ម្នាក់​ស្លាប់​២​នាក់​របួស​ដោយសារ​បើក​ម៉ាស៊ីន​ច្រូត​ស្រូវ​ជាន់​មីន​តោន​នៅ​បាត់ដំបង

ប្រជាពលរដ្ឋ​នៅ​ស្រុក​បវេល ខេត្ត​បាត់ដំបង បើក​ម៉ាស៊ីន​ច្រូត​ស្រូវ​ជាន់​មីន​តោន​ផ្ទុះ​ស្លាប់​ម្នាក់ និង ២​នាក់​របួស​ធ្ងន់ ខណៈ​អ្នក​ទាំង​បី​​​​ដឹក​ស្រូវ​ដែល​ច្រូត​ហើយ​ទៅ​ទុក​នៅ​ទី​ទួល​​​ក្បែរ​ភ្លឺស្រែ​​នៅ​ចំណុច​ទួល​ធ្នង់ ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ ខាង​ត្បូង​​ភូមិ​ដង្កោប្រមាង ឃុំ​អំពិលប្រាំដើម ស្រុក​បវេល កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។

នាយ​រង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ឃុំ​អំពិលប្រាំដើម លោក ថ ណៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ថា ប្រជាពលរដ្ឋ​ដែល​រង​របួស​ធ្ងន់ ឈ្មោះ វៃ សារួម ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជា​​អ្នក​បើក​ម៉ាស៊ីន​ច្រូត​ស្រូវ​ រស់​នៅ​ភូមិ​តាទុក ឃុំ​បន្សាយត្រែង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​កម្មករ​បើក​ម៉ាស៊ីន​ច្រូត​ស្រូវ​​​ ឈ្មោះ​ លោក ដូន នួន អាយុ ៣២​ឆ្នាំ រស់​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា។ រី​ឯ​​ម្ចាស់​ស្រែ​ឈ្មោះ​លោក ឃឹម សីហា អាយុ ៣២​ឆ្នាំ​ រស់​នៅ​ភូមិ​ទំនប់ទឹក ឃុំ​បវេល ស្រុក​បវេល បាន​ស្លាប់​ខណៈ​ដឹក​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​អ៊ីមឺជេនស៊ី (Emergency) ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង។

លោក ថ ណៃ៖ «បាទ! ដើម​ហេតុ​ពី​​ដំបូង​ គឺ​ពួកគាត់​បើក​ម៉ាស៊ីន​ច្រូត​​​ស្រូវ​នៅ​​ក្នុង​វាល​​ស្រែ​ រួច​ហើយ​ក៏​នាំ​គ្នា​បើក​ម៉ាស៊ីន​ច្រូត​នោះ​ដឹក​ផល​ស្រូវ​ទៅ​ដាក់​នៅ​ទី​ទួល ស្រាប់​តែ​ផ្ទុះ​មីន​តែ​ម្ដង»

​​​​​​​​​​​​​បច្ចុប្បន្ន​សាកសព​អ្នក​ស្លាប់​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​​នៅ​ផ្ទះ​របស់​ជនរងគ្រោះ។ចំណែក​អ្នក​រង​របួស​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​នៅ​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។