លទ្ធផល​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថាប័ន​ពី​ថ្ងៃ​សុក្រ​ដល់​ថ្ងៃ​ចន្ទ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​យុវជន​អន្តរក្រសួង​-​ស្ថា​ប័​ប​វគ្គ​ជម្រុះ​តាម​ពូ​ល​ដែល​បាន​ធ្វើ​ឡើង​ចាប់តាំងពី​ថ្ងៃ​សុក្រ​ទី​២០ វិច្ឆិកា កន្លង​មក​នោះ កាន់តែ​ខិត​ជិត​ឈាន​ចូល​ដល់ទី​បញ្ចប់​ហើយ ។

ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​ង​» កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ ក្រុម​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន បាន​យកឈ្នះ​ក្រុម​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​៣-០ និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ឈ្នះ​ក្រុម​ទីស្ដីការគណៈរដ្ឋមន្ត្រី​១-០ ។ នៅ​ក្នុង​ពូ​ល​«​ង​» នេះ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​នៅឡើយ​ទេ ប៉ុន្តែ​សម្រាប់​ក្រុម​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​បញ្ចប់​ការ​ប្រកួត​អស់ហើយ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ដោយ​ពូ​ល​ដោយ​ប្រកួត​៣​លើក ឈ្នះ​២ សើ្ម​១ មាន​៧​ពិន្ទុ ។ ចំណែក​ក្រុម​៣​ផ្សេង​ទៀត មាន​ក្រុម​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រុម​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រុម​ទីស្ដីការគណៈរដ្ឋមន្ត្រី​ស្ថិត​នៅ​ក្នុង​ភាព​ប្រទាញប្រទង់​គ្នា​នៅឡើយ​។

ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​ខ​» ក្រុម​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឈ្នះ​ក្រុម​ក្រសួង​ធម្មការ​និង​សាសនា​៩-០ និង​មួយ​ប្រកួត​ទៀត​ក្រុម​ក្រសួង​សង្គមកិច្ច​និង​ហិរញ្ញវត្ថុ ឈ្នះ​ក្រុម​ក្រសួងទេសចរណ៍ ៤-២ ។ នៅ​ក្នុង​ពូ​ល​«​ខ​» បញ្ចប់​ការ​ប្រកួត​អស់ហើយ ដោយ​ក្រុម​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល និង​ក្រុម​ក្រសួងទេសចរណ៍​ឈរ​នៅ​លេខ​រៀង​ទី​២ ។

ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​ឃ​»  កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ដែល​មាន​តែ​មួយ​ប្រកួត​នោះ​ក្រុម​ក្រសួងពាណិជ្ជកម្ម ឈ្នះ​ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ​២-១ ។ នៅ​ក្នុង​ពូ​ល​«​ឃ​» នេះ​គេ​រក​ឃើញ​ក្រុម​ដែល​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ហើយ គឺ​ក្រុម​សាលា​រាជធានី​ភ្នំពេញ​ឈរ​នៅ​លេខ​រៀង​ទី​១ និង​ក្រុម​ក្រសួងពាណិជ្ជកម្ម​ឈរ​នៅ​លេខ​រៀង​ទី​២ ។

ចំណែក​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​គ​» កាលពី​ថ្ងៃ​ចន្ទ ក្រុម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឈ្នះ​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា​៤-១ ។ ពូ​ល​នេះ​នៅ​មិន​ទាន់​បញ្ចប់​ការ​ប្រកួត​នៅឡើយ​នោះ​ទេ ។ ដោយឡែក​ការ​ប្រកួត​ជម្រុះ​នៅ​ក្នុង​ពូ​ល​«​ច​» ដែល​បាន​បញ្ចប់​ទៅ​ហើយ​នោះ ក្រុម​ដែល​ត្រូវ​ឡើង​ប្រកួត​វគ្គ​បន្ត​មាន​ក្រុម​ធនាគារជាតិ​នៃ​កម្ពុជា ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ពូ​ល និង​ក្រុម​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឈរ​នៅ​លេខ​រៀង​ទី​២​ក្នុង​ពូ​ល ៕