនិយោគទុន​រុស្ស៊ី មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ជំរុញ​ឧស្សាហកម្ម កែ​ច្នែ​ផលិតផល​កសិកម្ម​កម្ពុ​ជា អោយក្លាយ​ជា​ផ​លិ​ផល​សម្រេច ដើម្បី​នាំចេញ​ពី​ប្រទេស​រុស្ស៊ី​។

​សម្តេច​ហ៊ុនសែន ក៏បាន​ស្នើ​រុស្សី ធ្វើយ៉ាងណា​ជំរុញ​វិនិយោគទុន​របស់ខ្លួន មក​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា តាមរយៈ​ការភ្ជាប់​ការហោះហើរ​ត្រង់​ពី​រុស្ស៊ី​មក​កម្ពុជា​។

​លោក​អៀង​សុផល្លែត បន្តថា ជាការ​ឆ្លើយតប លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី បាន​ឯកភាព​ទាំងស្រុង ចំពោះ​ការលើកឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងន័យនេះ ដើម្បី​ជំរុញ​លើកស្ទួយ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ឧស្សាហកម្ម ថាមពល បច្ចេកវិទ្យា ព័ត៌មានវិទ្យា ដើម្បី​ធ្វើ​ឲ្យ​មាន​លំហូរ​ទំនិញ​កម្ពុជា ទៅកាន់ ប្រទេស​រុស្ស៊ី​។ លោក ឌី​មេ​ទ្រី មេ​ឌ​វេ​ដេ​វ ក៏បាន​ឯកភាព​ធ្វើការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី តប​តាម​សំណើរ​របស់​ភាគី​កម្ពុជា​ផងដែរ​។​

​ក្រោយពី​កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ  សម្តេច​តេ​ជោ ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី Dmitry Medvedev បាន​អញ្ជើញ​ជា​សាក្សី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ១០ រួមមាន​៖
​ទី​១- កិច្ចព្រមព្រៀង​ស្ដីពី​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស រវាង​រាជរដ្ឋាភិបាល​នៃ ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សហព័ន្ធរុស្ស៊ី ចុះហត្ថលេខា​ដោយ​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍​ស៊ីវិល និង​លោក Evgeny Ditrikh អនុរដ្ឋមន្ត្រី​ទី​១​នៃ​ក្រសួង​ដឹកជញ្ជូន​សហព័ន្ធរុស្ស៊ី​។
    
២- កិច្ចព្រមព្រៀង​ស្ដីពី​ការផ្លាស់ប្ដូរ​ព័ត៌មាន សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុស្ស៊ី ចុះហត្ថលេខា​ដោយ លោក ជា ចាន់តូ ទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​លោក Yury Chikhanchin ប្រធាន​អង្គភាព​ត្រួតពិនិត្យ​សេវា​ហិរញ្ញវត្ថុ​សហព័ន្ធរុស្ស៊ី​។
    
៣-​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហប្រតិបត្តិការ​និង​កិច្ចព្រមព្រៀង​បំពេញបន្ថែម រវាង​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) និង​ទីភ្នាក់ងារសារព័ត៌មាន SPUTNIK ចុះហត្ថលេខា​ដោយ លោកស្រី សុខ មុំ​និមល អគ្គនាយិកា​ទីភ្នាកងារសារព័ត៌មាន​កម្ពុជា និង​លោក Pavel Andrerv អនុប្រធាន​បោះ​ពុ​ម្ភ​ផ្សាយ​នៃ​ទីភ្នាក់ងារសារព័ត៌មាន​អន្តរជាតិ ROSSIYA SEGODNYA នៃ​សហព័ន្ធរុស្ស៊ី​។
    
៤-​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ចសហការ និង​កិច្ចសហប្រតិបត្តិការ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស "​រុស្ស៊ី​រួបរួម​" ចុះហត្ថលេខា​ដោយ​លោក សុខ អាន សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក Andrey Klimov សមាជិក​ប្រេ​ស៊ី​ឌី​យោ​ម នៃ​អគ្គ​ក្រុមប្រឹក្សា​នៃ​គណបក្សនយោបាយ​ទាំងអស់​របស់​រុស្ស៊ី​។
    
៥- អនុស្សារណៈ ស្ដីពី កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងសុខាភិបាល​នស​ស​ហ​ព័ន្ធ​រុស្ស៊ី ស្ដីពី កិច្ចសហការ​ក្នុង​វិស័យ​សុខាភិបាល ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​លោក Dmitry Tsvetko ឯកអគ្គរដ្ឋទូត​រុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។
    
៦- អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​វប្បធម៌​នៃ​សហព័ន្ធរុស្ស៊ី ចុះហត្ថលេខា​ដោយ​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូត​សហព័ន្ធរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។
    
៧- អនុស្សារណៈ​យោគយល់​គ្នា​រវាង​វិទ្យុជាតិ​កម្ពុជា និង​ទីភ្នាក់ងារសារព័ត៌មាន SPUTNIK ចុះហត្ថលេខា​ដោយ​លោក ទន់ សារ៉ាត់ អគ្គនាយក​វិទ្យុជាតិ​កម្ពុជា និង​លោក Pavel Adreev អនុប្រធាន​បោះ​ពុ​ម្ភ​ផ្សាយ​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ ROSSIYA SEGODNYA នៃ​សហព័ន្ធរុស្ស៊ី​។
    
៨- អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី ការសម្រួល​ការវិនិយោគ​ទុន រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហព័ន្ធរុស្ស៊ី ចុះហត្ថលេខា​ដោយ​លោក សុខ ចិន្ដា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោក Alexey Likhachev អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហព័ន្ធរុស្ស៊ី​។

៩- អនុស្សរណៈ​យោគយល់​គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ ក្នុ​ការប្រើប្រាស់​ថាមពលបរមាណូ សម្រាប់​បម្រើឱ្យ​គោលដៅ​អភិវឌ្ឍន៍​ដោយ​សន្តិភាព រវាង​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាជីវកម្ម​ថាមពលបរមាណូ​របស់​រដ្ឋ ( ROSATOM ) ចុះហត្ថលេខា​ដោយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក Nikolay Spasskiy នាយក​ប្រតិបត្តិ​រង​នៃ​ទំនាក់ទំនង​អន្តរជាតិ​នៃ​សាជី​កម្ម​ថាមពលបរមាណូ​រដ្ឋ (ROSATOM )​។

​ទី​១០- លក្ខខណ្ឌ​ការងារ​នៃ​ក្រុមការងារ​ជាន់ខ្ពស់ ស្ដីពី​ការជំរុញ​គម្រោង​វិនិយោគ​អាទិភាព​រួម​រវាង​កម្ពុ​ជា​-​រុស្ស៊ី ចុះហត្ថលេខា​ដោយ​តំណាង​ក្រសួងពាណិជ្ជកម្ម និង​លោក Alexey Likhachev អនុរដ្ឋមន្ត្រី​ទី​១ នៃ​ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហព័ន្ធរុស្ស៊ី​៕​